ហ្ស៉ហ្គ៍ ប៉ុមពីឌូ ប្រធានាធិបតីធ្វើទំនើបកម្មបារាំងក្រោយសង្រ្គាមលោកលើកទី២
លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ កើតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩១ នៅស្រុកម៉ុងប៊ូឌីហ្វ ខេត្តកង់តាល់ ប្រទេសបារាំង។ លោកទទួលមរណភាពនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៤ នៅទីក្រុងប៉ារីស។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ គឺជាមន្រ្តីជាន់ខ្ពស់ និងជារដ្ឋបុរសបារាំង។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ គឺជា នាយករដ្ឋមន្រ្តីបារាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១០ កក្កដា ឆ្នាំ១៩៦៨ និង ជា ប្រធានាធិបតីសាធារណរដ្ឋបារាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦៩ រហូតដល់ថ្ងៃលោកទទួលមរណភាព។
លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ បានធ្វើជាគ្រូបង្រៀនមុននឹងចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ១៩៤៤ នៅក្បែរលោកស្ហាល៍ ដឺ ហ្គោ ហើយលោកបានក្លាយជាមនុស្សទុកចិត្តរបស់គាត់។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋទទួលបន្ទុកសេវាកម្មពិសេសដ៏មានកិត្តិយសនៅក្រុមប្រឹក្សារដ្ឋ នៅឆ្នាំ១៩៤៦។
នៅឆ្នាំ១៩៥៨ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ត្រូវបានតែងតាំងជានាយកនៃទីស្តីការក្រុមប្រឹក្សារដ្ឋមន្រ្តី និងចូលរួមរៀបចំបង្កើតរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទី៥ របស់បារាំង។
នៅឆ្នាំ១៩៦២ លោកស្ហាល់ ដឺ ហ្គោ ប្រធានាធិបតីសាធារណរដ្ឋបារាំង តែងតាំងលោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ជានាយករដ្ឋមន្រ្តី ដែលលោកបំពេញមុខងារបាន ៦ឆ្នាំ ដែលបានយូរបំផុតនៅវិមាន ម៉ាទីញ៉ុង គណរដ្ឋមន្រ្តីបារាំងនៃសាធារណរដ្ឋទី៥។
ដោយប្រាថ្នាធ្វើទំនើបកម្មប្រទេសបារាំង ជាពិសេស ខាងឧស្សាហកម្ម លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ បានដាក់ចេញនូវនយោបាយរៀបចំដែនដី មានការបង្កើតរដ្ឋបាលរៀបចំដែនដី និងសកម្មភាពតំបន់ និងមានគម្រោងការព្រលានយន្តហោះអន្តរជាតិថ្មី ប៉ារីសភាគខាងជើង ផែនការព្រិលទី១ ការអភិវឌ្ឍបណ្តាញផ្លូវល្បឿនលឿនជាដើម។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ក៏បានបង្កើតគម្រោងការនានា ដូចជា ផែនការកាល់គុល ផែនការស្វ័យភាពខាងព័ត៌មានវិជ្ជារបស់បារាំង និងយន្តហោះល្បឿនលឿនជាងសម្លេង កុងគ័ដ។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ក៏បានស្ថាបនាប៉ូលីសជាតិឡើងវិញ និងទីភ្នាក់ងារជាតិសម្រាប់ការងារ។
បន្ទាប់ពីការលាលែងតំណែងរបស់ប្រធានាធិបតីដឺហ្គោ ក្រោយពីបរាជ័យពីការធ្វើប្រជាមាតិ។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ បានឈឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនអណត្តិ។ លោកបានឈ្នះឆ្នោតជាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋជាមួយសម្លេង ៥៨,២% នៅជុំទី២។
នៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ដែលគេហៅថា ៣០ឆ្នាំ នៃភាពរុងរឿងរបស់ប្រទេសអភិវឌ្ឍ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ បន្តនយោបាយធ្វើទំនើបកម្ម ដែលមាននិមិត្តរូបដោយការប្រើប្រាស់យន្តហោះកុងក័ដ ដោយប្រធានាធិបតីបារាំង ការកកើតនៃក្រុមហ៊ុនឧស្សាហកម្មធំៗ និងការបង្កើតគម្រោងរថភ្លើងល្បឿនលឿន (TGV)។ រដ្ឋបារាំងបានវិនិយោគយ៉ាងខ្លាំងនៅក្នុងវិស័យផលិកម្មយានយន្ត កសិកម្មចំណីអាហារ ឧស្សាហកម្មដែកថែបស្លលោហៈ ទូរគមនាគមន៍ នុយក្លេអ៊ែរ វិស័យហោះហើរ និងអវកាស។
នយោបាយការបរទេសរបស់លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ចុះជាក់ស្តែងលើគោលការណ៍ដឺហ្គោ គឺឯករាជ្យភាពរបស់បារាំង ដោយត្រូវបានកត់សម្គាល់ដោយការឡើងកម្តៅនៃទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងទំនាក់ទំនងចង្អៀតជាមួយសហភាពសូវៀត។ លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ ក៏ដាក់ឲ្យដំណើរការនយោបាយដោះដូររូបិយវត្ថុអឺរ៉ុប ដំណើរការស្ថាបនាសហភាពអឺរ៉ុប និងការចូលរបស់អង់គ្លេសមកក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុបជាដើម។
ទោះបីជាសុខភាពលោកត្រូវចុះទន់ខ្សោយដោយជំងឺមហារីកដែលលោកលាក់បាំងពីប្រជាជនបារាំង លោកហ្ស៉ហ្គ៍ ប៉ុមពីឌូ បន្តមុខនាទីរហូតដល់ថ្ងៃទទួលមរណភាព មុនពីរឆ្នាំ មុនថ្ងៃបញ្ចប់អណត្តិ។