សម្តេចប៉ាប៖ សន្តិភាពនឹងលេចរូបរាងនៅពេលរុស្ស៊ី និងអ៊ុយក្រែនអាចនិយាយរកគ្នា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលថា សន្តិភាពនឹងអាចកើតមានឡើងនៅពេលដែល រុស្ស៊ីនិងអ៊ុយក្រែនអាចមានលទ្ធភាពនិយាយជាមួយគ្នាទៅវិញទៅមក។
វ៉ាទីកង់ញូវបានផ្សាយថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលទ្រង់បានប្រទានបទ សំភាសន៍ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយមួយ ដែលហៅថា តេឡេម៉ានដូ (Telemundo) ជាទូរទស្សន៍អាមេរិកនិយាយភាសាអេស្ប៉ាញ កាលពីថ្ងៃទី ២៥ ខែ ឧសភា កន្លងទៅនេះ។
សម្តេចប៉ាបបានមានបន្ទូលថា មកដល់ពេលនេះមហន្តរាយបានកើតមានឡើងនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ៖ «សន្តិភាពនឹងអាចសម្រេចបាននៅថ្ងៃដែលពួកគេអាចនឹងនិយាយគ្នាទៅវិញទៅមក មិនថាកិច្ចសន្ទនានោះចាប់ផ្តើមដោយប្រទេសទាំងពីរ ឬតាមរយៈការសម្របសម្រួលរបស់ប្រទេសដទៃឡើយ»។
ទាក់ទងនឹងសំនួរអំពីជំនួបរវាងទ្រង់ជាមួយនឹងលោក វូឡូឌីមៀ ហ្សាឡេនស្គី ថ្មីៗនេះ សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងជំនួបនោះ លោក ហ្សាឡេនស្គី គឺបានស្នើសុំទ្រង់ឲ្យជួយ បញ្ហាកុមារអ៊ុយក្រែន ដែលត្រូវបាននាំយកទៅកាន់ប្រទេសរុស្ស៊ី ។
សម្តេចប៉ាបបានមានបន្ទូលថា អ្នកដែលពាក់ព័ន្ធនឹងអ៊ុយក្រែនមិនស្រមៃច្រើនលើការសម្រុះសម្រួលណាមួយនោះទេ ដោយសារតែអឺរ៉ុប និង អាមេរិក គឺសុទ្ធតែជាអ្នកខ្លាំង ប៉ុន្តែនៅក្នុងជំនួបនោះ គឺសំខាន់គឺពួកគេចង់ឲ្យជួយទាក់ទងនឹងកិច្ចការនាំក្មេងៗអ៊ុយក្រែន ដែលរុស្ស៊ីបាននិរទេសពួកគេទៅតែប៉ុណ្ណោះ។
ឆ្លើយតបនឹងសំនួរដែលបានសួរថា ដើម្បីសម្រេចបានសន្តិភាព តើសម្តេចប៉ាបគិតថារុស្ស៊ីគួរតែប្រគល់ទឹកដីទាំងមកវិញទេ? សម្តេចប៉ាបបានមានបន្ទូលឆ្លើយតបថា ៖ «វាជាបញ្ហានយោបាយ»៕