ឱ្យតែយើងជាពលរដ្ឋគោរពច្បាប់ កុំខ្លាចសមត្ថកិច្ចបំពាន!
បញ្ហាចម្រូងចម្រាសលើការអនុវត្តច្បាប់រវាងសមត្ថកិច្ច និងពលរដ្ឋ គឺនៅតែមានស្ទើរតែគ្រប់រឿង ជាពិសេសរឿងក្ដៅគគុកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ សណ្ដាប់ធ្នាប់ ក៏ដូចជាបញ្ហាអសកម្មនានា។
គ្រប់បញ្ហា ដែនកំណត់ និងសិទ្ធិនៃភាពត្រឹមត្រូវ ត្រូវបានកំណត់ដោយច្បាប់។ ដូច្នេះ រាល់បញ្ហាប្រទាំងប្រទើសក្នុងការអនុវត្តច្បាប់ សង្ឃឹមថា ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច នឹងយកច្បាប់ជាគោល ពោលគឺ «ច្បាប់ជាធំ»។
គ្រប់ភាគីទាំងអស់ ប្រសិនបើយើងគោរពច្បាប់ កុំខ្លាចក្នុងការតវ៉ាដោយប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ។ ច្បាប់នឹងការពារយើង ប្រសិនបើយើងធ្វើត្រូវ ប៉ុន្តែប្រសិនបើយើងល្មើស ច្បាប់ក៏មិនអាចការពារយើងបានឡើយ។
ដោយឡែក ចំពោះសមត្ថកិច្ចវិញក៏ដូច្នោះដែរ កុំអាងខ្លួនឯងជាអ្នកអនុវត្តច្បាប់ ពេលចុះបំពេញការងារ ចេះតែយកច្បាប់ទៅបំពារបំពានលើប្រជាពលរដ្ឋ។ ពិតណាស់ ច្បាប់គឺជាឧបករណ៍វាស់វែងភាពត្រឹមត្រូវ និងកំណត់ដែននៃសកម្មភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែប្រសិនបើពលរដ្ឋមិនបានប្រព្រឹត្តល្មើសហួសដែនកំណត់នៃច្បាប់ផង ហើយសមត្ថកិច្ចបែរជាចុះទៅធ្វើសកម្មភាពយ៉ាងទទឹងទិសនោះ ក៏ជារឿងមិនត្រឹមត្រូវដែរ។
ច្បាប់មិនមែនជាឧបករណ៍ដែលមន្ត្រី ឬសមត្ថកិច្ចចេះតែយកទៅប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈនោះឡើយ គឺវាសុទ្ធតែមានពេលវេលា និងដែនកំណត់ច្បាស់លាស់។ ក្នុងករណីដែលយើងជាអ្នកអនុវត្តច្បាប់ បែរជាចុះទៅធ្វើការងារយ៉ាងទទឹងទិស លុះដល់ពេលពលរដ្ឋតវ៉ា ឬប្រឆាំង កុំចោទប្រកាន់ពលរដ្ឋថាល្មើសច្បាប់ ហើយបន្តយកច្បាប់ទាំងងងើលមកសង្កត់ក ឬគាបសង្កត់លើពលរដ្ឋនោះឱ្យសោះ។
ពលរដ្ឋសព្វថ្ងៃនេះមិនល្ងង់ទៀតទេ ពួកគេចេះតាមដាន ចេះស្វែងយល់ និងដឹងខុសដឹងត្រូវច្រើន។ គ្រាន់តែពេលខ្លះ ដឹងហើយតែនៅមើលឆ្វេងមើលស្ដាំ ចេះតែបំពានផងអនុវត្តផង បែបនេះហើយទើបតែងតែកើតមានរឿងរ៉ាវជាបន្តបន្ទាប់។
សូមកុំមើលស្រាលច្បាប់ ហើយកុំរំលងច្បាប់។ ទាំងពលរដ្ឋ មន្ត្រី ក៏ដូចជាសមត្ថកិច្ច យើងទាំងអស់គ្នាគួរតែរួមគ្នាប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់។ ច្បាប់គឺជាខ្នាតរង្វាស់ និងជាទីពឹងផ្អែកសម្រាប់យើងទាំងអស់គ្នា ដើម្បីភាពត្រឹមត្រូវ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាសង្គមនីតិរដ្ឋ ដែលអនុវត្តច្បាប់បានយ៉ាងគត់មត់ និងហ្មត់ចត់ ដោយគ្មានស្តង់ដារពីរបីឡើយ។
សរុបមក ច្បាប់គឺជាគោលសម្រាប់វាស់វែងភាពត្រឹមត្រូវ និងជាខែលការពារសិទ្ធិរបស់មនុស្សគ្រប់រូប។ ដូច្នេះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ត្រូវគោរព និងអនុវត្តច្បាប់ដោយស្មើភាព មិនលម្អៀង និងមិនបំពានលើដែនកំណត់រៀងៗខ្លួន។ ពលរដ្ឋដែលគោរពច្បាប់ មិនគួរខ្លាចការតវ៉ាដោយស្របច្បាប់ឡើយ ខណៈអ្នកអនុវត្តច្បាប់ ក៏ត្រូវប្រើប្រាស់អំណាចដោយស្របច្បាប់ និងមានការទទួលខុសត្រូវខ្ពស់។ ច្បាប់ជាធំ ហើយមានតែការគោរពច្បាប់ពីគ្រប់ភាគីប៉ុណ្ណោះ ទើបអាចរួមគ្នាកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងគ្មានស្តង់ដារពីរ។
