ជំនោរភ្លៀងដើមរដូវ នាំ សត្វជៀស ឡើងកូដដល់តម្លៃ៦ម៉ឺនរៀល ខណៈបណ្តាញសង្គមផ្ទុះការជជែកដេញដោល

ស្របពេលដែលតំណក់ភ្លៀងដើមរដូវចាប់ផ្តើមបង្អុរចុះមកជាបន្តបន្ទាប់ វាមិនត្រឹមតែផ្តល់ភាពត្រជាក់ត្រជុំដល់ដីស្រែចម្ការនោះទេ ប៉ុន្តែវាក៏បាននាំមកនូវលាភសក្ការៈពីធម្មជាតិសម្រាប់កសិករតាមបណ្តាខេត្តផងដែរ។ នាបច្ចុប្បន្ននេះ មុខម្ហូបពីសត្វជៀសកំពុងតែអង្រួនទីផ្សារអាហារស្រុកស្រែ និងបង្កើតជាការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម រហូតមានមតិខ្លះទាមទារឱ្យមានការអភិរក្សទៀតផង ខណៈតម្លៃរបស់វាស្ទុះឡើងរហូតដល់ចន្លោះពី ៥៥.០០០ រៀល ទៅ ៦០.០០០ រៀល ក្នុងមួយគីឡូក្រាម។

នៅក្នុងរាជធានីភ្នំពេញ អាជីវកម្មលក់សត្វជៀសកំពុងតែដំណើរការយ៉ាងរស់រវើក។ អង្គុយនៅមុខ អតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកនាង យ៉ង់ ចាន់ពិសី អាជីវករវ័យ ៣៣ ឆ្នាំ បានរៀបរាប់ទាំងស្នាមញញឹមថា សត្វជៀសស្រស់របស់អ្នកនាងលក់បានតម្លៃ ៥៥.០០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកឯជៀសដែលប្រឡាក់គ្រឿងរួចរាល់ មានតម្លៃរហូតដល់ ៥៨. ០០០ រៀល។ អ្នកនាងបានបន្តថា ជៀសរបស់លោកស្រីគឺម៉ៅទិញផ្ទាល់ពីកសិករនៅខេត្តព្រះវិហារ ក្រចេះ និងកំពង់ឆ្នាំង។ សត្វជៀសទាំងនេះជាជៀសធម្មជាតិពិតៗ មិនមែនជាជៀសចិញ្ចឹមទេ គឺពួកគាត់ដើរឆ្លុះចាប់តាមភ្លឺស្រែ ទើបបានជាទំហំវាមិនស្មើគ្នា មានតូចមានធំលាយឡំគ្នា។

មិនខុសគ្នាប៉ុន្មានឡើយ ងាកមកមើលអ្នកស្រី ចែ នាង ដែលជាអ្នកលក់សត្វជៀសស្រស់ម្នាក់ទៀតនៅម្តុំបែកចាន ក៏បានបង្ហាញពីឱកាសមាសក្នុងរបរនេះដែរ ដោយអ្នកស្រីអាចលក់ជៀសស្រស់បានរហូតដល់តម្លៃ ៦០.០០០ រៀល ក្នុងមួយគីឡូក្រាម ដោយសារតែការច្នៃប្រឌិតក្នុងការលក់ដូរ។ អ្នកស្រី ចែ នាង បានបង្ហើបពីយុទ្ធសាស្ត្រលក់ថា គាត់បានបង្ហោះលក់តាមហ្វេសប៊ុក ហើយមានភ្ញៀវកម្មង់ទិញច្រើន និងមានទីផ្សារល្អណាស់។ ជាមធ្យម អ្នកស្រីអាចលក់ដាច់ពី ២០ ទៅ ៣០ គីឡូក្រាមក្នុងមួយថ្ងៃ ហើយបើថ្ងៃណាស្ងាត់បំផុតក៏អស់ ១០ គីឡូក្រាមដែរ ព្រោះម៉ូយៗខ្លះគេទិញម្តង ៤ ទៅ ៥ គីឡូក្រាម យកទៅទុកហូបតែម្តង។ ចំពោះប្រភពសត្វជៀសទាំងនេះ គឺប្រមូលទិញពីកសិករនៅខេត្តសៀមរាប ក្រចេះ និងព្រះវិហារ។

ដោយឡែក លោក ជឹម រ៉ា អាជីវករម្នាក់ទៀតដែលកំពុងរកចំណូលបានយ៉ាងក្រាស់ក្រែលពីរបរនេះ ដោយលក់ជៀសស្រស់ក្នុងតម្លៃ ៤៥.០០០ រៀល ក្នុងមួយគីឡូក្រាម បានរៀបរាប់ពីទម្លាប់និងធម្មជាតិរបស់សត្វប្រភេទនេះថា ជាទូទៅនៅពេលមានភ្លៀងធ្លាក់កក់ខែដំបូងៗជោកជាំ សត្វជៀសដែលធ្លាប់តែសំងំនៅក្នុងដីសើម និងក្រោមស្លឹកឈើងាប់ នឹងរត់ចេញមកក្រៅទាំងហ្វូង ព្រមទាំងយំទ្រហឹងអឺងកងតៗគ្នា។ ពេលនោះហើយដែលអ្នកភូមិត្រូវដើរឆ្លុះ និងចាប់ពួកវានៅពេលយប់ ព្រោះវាចេញរកស៊ី ចំណែកឯពេលថ្ងៃវិញ ពួកវាចូលចិត្តសំងំលាក់ខ្លួនមិនងាយចេញនោះទេ។

លោកបានបន្ថែមថា សត្វជៀសដែលចេញមកដំបូងៗគឺមានពងពេញៗពោះ ហើយវាមិនទាន់បើកមាត់ចាប់សត្វល្អិតធ្វើជាចំណីនៅឡើយទេ។ នេះហើយជាមូលហេតុដែលអ្នកបរិភោគនិយមទិញទៅធ្វើម្ហូបបំផុត ទោះតម្លៃថ្លៃក៏មិនរុញរាដែរ ចំណែកឯជៀសណាដែលបើកមាត់ និងជ្រុះពងអស់ហើយ គឺមិនសូវមានម៉ូយទិញឡើយ។

លោក ជឹម រ៉ា បានកត់សម្គាល់ឃើញទៀតថា កាលពីឆ្នាំមុនៗ មនុស្សភាគច្រើន ជាពិសេសយុវវ័យនៅតាមបណ្តាខេត្ត មិនសូវស្គាល់ ឬដឹងពីរសជាតិសត្វជៀសនេះទេ។ ប៉ុន្តែបច្ចុប្បន្ន ដោយសារឥទ្ធិពលនៃការផ្សព្វផ្សាយ និងការចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតលើបណ្តាញសង្គម ធ្វើឱ្យមនុស្សម្នាចាប់ផ្តើមស្គាល់ និងចង់ភ្លក់រសជាតិ។ ទោះជាយ៉ាងណា វាក៏នៅតែមានទស្សនៈពីរផ្សេងគ្នា ដោយអ្នកខ្លះហាក់មានអារម្មណ៍ខ្ពើមរអើមមិនហ៊ានប្រថុយបរិភោគ ខណៈអ្នកខ្លះទៀតចាត់ទុកជាមុខម្ហូបដ៏មានឱជារស។

ពាក់ព័ន្ធនឹងការច្នៃធ្វើជាម្ហូបនេះដែរ លោក ហាក់ គឹមសុង ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ និងជាអ្នកនិយមចូលចិត្តទទួលទានសត្វជៀស បានប្រាប់ឱ្យដឹងថា សត្វជៀសស្រស់នេះអាចយកទៅច្នៃជាមុខម្ហូបឆ្ងាញ់ៗបានច្រើនប្រភេទណាស់ ដូចជាការយកទៅធ្វើជាឆាក្តៅ ឆាគ្រឿង ស្ងោរជ្រក់ ប្រឡាក់គ្រឿងអាំង ឬក៏យកទៅចៀន និងបំពងស្រួយជាដើម។

របរចាប់ជៀសលក់ ទោះបីជាវាជាមុខរបរមួយភ្លែតស្របតាមរដូវកាល និងអាចរកចំណូលបានខ្ពស់ជួយទប់ទល់ជីវភាពកសិករក៏ដោយ ប៉ុន្តែការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់ក្នុងបរិមាណច្រើនលើសលប់ ក៏កំពុងតែដាស់តឿនឱ្យមានការគិតគូរហ្មត់ចត់លើតុល្យភាពធម្មជាតិ ដើម្បីកុំឱ្យសត្វស្រុកស្រែប្រភេទនេះត្រូវរងការផុតពូជទៅថ្ងៃអនាគត៕

 

Daily Program

Livesteam thumbnail