អ្នកនិយមទិញទំនិញតាមអនឡាញសូមប្រយ័ត្ន! ការឆបោកក្រោមរូបភាពលក់ទំនិញអនឡាញឥឡូវសំបូរ
សាធារណៈជនដែលបានកំពុងតែប្រើប្រាស់និងនិយមទិញទំនិញតាមអនឡាញដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះនៅពេលនេះបទល្មើសបោកប្រាស់ ឫ ឆបោកក្រោមរូបភាពជាការលក់ទំនិញតាមអនឡាញនេះសំបូរណាស់ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលជាស្ថាប័នសមត្ថកិច្ចជំនាញលើកិច្ចការនេះបានជូនដំណឹងជាសាធារណៈរំលឹកយើងទាំងអស់គ្នាឲ្យលើកកំពស់ការប្រុងប្រយ័ត្នទាំងនេះហើយ ដូច្នេះសូមលើកកំពស់ការ ប្រុងប្រយ័ត្ន ។
ស្ថាប័ននេះបានអះអាងថា ការឆបោកទិញទំនិញអនឡាញ គឺជាសកម្មភាពដែលជនខិលខូចបង្កើតគណនី ឬហាងលក់ទំនិញក្លែងក្លាយ ដើម្បីទាក់ទាញឱ្យជនរងគ្រោះផ្ទេរប្រាក់ ប៉ុន្តែពួកគេមិនមានទំនិញពិត ឬផ្ញើទំនិញមិនដូចការផ្សព្វផ្សាយឡើយ ។
ប្រភពដដែលនេះបានអះអាងថា រូបភាពដែលពួកក្រុមជនខិលខូចបានកំពុងតែប្រើប្រាស់នោះ គឺពួកគេបានធ្វើសកម្មភាពតាមរយៈការបង្កើតគេហទំព័រ ឬ Page ក្លែងក្លាយ ហើយព្យាយាមភ្ជាប់ទំនាក់ទំនងតាម Messenger ឬ Telegram។ តាមរយៈអ្វីដែលពួកគេធ្វើនេះ ជាទូទៅក្រុមនេះគេតែងតែធ្វើសកម្មភាពដោយស្នើឲ្យពលរដ្ឋដែលជាក្រុមគោលដៅរបស់ពូកគេ ផ្ទេរប្រាក់កក់ ឬបង់ប្រាក់ទាំងអស់តាមរយៈ QR Codeទៅអោយពួកគេ ហើយក្រោយពេលដែលផ្ទេររូចរាល់ពួកគេបានបិទទំនាក់ទំនង ពោលគឺ Blockយើងចោល ឬទាមទារថ្លៃបន្ថែមមុននឹងបាត់ខ្លួន។
សូមប្រុងប្រយ័ត្ន ហើយសកម្មភាពដែលជាការងាយស្រួលកំណត់ចំណាំនោះគឺវាលេចសញ្ញាគួរឲ្យសង្ស័យ៥ចំណុច ដែលរួមមាន ទំនិញឫផលិតផលដែលពួកគេធ្វើសកម្មភាពជាទូទៅពួកគេកំណត់តម្លៃ ថោកជាងទីផ្សារខ្លាំងពី៥០ភាគរយ ទៅ ៧០ភាគរយ ។
ក្រៅពីនោះ Page របស់ពួកគេគឺជា Page ដែលទើបបង្កើតថ្មី ឬដូរឈ្មោះ Page ញឹកញាប់ ហើយសំខាន់ Page នោះច្រើនបិទ Comment ឬមាន Comment ដូចៗគ្នា ។ ពួកគេមានចរិតលក្ខណៈតែងតែបង្ខំឱ្យអតិថិជនផ្ទេរប្រាក់ជាមុន ហើយគណនីធនាគារជាឈ្មោះបុគ្គល មិនមែនឈ្មោះហាង ឬក្រុមហ៊ុន។
នៅក្នុងពេលដែលជួបករណីបែបនេះ យើងដាច់ខាតកុំជឿ ហើយ កុំប្រញាប់ផ្ទេរប្រាក់ ហើយក៏ត្រូវ ផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ មុនពេលបញ្ជាទិញ ហើយប្រសិនបើអាចកុំទូទាត់ឲ្យសោះរាល់មុខទំនិញណា ដែលបង់លុយមុន ។ គោលការដោះដូរដែលមានសុវត្ថិភាពគឺឃើញរបស់ បង់លុយយកទើបជាការទូទាត់និងធ្វើការដោះដូរដែលមានសុវត្ថិភាព ។
សរុបទៅការទិញទំនិញតាមអនឡាញបានផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែក៏អាចនាំមកនូវហានិភ័យនៃការឆបោក ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបគួរតែពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ហាង ឬ Page ឱ្យបានច្បាស់លាស់ មុនពេលបញ្ជាទិញ និងជៀសវាងការផ្ទេរប្រាក់ជាមុនទៅកាន់គណនីដែលគួរឱ្យសង្ស័យ។ ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយដែលមានតម្លៃទាបខុសប្រក្រតី ការបង្ខំឱ្យបង់ប្រាក់មុន និងគណនីធនាគារដែលមិនមែនជាឈ្មោះហាង ឬក្រុមហ៊ុន។ដើម្បីការពារខ្លួនពីការឆបោកតាមអនឡាញ សូមប្រកាន់ខ្ជាប់នូវគោលការណ៍ «ឃើញទំនិញ ទើបបង់ប្រាក់» ។ ការប្រុងប្រយ័ត្ន និងការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលទូទាត់ គឺជាវិធីដ៏សំខាន់ក្នុងការការពារប្រាក់កាស និងទ្រព្យសម្បត្តិរបស់យើងពីជនខិលខូចតាមប្រព័ន្ធអនឡាញ។
