អ្វីខ្លះ​ត្រូវ​ត្រៀមចំពោះ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា

ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗការត្រៀមលក្ខណៈទុកជាមុនគឺជារឿងសំខាន់បំផុតនៅពេលនេះ ពីព្រោះស្ថានភាពនិងទំហំនៃសង្រ្គាមមីស៊ីលនៅមជ្ឈិមបូព៌ាហាក់កំពុងតែរីក រីឯផលនិងទំហំនៃការប៉ះពាល់មកលើពិភពលោកគឺធំធេង។

ក្រោយពេលដែលសហរដ្ឋអាមេរិកចាប់ដៃជាមួយនឹងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ប្រទេសនេះមិនសំងំស្ងៀមឡើយ គឺបានវាយបកសងសឹកវិញលើអ៊ីស្រាអែល ហើយចំពោះសហរដ្ឋអាមេរិក បើទោះបីជាអ៊ីរ៉ង់មិនមានសមត្ថភាពវាយប្រហារដល់ក៏ពិតមែន ក៏មូលដ្ឋានទ័ពសហរដ្ឋេអាមេរិកជាច្រើននៅតំបន់មជ្ឈិមបូព៌ាបានរងនូវការវាយប្រហារត្រូវខូចខាតក៏មិនអន់ដែរ។

នៅពេលនេះសង្រ្គាមនេះបានផ្ទុះពេញទំហឹងតាមផ្លូវអាកាស ហើយការខូចខាតត្រូវបានពិពណ៌នានា កើតមានឡើងនៅអ៊ឺរ៉ង់ អ៊ីស្រាអែល គុយវែត សហភាពអារ៉ាប់អេមីរ៉ាត និង បារ៉ែនជាដើម ជាពិសេសគឺមូលដ្ឋានទ័ពអាមេរិក។ 

ក្រោយការវាយប្រហារនេះ ជើងហោះហើរទៅកាន់មជ្ឈិមបូព៌ាមួយភាគធំត្រូវបានជាប់គាំង ពីព្រោះដែនអាកាសប្រទេសជាច្រើននៅក្នុងតំបន់ គឺជាតំបន់ដែនប្រតិបត្តិការយោធារបស់អ៊ីរ៉ង់​។ ក្រៅពីនោះកងទ័ពអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័ម៉ូស រហូតដល់ស្ទះនាវាដឹកប្រេង និង​ទំនិញពាណិជ្ជកម្ម ពេញផ្ទៃសមុទ្រ​នៃច្រកនេះ។​

ចំនួនអ្នកស្លាប់និងរបួស ហើយនិងទំហំនៃការខូចខាតមិនត្រូវបានពិពណ៌នាលំអិតនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានការព្យាករណ៍ថា តម្លៃប្រេងឥន្ធនៈនឹងឡើងថ្លៃកប់ពពក ហើយនៅពេលនេះ ចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ក៏ជាប់គាំងផងដែរ។

នៅកម្ពុជាតម្លៃប្រេងចាប់ផ្តើមឡើងថ្លៃ ប៉ុន្តែកម្រិតតម្លៃដែលឡើងនេះអាចនឹងឡើងថែមទៀត ប្រសិនបើសង្រ្គាមមីស៊ីលនេះនៅតែបន្តអូសបន្លាយ។ ស្របពេលដែលសេវាដឹកជញ្ជូនផ្លូវអាកាស កម្ពុជាក៏កំពុងតែមានបញ្ហាដែរ។

សេវាកម្មមួយចំនួនដែលតភ្ជាប់តាមរយៈមជ្ឈមណ្ឌលដឹកជញ្ជូនដែលបានជ្រើសរើសនៅទីក្រុងដូហា ឌូបៃ និងអាប៊ូដាប៊ី បានជួបប្រទះនឹងការផ្អាកមួយផ្នែក ឬការកែសម្រួលកាលវិភាគជាបណ្តោះអាសន្ន ដូច្នេះវាក៏រាំងស្ទះដល់សេវវាកម្មដឹកជញ្ជូនផ្លូវអាកាសកម្ពុជាដែរ។

នៅក្នុងស្ថានភាពនេះ តម្លៃទំនិញអាចនឹងឡើងថ្លៃនៅពេលខាងមុខនេះ ហើយចំណូលក៏ថមថយដែរ។ ទេសចរណ៍កម្ពុជាដែលរបួសនិងធ្លាក់ចុះស្រាប់ទៅហើយនោះ អាចនឹងបន្តរងគ្រោះកាន់តែធ្ងន់មួយកម្រិតទៀត ដោយសារតែសង្រ្គាមនេះ។ ក្រៅពីនោះវិស័យពាណិជ្ជកម្ម និង ការវិនិយោគបរទេស ក៏នឹងអាចមានបញ្ហាដែរ។

នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាគួររៀនរស់បន្សាំនិងទុក្ខលំបាកឲ្យហើយ។ ការសន្សំសំចៃ និង ការប្រិតប្រៀងការចំណាយគឺជារឿងសំខាន់ដែលយើងគួរតែពង្រឹង៕

Daily Program

Livesteam thumbnail