ឲ្យតែរៀន សាលាណាក៏ដូចជាសាលាណាដែរ គឺនៅតែមានចំណេះ!
មកដល់ពេលនេះកូនអ្នកមានធនធានគេរៀនសាលាថ្លៃ សាលាមានគ្រូល្អៗ សាលាបរទេស ហើយកូនអ្នកមធ្យមនិងអ្នកក្ររៀនសាលារដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឲ្យតែរៀន ហើយក្មេងមានឆន្ទះនៃការរៀនពិតប្រាកដទោះជារៀននៅសាលាណាក៏ដោយក៏ពួកគេនៅតែមានចំណេះនិងសមត្ថភាព។
នៅពេលនេះសាលារៀនទាំងឯកជននិងសាលារដ្ឋគឺសុទ្ធតែល្អដូចគ្នាទេ គ្រាន់តែសាលាឯកជនដោយសារគេមានធនធានមានការវិនិយោគ គេអាចមានកម្មវិធីនិងសំភារៈឧបទេសបង្រៀនច្រើននិងល្អបន្តិចប៉ុណ្ណោះ។
សូមកុំមានការរើសអើងហើយមើលស្រាលគ្នា គោលដៅនៃការអប់រំគឺតែមួយគឺអប់រំកុមារាកុមារីឲ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដប៉ុណ្ណោះ។ ទាំងសាលារដ្ឋនិងសាលាឯកជន ប្រសិនបើកូនសិស្សខំរៀនដូចគ្នាគឺពូកគេចេះមិនមានសត្ថភាពដូចតែគ្នា តែបើប្អូនៗសិស្សានុសិស្សមិនមានឆន្ទះនៅក្នុងការរៀនទេនោះ ទោះជាពួកគេមានឱកាសរៀននៅសាលាល្អថ្លៃប៉ុណ្ណា គ្រូមានសមត្ថភាពខ្ពស់ប៉ុណ្ណាក៏ដោយក៏ពួកគេនៅតែមិនចេះដដែលហ្នឹង។
ជាក់ស្តែងនៅក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិនៅឆ្នាំសិក្សា២០២៣-២០២៤ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ នៅក្នុងចំណោមបេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% គឺចម្រុះគ្នា។
ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២.២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ នៅក្នុងចំណោមសិស្សដែលមានលទ្ធផលដ៏ត្រចះត្រចង់នេះគឺមានទាំងមកពីសាលាឯកជន និង សាលារដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្អូនៗនៅសាលារដ្ឋមានអ្នកដែលជាប់លទ្ធផលល្អនេះច្រើនជាងសាលាឯកជនដែរ។
នៅក្នុងស្ថានភាពបែបនេះ អាណាព្យាបាលកុមារាកុមារី សូមកុំបាក់ទឹកចិត្ត នៅពេលដែលខ្លួនមិនមានសមត្ថភាពបញ្ជូលកូនឲ្យរៀននៅសាលាដែលបង់លុយថ្លៃៗដូចជាគេ សំខាន់គឺការលើកទឹកចិត្ត និង អប់រំកូនៗរបស់អស់លោក/លោកស្រីឲ្យពួកគេចេះភ្ញាក់រលឹក ចេះខិតខំរៀនសូត្រ ពោលគឺអោយពួកគេប្រឹងរៀនចេញពីឆន្ទៈរបស់ពួកគេផ្ទាល់។
ការខិតខំរបស់ពួកគេចេញពីខ្លួនពួកគេនេះសំខាន់ណាស់ ខណៈដែលកុមារាកុមារីខ្លះរៀនគឺទាំងទើសទាល់ ពោលហាក់ដូចជាការរៀននោះគឺគ្រាន់តែជាកាតព្វកិច្ច ដូច្នេះហើយលទ្ធផលរបស់ពួកគេមិនសូវប្រសើរឡើយ។
សរុបទៅទោះជាយើងនៅក្នុងកម្រិតជីវភាពណាក៏ដោយសូមកុំបាក់ទឹកចិត្ត។ ដើម្បីអនាគតកូនៗ គឺត្រូវតែប្រឹងប្រែងអត់ធ្មត់ទោះជារៀននៅសាលាណាក៏ដោយគឺលើកទឹកចិត្តនិងបណ្តុះមនៈសិកាអប់រំពួកគេឲ្យខិតខំប្រឹងប្រែងរៀនសូត្រ។ចំណេះនិងជំនាញជាទ្រព្យដែលមិនអាចឆេះអស់ ហើយក៏មិនអាចត្រូវគេលួចបាត់បានដែរ៕