អ្នកផលិតអាហារ​ប៉ះពាល់សុខភាពគួរដាក់ទោសឲ្យធ្ងន់ធ្ងរ តាមច្បាប់!

អ្នកដែលរកឃើញភស្តុតាងជាក់ស្តែងថា ជាអ្នកផលិតអាហារក្លែងបន្លំ ឬផលិតផលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់មហាជន គួរតែត្រូវផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ពីព្រោះកំហុសដែលបង្កមិនមែនសម្លាប់មនុស្សត្រឹម​តែមួយនាក់នោះទេ។

អាហារនិងផលិតផលដែលផលិតមកមិនគោរពទៅតាមស្តង់ដាសុខភាព ក៏ដូចជាសុវត្ថិភាពសម្រាប់បំពេញការហូបចុក ឬក៏ផលិតផលក្លែងបន្លំ ដូចជាករណីអ្នកផលិតស្ករក្លែងបន្លំ ដោយយកសារធាតុនេះសារធាតុនោះទៅផលិតខុសពីវត្ថុធាតុដើមពិតប្រាកដសម្រាប់ផលិតស្ករ ដូចជាអំពៅ ឬ ក៏ទឹកត្នោត ​ ធ្វើស្ករដាក់លក់ឲ្យគេទទួលទាន គឺសុទ្ធតែជាអ្នកដែលអាចសម្លាប់មនុស្សច្រើនគ្នា ហើយក៏បង្កឲ្យសុខភាពអ្នកប្រើប្រាស់ទ្រុឌទ្រោមច្រើនគ្នា។

ក្រៅពីនោះក្រុមអ្នកដែលលក់ក្លែងបន្លំគុណភាព ក្រុមអ្នកលួចដាក់សារធាតុគីមីប៉ះពាល់ដល់សុខភាព ទាំង​លើបន្លែនិងត្រីសាច់ ឬ ក្រុមអ្នកដែលលួចកែកាលបរិច្ឆេទលើទំនិញជាអាហារ​ឬជាផលិតផលប្រើប្រាស់ រួមទាំងឱសថ ភេសជ្ជៈ​ ជាដើម គឺសុទ្ធសឹងតែជាជន​មិនគួរលើកលែង មិន​អាច​​ត្រឹមតែពិន័យជាប្រាក់នោះ​ទេ ព្រោះ​វា​​បង្កគ្រោះថ្នាក់ដល់សុខមាលភាព​សង្គមខ្លាំងណាស់។

ពួកគេទាំងនេះ គួរតែត្រូវផ្តន្ទាទោសទៅតាមទំហំនិងកម្រិតជាតិពុល និង​វិសាលភាពនៃផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ក្រុមជនទាំងនេះមិនបានលើកកាំភ្លើងបាញ់ឬប្រើកាំបិទប្រពឹត្ត អំពើមនុស្សឃាតដោយផ្ទាល់ដៃរបស់ពួកគេនោះទេ ប៉ុន្តែផលិតផលជាអាហារក្តី ជាឱសថក្តី ជាភេសជ្ជៈក្តី ឬជាផលិតផលប្រើប្រាស់ផ្សេងក្តី គឺជាឃាតកដែលសម្លាប់មនុស្សដោយប្រយោល ហើយមិនមែនតែមនុស្សម្នាក់នោះទេ គឺច្រើនគ្នា ដូច្នេះការអនុវត្តទោសក៏គួរតែធ្ងន់ធ្ងរ។​

ពួកគេជាជនបង្កដោយប្រយោល និង​គ្មានការទទួលខុសត្រូវចំពោះ​សង្គម។ ជននេះសមនឹងត្រូវច្បាប់កាត់ទោសឲ្យដល់កម្រិតអតិបរមា។ ពួកគេយកជីវិត យកសុខភាព​ យកទ្រព្យសម្បត្តិអ្នកដទៃដោយឈាមត្រជាក់បំផុត ដែលមិនគួរអត់ឱនឲ្យបាន។

អស់​អ្នក​ដែលមិន​ទាន់​បាន​​គេវែកមុខគួរតែកែខ្លួន ពីព្រោះទោះបីជាថ្ងៃនេះ អស់លោកអ្នកមិនទាន់ត្រូវបានគេរកឃើញ ប៉ុន្តែកំហុសនេះវាមិនដែលអោយអស់លោកអ្នក​នៅសុខបានរហូតនោះទេ។ ថ្ងៃណាមួយ មុខជា​ត្រូវ​បក​អាក្រាត​ជាមិន​ខាន។

សរុបទៅ​សូមកុំយកអាយុជីវិត សេចក្តីសុខ សុខភាព និង ទ្រព្យសម្បត្តិរបស់អ្នកដទៃជាឈ្នាន់ពីព្រោះតែការចង់មានចង់បានដោយខុសតម្រា ខុសសីលធម៌សង្គមបែបនេះ។ យើងខ្លួនឯងចង់រស់នៅមានជីវភាពល្អប្រសើរមានសុខភាពល្អដូចតែគ្នា ប៉ុន្តែនៅក្នុងករណីយើងចង់មានចង់បានហួសហេតុ ដោយប្លន់សេចក្តីសុខពីគេតាមមធ្យោបាយនេះ គឺគួរតែ​បញ្ចប់ទៅ ហើយអ្នកដែលអាជ្ញាធររកឃើញគឺត្រូវតែផ្តន្ទាទោសតាមច្បាប់ឲ្យបានត្រឹមត្រូវ​និង​ធ្ងន់ធ្ងរ៕

Daily Program

Livesteam thumbnail