ដំណើរការនាំចេញដូងទៅបរទេសដល់ណាហើយ?
កាលពីចុងខែមេសាកន្លងទៅថ្មីៗនេះ ព័ត៌មានអំពីការនាំចេញដូងទៅចិនគឺត្រូវបានផ្សព្វផ្សាយ ព្រោងព្រាត ប៉ុន្តែមកដល់ពេលនេះមិនដឹងថា តើវាដំណើរការដល់ណាហើយនៅឡើយទេ។
នៅពេលនោះមានការផ្សព្វផ្សាយព្រោងព្រាតថា អគ្គរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ នូវចម្ការដូងនៅកម្ពុជាចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
ហើយនៅក្នុងពេលនោះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានប្រាប់អ្នក សារព័ត៌មានថា ចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ។
ចាំមើលទៅមើលថា តើដំណើរការនាំចេញដូងដែលកម្ពុជារំពឹងទុកនោះនឹងទៅជាយ៉ាងណា ខណៈដែលពេលនេះនៅក្នុងទីផ្សារនៅក្នុងស្រុកដើម្បីបំពេញតម្រូវការហូបចុកពលរដ្ឋកម្ពុជាបាននាំចូលដូងពីប្រទេសជិតខាងមិនតិចឡើយ ខណៈដែលដូងនៅកម្ពុជាមាន ប៉ុន្តែមានផ្លែមិនគ្រប់ពលរដ្ឋហូបចុក។
រឿងនាំចេញដូងនេះ អាចចាត់ទុកថា ជាសមិទ្ធផលថ្មីមួយដែរបន្ទាប់ពីកម្ពុជាអាចនាំចេញមៀនប៉ៃលិន ចេក ស្វាយកែវរមៀត អង្ករជាដើមទៅចិន ស្របពេលដែលដូងនេះ មានការសម្រប សម្រួលយូរហើយ ។
ពាក់ព័ន្ធនឹងទីផ្សាដូងកម្ពុជានៅក្នុងប្រទេសចិននេះខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
នៅពេលនេះដូងជាដំណាំដែលមិនសូវជារើសដីឡើយ ប៉ុន្តែចំការដូងនៅក្នុងប្រទេសមានតិច ដូច្នេះក្រៅពីការនាំចេញគួរតែពង្រឹងនិងបង្កើនការដាំដុះដូងផងដែរ ដើម្បីបំពេញតម្រូវការ។ ខេត្តដែលមានដូងឆ្ងាញ់ គឺជាទូទៅគឺមានខេត្តនៅភូមិភាគនិរតី ដោយសាតែវាត្រូវការ ពពួកដីដែលមានសារធាតុខមិចខ្លះដើម្បីអោយមានទឹកផ្អែមនិងខ្ទិះច្រើន។
ដូចគឺជាដំណាំដែលគួរតែលើកកំពស់នៅក្នុងការដាំពីព្រោះដូងក៏មានប្រយោធន៍សម្បើមដែរ ដោយវាអាចផ្តល់ផ្លែ ហូបតាំងពីខ្ចីដល់ទុំ ហើយនៅពេលដែលដើមវាចាស់គេអាចកាប់ យកដើមធ្វើគ្រឿងសង្ហារឹងវត្ថុប្រើប្រាស់ផ្សេងៗ ហើយកំពូលដូងក៏អាចជាបន្លែឆ្ងាញ់ពិសារផងដែរ ដូច្នេះសូមលើកកំពស់ការដាំ៕