៣៦ភាគរយវានៅតែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានឱកាស

ជាការពិតពន្ធបដិការថ្មីដែលជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងចរចារបស់អ្នកជំនាញកម្ពុជាបានទម្លាក់ពី ៤៩ភាគរយមកនៅ៣៦ភាគរយ គឺជាជោគជ័យមួយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វានៅតែខ្ពស់ ជាងប្រទេសខ្លះដដែល ។

តាមការប្រកាសនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសមួយចំនួន រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសកាត់បន្ថយពន្ធពីមីយ៉ាន់ម៉ា និង ឡាវ មកត្រឹម ៤០ភាគរយ ហើយកម្ពុជានិងថៃគឺ នៅ​ក្នុងកម្រិត៣៦ភាគរយ ។ ក្រៅពីនោះស៊ែប៊ី និង បង់ក្លាដេស ៣៥% ឥណ្ឌូនេស៊ី៣២ភាគរយ អាហ្រ្វិកខាងត្បូង បូស្នៀនិងហេហ្សហ្គោវីណា៣០ភាគរយ ​ហើយកាហ្សាក់ស្ថាន ម៉ាឡេស៊ី និង ទុយនេស៊ីនៅក្នុង​កម្រិត២៥% ។​

នៅក្នុងស្ថានភាពបែបនេះ​ លោក ស៊ុន ថាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយក៏ជាអ្នកដឹកនាំការចរចា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ០៨ខែ កក្កដា បានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា សូមរក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជា ។

លោកបានលើកឡើងថា សូមជឿជាក់លើរដ្ឋាភិបាលចុះ ហើយម្យ៉ាងទៀតពន្ធដែលកំណត់នេះគឺកម្ពុជានៅមិនទាន់អស់សង្ឃឹមទេ ពោលគឺទម្រាំដល់ឱសាន្តវាទអនុវត្តពន្ធនេះ កម្ពុជានៅមានឱកាសធ្វើការបន្តការចរចាបន្ថែមទៀតជាមួយនឹងរដ្ឋបាលអាមេរិក ហើយលោកបានលើកឡើងថា កម្ពុជាក៏មានគន្លឹះដែលជាទីទុកចិត្តថា កម្ពុជាអាចនឹងបន្តចរចារដោយស្មោះត្រង់ជាមួយនឹងសហរដ្ឋអាមេរិកហើយអាចនឹងទម្លាក់ការកំណត់ពន្ធបន្ថែមខ្លះទៀត ។

លោក ស៊ុន ចាន់ថុល បានលើកឡើងផងដែរថា វិនិយោគិននានានៅតែបន្តជឿទុកចិត្តលើរដ្ឋាភិបាលនៅឡើយ ដោយនៅរយៈពេលពីខែមករា ដល់ ថ្ងៃទី ០៤ ខែកក្កដា កម្ពុជាអាចទាក់ទាញគម្រោងបាន​៣៩៦ គម្រោង ដែលមានទុនវិនិយោគចំនួន៦ពាន់លានដុល្លារ និងបង្កើតការងារជូន​ប្រជាពលរដ្ឋ ចំនួន២៧១ពាន់កន្លែង ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវឲ្យពលករចំណាកស្រុកនានាវិលមករក ការងារធ្វើនៅក្នុងប្រទេសវិញ ពីព្រោះការងារនៅក្នុងប្រទេសឥឡូវនេះសំបូរ ។

សរុបមកវិញការសម្រេចបាននូវការបញ្ចុះពន្ធពី៤៩ មកនៅ៣៦ វាពិតជាសមិទ្ធផលរបស់កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជានៅតែខ្ពស់ ដែលអាចបង្ករជាផលវិបាកដាក់អ្នកផលិតហើយ នាំចេញទៅកាន់ទីផ្សារនេះ ប៉ុន្តែប្រសិនបើកម្ពុជាអាចចរចាបន្តទម្លាក់ពន្ធនេះបន្ថែមមួយកម្រិតទៀតនោះ យើងពិតជាមានលក្ខណៈប្រកួតប្រជែងបានបន្ថែមទៀត ។ នៅក្នុងស្ថានភាពបែបនេះ យើង ត្រូវតែអត់ធ្មត់ខំប្រឹងប្រែងធ្វើការ ។ កុំបាក់ទឹកចិត្ត ហើយសូមបន្តខិតខំកែលំអរជំនាញ និង​ពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីយើងអាចនឹងរក្សាបាននូវកំណើនៃការការនាំចេញទៅកាន់ទីផ្សារអាមេរិក ហើយយើងគួរតែពង្រឹងធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ ។

Daily Program

Livesteam thumbnail