អ្នកមានផ្ទះជួល សូមប្រយ័ត្នអាចពាក់ព័ន្ធ នឹងពួកឧក្រិដ្ឋកម្មអនឡាញដោយមិនដឹងខ្លួន​

បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះច្រើនហើយដាក់សេវាជួលសូមលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះសេវាកម្មដែលបងប្អូនកំពុង តែធ្វើអាជីវកម្មនេះ អាចបម្រើក្រុមឧក្រិដ្ឋជនអនឡាយដោយមិនដឹងខ្លួន 

តាមសេចក្តីរាយការណ៍ព័ត៌មានផ្សេងបានឲ្យដឹងថា ការប្តេជ្ញាចិត្តដែលកម្ពុជាបានកំពុងតែធ្វើនៅក្នុងរយៈពេលប្រមាណជាងកន្លះខែមកនេះ ឃើញថា ខ្លាំងក្លាដោយនៅក្នុងនោះក្រៅពីចាប់ជនសង្ស័យធំបំផុតគឺ ជេន ហ្ស៊ី និង បានបញ្ជូនទៅចិន មានឧកញ៉ាជនជាតិខ្មែរម្នាក់ក៏ត្រូវចាប់ខ្លួន ហើយក៏មានសេចក្តីរាយការណ៍ថា នៅក្នុងជួរកងកម្លាំងក៏មានការដាក់ពិន័យខ្លះ ផងដែរ ។ 

យោងតាមរបាយការណ៍មួយពីគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតបានឲ្យដឹងថា ចាប់ពីថ្ងៃទី០១  ដល់ថ្ងៃទី ១៧ ខែមករា គណៈកម្មការបានឆ្មក់ចូលទីតាំងឆបោកតាមអ៊ីនធឺណិតចំនួន ១៣ ទីតាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តបាត់ដំបង ព្រះសីហនុ និង ស្វាយរៀង ហើយបានចាប់ខ្លួនជនសង្ស័យជាង ៣00 នាក់ដែលមានសញ្ជាតិជាច្រើនដូចជា ចិន កូរ៉េខាងត្បូង ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ និងឡាវ។ល។

ហើយបើគិតក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជាបានបង្ក្រាបការឆបោកតាមអ៊ីនធឺណិតនៅទីតាំងចំនួន ១១៨ កន្លែងនៅទូទាំងខេត្ត និងក្រុងចំនួន ១៨ ទូទាំងប្រទេសដោយ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យសរុបចំនួនជិត៥ពាន់នាក់ មាន ២៣ សញ្ជាតិ។

នៅពេលនេះសំបុកដែលពួកគេកំពុងតែជ្រកកោននិងលាក់ខ្លួនត្រូវបានសមត្ថកិច្ចចាត់វិធានការណ៍ជាបន្តបន្ទាប់ ក្រោយពេលដែលបានស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំទម្រាំចាប់ពួកគេបាន។

សំបុកពួកគេភាគច្រើនគឺត្រូវបានបំបែក ហើយជនរងគ្រោះ និង អ្នកតូចតាចដែលបម្រើការឲ្យពួកគេដោយមិនដឹងខ្លួន​ក៏ត្រូវបានសង្រ្គោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេក្លោងរបស់ក្រុមនេះ អាចនឹងព្យាយាមរត់គេចខ្លួន ហើយខ្លះអាចបំបែកខ្លួន កែប្រែរូបភាពសម្បើមៗមកជាក្រុមតូច ។ ពួកគេអាចបំបែកមករកជួលផ្ទះតូចៗ ហើយបន្តធ្វើសកម្មភាព ឬគេចខ្លួនដើម្បីសុវត្ថិភាព ដែលនោះហើយគឺជាគ្រោះថ្នាក់របស់យើងទាំងអស់គ្នាប្រសិនបើយើងមិនចាប់អារម្មណ៍ ។ 

ពួកគេអាចនឹងពឹងពលរដ្ឋខ្មែរណាម្នាក់ឈរឈ្មោះជួលផ្ទះ ប៉ុន្តែធាតុពិតវាអាចមានករណីជួលបន្តដល់ជនសង្ស័យដែលជាប្រតិបត្តិករនៃឧក្រិដ្ឋកម្មអនឡាញនេះ។ សូមប្រុងប្រយ័ត្ន នៅក្នុងករណីនេះ ប្រសិនបើយើងមិនអាចមានភស្តុតាងឬឯកសារច្បាស់លាស់ទេ យើងអាចពាក់ព័ន្ធ នឹងសកម្មភាពខុសច្បាប់របស់ឧក្រិដ្ឋជនទាំងនោះ ។​

សរុបទៅដើម្បីកុំអោយមានពិរុទ្ធឬភាពសៅហ្មងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាន់សម័យនេះ យើងត្រូវតែប្រុងប្រយ័ត្ន ។ រាល់ការជួលគឺគួរមានលិខិតស្នាមត្រឹមត្រូវ ហើយក៏គួរមានអត្តសញ្ញាណរបស់អ្នកដែលជួលឲ្យច្បាស់លាស់ មិនមែន​ព្រោះតែលុយភ្លេចអស់បញ្ហាដែលនឹងសេសសល់​បន្តថែមទៀត៕

Daily Program

Livesteam thumbnail