សម្តេចប៉ាប៖ ចូរកុំឱ្យយើងស៊ាំនឹងជម្លោះ ព្រមទាំងអំពើហិង្សា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យទី ២១ ខែឧសភា ឆ្នាំ២០២៣ បានសំដែងនូវហឫទ័យ ព្រួយបារម្ភថា មនុស្សជាតិស៊ាំនឹងជម្លោះព្រមទាំងអំពើហិង្សា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបាន អំពាវនាវឱ្យសហគមន៍អន្តរជាតិលើកកម្ពស់កិច្ចសន្ទនានៅក្នុងប្រទេសស៊ូដង់ និងបន្តឈរជាមួយនឹងប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខ ដើម្បីឲ្យពួកគេបានជួបសន្តិភាព។
សម្តេចប៉ាបបានអំពាវនាវនៅក្នុងគោលជំហរដ៏ស្មោះ ដល់ក្រុមភាគីទំនាស់ប្រដាប់អាវុធ ដែលកំពុងធ្វើសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ឱ្យបញ្ឈប់ការប្រយុទ្ធរបស់ពួកគេ ហើយក៏បាន អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យមានការខិតខំប្រឹងប្រែងដើម្បីធានាថាការសន្ទនាអាចទទួលបានហើយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែននឹងត្រូវដោះស្រាយឫបន្ធូបន្ថយស្ថានការណ៍។
សម្តេចប៉ាបបានផ្តល់ការលើកទឹកចិត្តឲ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ ឬសង្រ្គាម ដោយសង្កត់ធ្ងន់ថា ៖ «សូមកុំឲ្យយើងស៊ាំនឹងជម្លោះ ព្រមទាំងអំពើហិង្សា។ កុំឲ្យយើងស៊ាំនឹងសង្គ្រាម!»៕