កម្ពុជាកំពុងស្រាវជ្រាវលើករណី ការសាងសង់ប្រាសាទដូចអង្គរវត្តនៅទឹកដីថៃ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណីការសាងសង់ប្រាសាទដូចអង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅយប់ថ្ងៃទី៥ ខែកក្កដា។
តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាងសង់ប្រាសាទដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។
តាមការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់ប្រាសាទដោយចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះឱ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ផងដែរ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ប្រសិនបើកម្ពុជាសិក្សាបានច្បាស់លាស់ហើយនោះ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុទ្ធនានាដែលបានចែង ក្នុងពេលដែលមានការសាងសង់យកលំនាំតាមប្រាសាទបុរាណខ្មែរដោយគ្មានការអនុញ្ញាតបែបនេះ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បញ្ជាក់ថា ដំបូងក្រសួងបានដឹងថា ភាគីថៃបានកសាងប្រាសាទដែលមានកំពូលបីដូចប្រាសាទអង្គរខ្មែរ ហេតុនេះក្រសួងកំពុងស្វែងអ្នកបច្ចេកសិក្សាទៅប្លង់មេនេះ ដើម្បីបានព័ត៌មានជាក់លាក់ជាមុនសិន។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងបន្ថែមទៀតថា ក្រសួងកំពុងសិក្សាបញ្ហានេះឱ្យបានច្បាស់លាស់ថា ភាគីថៃសាងសង់យកតាមលំនាំប្រាសាទខ្មែរទាំងស្រុង ឬមានប្លង់បែបផែនផ្សេង។ លោកបញ្ជាក់ថា ជាជំហានដំបូងគឺដឹងព័ត៌មានថា ភាគីថៃគេសាងសង់ជាពុទ្ធមណ្ឌល។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឱ្យដឹងបន្ថែមថា បច្ចុប្បន្នអាជ្ញាធរអប្សរាបានទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិចទៅកាន់ភាគីអ្នកចេញគំរូប្លង់មេរបស់ថៃ ហើយក៏បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់ មុនឈានដល់ដំណោះស្រាយ និងចំណាត់ការច្បាប់ណាមួយ។
គួរបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ទំព័រហ្វេសប៊ុកឈ្មោះ បុរាណណាចារ្យ បានឱ្យដឹងថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ។
គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។
ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ កម្ពុជាមិនអាចអនុញ្ញាតឱ្យមានការសាងសង់ចម្លងតាមបែបនេះបានទេ៕