១៤ កុម្ភៈ ជិតដល់ ! សូមរីករាយដោយការគោរពនិងអោយតម្លៃគ្នា

ព្រឹត្តិការណ៍ទិវាក្តីស្រលាញ់ខិតជិតមកដល់ហើយ គឺជារឿងដែលយើងគួរតែទទួល ប៉ុន្តែក្តីទុក្ខដែលអាចនឹងប្រឈមគឺជាអ្វីដែលយើងទាំងអស់គ្នាគួរតែរំលេចឲ្យហើយ ដើម្បីកុំអោយជ្រុលខ្លួនបកក្រោយលែងបាន។
ព្រឹត្តិការណ៍នៅថ្ងៃនោះ យើងអាចទទួលអំណរសប្បាយបាន គឺជាការបង្ហាញសេចក្តីស្រលាញ់រវាងកូននិងឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិ និង អ្នករួមការងារ។
ក្តីស្រលាញ់នេះ អាចកើតមានឡើងតាមការបង្ហាញនូវស្នាមញញឹមនិងកាដូបន្តិចបន្តួចបង្ហាញពីទឹកចិត្តទូលាយរាប់អានរាក់ទាក់ស្និទ្ធស្នាលដោយស្មោះត្រង់ ហើយយើងអាចសម្ដែងបានតាមរយៈការជួបជុំនៅក្នុងគ្រួសារ ឬ មិត្តភាពជាដើម។
ផ្ទុយទៅវិញ ក្តីទុក្ខវាក៏អាចកើតមានឡើងដែរ ប្រសិនបើយើងសប្បាយជ្រុលរហូតផុងខ្លួននៅក្នុងសកម្មភាពឬឥរិយាបទដែលសង្គមនិងប្រពៃណីមិនអោយតម្លៃ។ សកម្មភាពទាំងនោះរួមមាន ដូចជាការជប់លៀងហូបចុកស្រវឹងគ្រប់គ្រងខ្លួនមិនបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ឬ ក៏លេងសប្បាយបង្កជាទុក្ខផ្សេងៗ។ អ្វីដែលធ្ងន់ធ្ងរខ្លាំងនោះ គឺការយល់ខុសពីអត្ថន័យរបស់ព្រឹត្តិការណ៍នេះ រហូតដល់ផុងខ្លួនលង់នឹងបញ្ហាអនាចារខុសប្រពៃណី។
ការដែលយើងសេពគប់គ្នាហើយ ព្យាយាមត្រឹមតែបង្ហាញនូវក្តីស្រលាញ់តាមមនោសញ្ចេតនាមិនជាបញ្ហាឡើយ ហើយយើងក៏អាចបើកបេះដូងអោយគ្នា ប៉ុន្តែកុំលើសតម្រាហើយជ្រុលជ្រួស ពីព្រោះវាអាចនឹងមានផលជាច្រើនដល់សុខភាពនិងវិបត្តិសង្គមជាច្រើន ដែលកើតឡើងក្រោយពេលជ្រុលខ្លួនជ្រុលប្រាណតែមួយភ្លែត។
ថ្ងៃនេះ គឺជាថ្ងៃដ៏មានអត្ថន័យ ដូច្នេះសូមថែរក្សាចំណងនៃក្តីស្រលាញ់ ជាសកម្មភាពផ្សេងៗដែលផ្តល់នូវតម្លៃនិងលើកកំពស់ការគោរពរវាងគ្នានឹងគ្នា។ សូមកុំកេងប្រវ័ញ្ចឬមានបំណងមិនល្អនៅក្នុងថ្ងៃនោះ ហើយរីករាយថ្ងៃនោះជាមួយនឹងសកម្មភាពដែលផ្តល់តម្លៃនិងការគោរព។ ការស្រលាញ់ដោយគោរព មានអត្ថន័យធំធេងណាស់សម្រាប់ដៃគូ។ ក្តីស្រលាញ់ដែលកើតពីមនោសញ្ចេតនា មានទំងន់ជាងក្តីស្រលាញ់ដែលកើតមានដោយការឆ្លៀតឱកាសឬកេងប្រវ័ញ្ច។
សរុបទៅ បើមានមិនមានដៃគូគួរតែរីករាយជាមួយនឹងមិត្តភក្តិ ឬសាច់ញាតិឪពុកម្តាយបងប្អូនប្រកបដោយអំណរសប្បាយ ប៉ុន្តែបើមានដៃគូគួររីករាយជាមួយនឹងព្រឹត្តិការណ៍នេះ ដោយការគោរពនិងអោយតម្លៃគ្នាទៅវិញទៅមក ហើយព្យាយាមថែរក្សាចំណងនេះរហូតដល់មានពិធីតាមផ្លូវការនិងមានការទទួលស្គាល់តាមគន្លងប្រពៃណី៕
Daily Program
