អ្នករកស៊ីគ្រប់មុខរបរមិនថា ទុរេនក្តី ត្រីសាល់ម៉ុន ឬសូម្បីត្រីត្រោតក្តី សូមស្មោះត្រង់និងមានគុណធម៌!
គុណធម៌ និង សុចរិតភាព គឺជាមាគ៌ាដែលយើងទាំងអស់គ្នាគួរតែប្រកាន់យក បើមិនដូច្នេះទេ ថ្ងៃណាមួយវានឹងបង្ហា្ហញលាតត្រដាងមិនខានគ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះ។
ព្រោះតែបញ្ហានេះសង្គមយើងនៅតែកើតមានទស្សនៈសង្ស័យនិយមមិនអស់មិនហើយ ដូច្នេះយើងគួរតែបញ្ចប់ឥរិយាបទ ឬសកម្មភាពដែលមិនស្មោះត្រង់នេះហើយ។
រឿងរ៉ាវកើតមាននៅក្នុងសង្គមយើងបច្ចុប្បន្ននេះ វិលវុលប៉ាតណាប៉ាតណី ដោយសារតែបញ្ហាមួយមិនទាន់ចប់ស្រួលបួលចេញបញ្ហាមួយទៀតក៏លេចចេញមក។ ជាក់ស្តែងនៅពេលដែលរឿងទុរេនកសាងភាពមន្ទិលពេញសង្គមរវាងទុរេនដាំនៅក្នុងស្រុក និងទុរេននាំចូលនេះ បានបង្កើតទស្សនៈនិងភាពមិនទុកចិត្តគ្នាជាច្រើន រវាងម្ចាស់ចំការ ឈ្មួញ និង ពលរដ្ឋដែលជាអ្នកទិញយកទៅបរិភោគ។
រឿងនេះកើតក្តៅៗមិនទាន់ត្រជាក់ គ្រាន់តែរៀងអន់បន្តិចក៏លេចចេញរឿងមួយថ្មីមកទៀតគឺរឿងសុចរិតភាពពាក់ព័ន្ធរវាងការក្លែងបន្លំរវាងត្រីសាលម៉ុង និង ត្រី ត្រោត។ រឿងនេះក៏រង្គោះរង្គឺមិនធម្មតាដែរ ប៉ុន្តែយើងខ្ញុំសង្ឃឹមថា ថ្ងៃស្អែកជាបន្តបន្ទាប់នឹងមិនលេចរឿងអាស្រូវណាមួយផ្សេងទៀតទាក់ទងនឹងសុចរិតភាពនេះកើតមានឡើងថ្មីទៀតដែរ។
សូមទាំងអស់គ្នាប្រកាន់យកគុណធម៌ ហើយស្មោះត្រង់ កុំក្លែងបន្លំ ប្រសិនបើទុរេននាំចូលប្រាប់អ្នកហូបទៅថាជាទុរេននាំចូល ហើយទុរេនចំការប្រាប់គេទៅថា ជាទុរេនចំការកុំកុហក់ កុំបោកប្រាស់ ឬបោកបន្លំ ។ ហើយបើត្រីអីសូមប្រាប់គេត្រីនោះទៅ។
ក្រៅពីផលិតផលទាំងនោះ របស់ផ្សេងៗទៀត សូមមានគុណធម៌ហើយស្មោះត្រង់រកស៊ីដោយសុចរិតភាព កុំអោយទស្សនៈនិងចិត្តលោភៈមកបិទបាំងគុណធម៌ ហើយនាំយើងទាំងអស់គ្នាបន្តរស់នៅក្នុងពិភពដែលបោកប្រាស់និងបន្លំតទៅទៀត។
មិនចំណេញប៉ុន្មានឡើយ ហើយករណីនេះប្រសិនបើគេចាប់បាន សង្គមនឹងកាត់ទោស នោះគឺផលប៉ះពាល់គឺធ្ងន់ធ្ងរ ដូច្នេះគួរកុំអោយសង្គមដាក់ទោស។
សរុបទៅ គុណធម៌ និងសុចរិតភាព មិនមែនគ្រាន់តែជាគុណតម្លៃផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុងសង្គម និងសេដ្ឋកិច្ច។ ការក្លែងបន្លំ មិនថាក្នុងការធ្វើពាណិជ្ជកម្ម ឬវិស័យណាមួយក៏ដោយ អាចផ្តល់ផលចំណេញក្នុងរយៈពេលខ្លី ប៉ុន្តែនឹងបំផ្លាញកេរ្តិ៍ឈ្មោះ បាត់បង់ទំនុកចិត្តពីសាធារណជន និងអាចប្រឈមមុខនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់នៅថ្ងៃណាមួយ។ ដូច្នេះ ប្រសិនបើយើងចង់កសាងសង្គមដែលមានភាពជឿទុកចិត្ត និងទីផ្សារដែលមានស្តង់ដារ អ្នកគ្រប់រូបគួរប្រកាន់ខ្ជាប់នូវគុណធម៌ ស្មោះត្រង់ និងសុចរិតភាព ដោយលក់របស់អ្វី ប្រាប់ថាជារបស់នោះ មិនបោកប្រាស់ មិនបន្លំ និងមិនឱ្យលោភលន់ឈ្នះលើមនសិការ។ មានតែភាពស្មោះត្រង់ប៉ុណ្ណោះ ដែលអាចធានាបាននូវទំនុកចិត្ត និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូល៕