អ្នកលេងបណ្តាញសង្គមកុំផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ច

អ្នកដែលនិយមលេងបណ្តាញសង្គមនានា ទាំងហ្វេសបុក តិកតក់ តេឡេក្រាម និង អេបនានា សូមបញ្ឈប់ការផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ច​និងកិច្ចការនានាពាក់ព័ន្ធនឹង បញ្ហាព្រំដែន។

រឿងព្រំដែននេះជារឿងរសើបហើយកាលណាលេងផ្តេសផ្តាស់ផលវាអាចបានទៅភាគីអមិត្តដែលចាំតែ ទទួលពីសកម្មភាពដែលយើងខ្វះការពិចារណា។

តាមសេចក្តីរាយការណ៍ដែលផ្សព្វផ្សាយដោយអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីផ្ទុះការប៉ះទង្គិចនៅតំបន់មុំបីដែលបណ្តាលឲ្យយោធិនកម្ពុជាម្នាក់ពលី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ភាពតានតឹងបានកើនកំដៅជាបន្តបន្ទាប់រហូតដល់កម្ពុជាសម្រេចយកបញ្ហាព្រំដែននៅតំបន់៤ គឺមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេតែម្តង។

កិច្ចការនេះរាជរដ្ឋាភិបាលមិនបានធ្វើលេងៗទេ ដោយពេលនេះគឺបានបង្កើតនូវក្រុមការងារពីរគឺក្រុមការងារច្បាប់ និង ក្រុមការងារការទូត ហើយជាពិសេសគឺគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការនេះថែមទៀត។

រឿងនេះមិនមែនជារឿងលេងសើចទេ ហើយគឺជារឿងដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើដើម្បីជាតិនិងមាតុភូមិ ដូច្នេះគួរតែនាំគ្នាបញ្ឈប់ការផ្សព្វផ្សាយអ្វីដែលមិនចំណេញដល់ជាតិនិងមាតុភូមិទៅ។

តាមការកត់ត្រារបស់ក្រសួងព័ត៌មានដែលបានធ្វើចាប់តាំងពីដើមខែមិថុនាមក ដល់ពេលនេះ នៅក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ដែលស្រង់ពី បណ្តាញសង្គម មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យក្រសួងក៏បានឲ្យដឹងទៀតផងដែរថា ក្នុងចំណោមហ្នឹងក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ​ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ ហើយមូលហេតុចម្បងគឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ។

សរុបទៅរឿងផ្សព្វផ្សាយពីរឿងជាតិ មិនគួរជារឿងលេងសើចឡើយ វាគឺជារឿងដែលគួរប្រុងប្រយ័ត្ននិងលើកកំពស់កិត្យានុភាពរបស់ជាតិ ដូច្នេះគួរតែយើងបញ្ឈប់ទៅ ហើយនាំគ្នាផ្សព្វផ្សាយអ្វីដែលមានគុណ តម្លៃដើម្បីបណ្តុះស្មារតីស្រលាញ់ជាតិ ពង្រឹងការពារជាតិប្រយោជន៍និងឧត្តមភាពជាតិវិញ៕

Daily Program

Livesteam thumbnail