១ថ្ងៃបើសន្សំបានមួយដុល្លារ រហូតដល់១០ឆ្នាំបានលុយគួរសម !

ដើម្បីកុំអោយធ្វើការមួយខែទៅមួយខែមិនចេះសល់អ្វីសោះ ចូរសាកល្បងវិធីសន្សំងាយៗតាមក្បូនសមញ្ញមួយដែលមកដល់ពេលនេះមានអ្នកខ្លះអាចសល់ប្រាក់កាសមួយចំនួនគួរសម ទោះបីជាមិនច្រើន ប៉ុន្តែក៏មិនតិចដែរសម្រាប់អ្នកអត់។
យើងដឹងថា ប្រាក់ខែតិច ចំណាយច្រើន វាពិតជាពិបាកសន្សំណាស់ ប៉ុន្តែប្រសិនបើអាចគួរតែរិះគិតហើយខិតខំសន្សំសាកមើលទៅវាមិនខាតឡើយ។
តាមអ្នកដែលគេធ្លាប់ជោគជ័យលើការសន្សំនេះម្នាក់បានចែករំលែកថា ដោយសារតែការងារវាប្រាក់ចំណូលតិច គាត់សាកល្បងសន្សំមិនច្រើនទេ គឺត្រឹម១ថ្ងៃ១ដុល្លារ ។ គាត់សន្សំបានមួយឆ្នាំដែលមាន៣៦៥ថ្ងៃបានប្រាក់សរុប ៣៦៥ ដុល្លារដែរ។
ជាមួយនឹងប្រាក់៣៦៥ដុល្លារនេះគាត់បានយកវាទៅដាក់នៅធនាគារជាមួយនឹងប្រាក់បញ្ញើដែលមានកាលកំណត់ ត្រឹមតែរង្វង់៦ ភាគរយនៅក្នុងមួយឆ្នាំ ហើយបានបន្តខិតខំសន្សំបែបនេះលេងៗជារៀងរាល់ថៃ្ង រួចយកទៅបន្តដាក់ធនាគារតាមវិធីដដែលរហូតដល់១០ឆ្នាំ គាត់អាចនៅសល់ប្រាក់ប្រមាណជា ជាង ៥០០០ ដុល្លារ។
ជាទូទៅជាមួយនឹងប្រាក់សន្សំ១ថ្ងៃ១ដុល្លារនេះ ១០ឆ្នាំ គឺអាចសន្សំបាន ត្រឹមតែ ៣.៦៥០ ដុល្លារទេ ប៉ុន្តែជាមួយនឹងអត្រាការប្រាក់ដែលពេលខ្លះវាឡើងពេលខ្លះវាចុះ អាចទទួលបានបន្ថែមជាង ១.០០០ ដុល្លារថែមទៀត។
នេះគឺជាវិធីសន្សំងាយៗដែលគួរតែសាកល្បងមើល ពីព្រោះថា ១ដុល្លារសព្វថ្ងៃនេះប្រសិនបើយកទៅចាយក៏មិនបានអ្វីធំដុំដែរ គឺអាចបានត្រឹមសាំងវិញតាមចិញ្ចើមខ្លួន១ដុំ និងកាហ្វេរមួយកែវប៉ុណ្ណោះ ហើយកន្លែងខ្លះមិនបានផង។
ផ្អែកតាមបទពិសោធន៍នេះយើងខ្ញុំគិតថា យើងគួរតែសាកល្បងមើល ហើយប្រសិនបើយើងអាចសន្សំបានលើសហ្នឹងក៏ល្អដែរ វានឹងបានទៅតាមហ្នឹង។
សូមសាកល្បងរៀនសន្សំលុយ ការសន្សំនេះវាមានប្រយោជន៍ជាងការយកលុយទៅចាយខ្ចះខ្ជាយលើសំភារៈនិយម ជាពិសេសគឺការចាយវាយផឹកស៊ី ហើយមិនបានផលអ្វីទាំងអស់ក្រៅពីខូចសុខភាព ហើយអាចមានគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ចូររៀនសន្សំ លុយសន្សំនោះវាជារបស់យើងដដែលទេ វាមិនបាត់ទៅណាឡើយ ប្រសិនបើយើងចេះទុកដាក់ត្រឹមត្រូវ ហើយម្យ៉ាងទៀតវាក៏ជាលំហាត់អត់ធ្មត់ដែរ ។ យើងនឹងដឹងលទ្ធផលថាតើវានឹងមាន អារម្មណ៍យ៉ាងណាដែលយើងអាចធ្វើបាន ជាមួយនឹងលទ្ធភាពរបស់យើង ។ ហើយលុយដែលយើងសន្សំបាននេះ យើងយកទៅវិនិយោគបន្ថែម វារិតតែប្រសើរ៕
Daily Program
