អ្នកប្រើប្រាស់យានយន្តនៅតែល្មើសច្រើន ! ដូច្នេះហើយទើបគ្រោះថ្នាក់ចរាចរណ៍នៅតែធ្ងន់ធ្ងរ

តាមរបាយការណ៍ពីសមត្ថកិច្ចអត្រានៃម្ចាស់យានយន្តដែលកំពុងតែធ្វើចរាចរណ៍នៅទូទាំងប្រទេសដែលនៅតែបន្តល្មើសនឹងច្បាប់ចរាចរណ៍គឺនៅតែមានច្រើនដូច្នេះហើយបានជាអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសនៅតែមានស្ថានភាពធ្ងន់ធ្ងរ។​

ជាទូទៅតាមការកត់ត្រាដែលគេស្រង់ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃដែលគេបានកត់ត្រាជាទូទៅនៅក្នុងរយៈពេលមួយថ្ងៃៗគឺសមត្ថកិច្ចបានកត់ត្រា យានយន្តដែលលើ្មស ច្បាប់ចរាចរណ៍ដែលក្រោម​១០០ គ្រឿងនោះឡើយ។

តាមស្ថិតិដែលអគ្គស្នងការនគរបាលជាតិបានកត់ត្រា ចេញពីគោលដៅដែលដាក់ពង្រាយសរុប ១៧២គោលដៅ នៅក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ដើមឆ្នាំ២០២៥ នេះ គេបានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ៥.០២៦គ្រឿង ពោលគឺរថយន្តធំ៥១គ្រឿង, រថយន្តតូច១.៦០៥គ្រឿង និង ម៉ូតូ ៣.៣៧០គ្រឿង សមត្ថកិច្ចបានរកឃើញយានយន្តល្មើសគឺលើសពីពាក់កណ្តាល ។​

ប្រភពដដែលបានអះអាងថា នៅក្នុងចំណោមយានយន្តដែលគេបានត្រួតពិនិត្យ គឺសមត្ថកិច្ចបានរកឃើញយានយន្តសរុបចំនួន ៣.៦៧០គ្រឿង គឺល្មើសដោយនៅក្នុងនោះរថយន្តធំមានចំនួន៣៣គ្រឿង, រថយន្តតូច១.១១៩គ្រឿង និងម៉ូតូ ២.៥១៨គ្រឿង។​

ក្រោយការរកឃើញម្ចាស់យានយន្តទាំងនេះ ត្រូវបានសមត្ថកិច្ចផាកពិន័យទៅតាមច្បាប់​។

ពាក់ព័ន្ធនឹងបញ្ហាល្មើសនេះបងប្អូនដែលកំពុងតែប្រើប្រាស់យានយន្តដែលល្មើសគួរតែយកចិត្តទុកដាក់ដើម្បីជួសជុល និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ពីព្រោះថាប្រសិនបើយើងចេះតែបណ្តែត បណ្តោយ តើនៅពេលណាទើបសុវត្ថិភាពសង្គមនៅស្រុកយើងមានការទទួលស្គាល់ ដោយសហគមន៍អន្តរជាតិទៅ។យើងទាំងអស់គ្នាកុំអាងមានលុយ ហើយចេះតែល្មើស ហើយមានលុយបង់អោយសមត្ថកិច្ចចេះតែបង់ទៅ សូមពង្រឹងការអនុវត្តច្បាប់ផង។

សូមបងប្អូនមានមនៈសិកា និងចេះទទួលស្គាល់ ក៏ដូចជាខ្មាស់អៀននូវអ្វីដែលយើងល្មើស មិនមែនអាងមានលុយបង់អោយសមត្ថកិច្ចចេះតែប្រពឹត្តិខុសច្បាប់បែបនេះតទៅទៀតនោះ។​

យើងទាំងអស់គ្នាគួរតែនាំគ្នាចូលរួមគោរពច្បាប់ដើម្បីធ្វើយ៉ាងណាកុំអោយសមត្ថកិច្ចផាកពិន័យបាន ពីព្រោះសមត្ថកិច្ចក៏មិនចង់ផាកយើងដែរ ប៉ុន្តែវាណាស់តែយើងឌឺ ខុសដដែលៗ។

សូមពង្រឹងការអនុវត្តច្បាប់​ខុសលើកនេះលើកក្រោយកុំអោយខុសទៀត។នៅក្នុងករណីយើងអាចធ្វើបែបនេះបាន នោះស្ថានភាពអនុវត្តច្បាប់ចរាចរណ៍នៅក្នុងស្រុកយើងក៏ល្អ ពេលនោះ អត្រានៃគ្រោះថ្នាក់ចរាចរណ៍ក៏កាន់តែប្រសើរមិនខាន៕

Daily Program

Livesteam thumbnail