អ្នកជំនាញថា ទំហំពាណិជ្ជកម្មយើងធ្លាក់ចុះ តែមិនធ្ងន់ធ្ងរ
ទំហំពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ ទោះបីជាធ្លាក់ចុះបន្តិច ប៉ុន្តែមិនច្រើនទេ ដូច្នេះសូមបន្តខិតខំបន្ថែមទៀតដើម្បីយើងអាចស្តារឡើងវិញឈានទៅរកកំណើន នៅដំណាច់ឆ្នាំ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលគេបានផ្សព្វផ្សាយកន្លងមកបានបង្ហាញថា នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គឺចាប់ពីខែមករា ដល់ខែកញ្ញា ពាណិជ្ជកម្មកម្ពុជាគឺមានតម្លៃដល់ទៅ ជាង ៣៥ ពាន់លានដុល្លារឯណោះ។ ទំហំនេះគឺមានការថយចុះប្រមាណជា ៣,៥ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនជាច្រើនទេ គឺយើងអាច នៅតែមានចរន្តនៃការនាំចេញនាំចូលខណៈដែលសាកលលោកកំពុងតែទទួលព្យុះភ្លៀង និង បញ្ហាដែលចាស់មិនទាន់ដោះស្រាយចប់ផងលេចអាថ្មីថែមមកទៀត ។
របាយការណ៍បានឱ្យដឹងទៀតថា នៅរយៈពេល៩ខែនេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមានទឹកប្រាក់ ជិត ១៧ ពាន់លានដុល្លាឯណោះ ដោយ ធ្លាក់ចុះតែ ០,៨ភាគរយទេ នោះបើយើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយឡែកការនាំចូលវិញ មានទឹកប្រាក់ ជាង ១៨ ពាន់លាន ធ្លាក់ចុះ ៥,៩ភាគរយ។
តាមរបាយការណ៍បានឲ្យដឹងថា នៅក្នុងចំណោមដៃគូពាណិជ្ជកម្មកន្លងមក ស្ថិតិបានបង្ហាញថា ប្រទេសខ្លះទំនាក់ទំនងពាណិជ្ជកម្មធ្លាក់ចុះ ខ្លះកើនឡើង តាមតម្រូវការនៅក្នុងប្រទេសនីមួយៗ ដូចជា សហរដ្ឋអាមេរិកនៅក្នុងរយៈពេលដដែលនេះពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ ប្រមាណជា៧ ពាន់លានដុល្លារធ្លាក់ចុះ ២ ភាគរយ តែវៀតណាមវិញ មានតម្លៃជាង ២ ពាន់លានដុល្លារកើនឡើងដល់ទៅជិត ៣១ ភាគរយ ចិន ជាង ១ លានដុល្លារ កើនឡើង ១៨ ភាគរយ ជប៉ុន បានជាង ៩០០ លានដុល្លារថយចុះប្រមាណជា ១,៣ ភាគរយ ។
ស្ថានភាពពាណិជ្ជកម្មបែបនេះ យើងអាចទ្រទ្រង់សភាពការណ៍បានហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសង្ឃឹមថា យើងនឹងមិនធ្លាក់ចុះខ្លាំងបន្ថែមទៀតទេ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវតែរួបរួមគ្នាសិក្សា និងវាយតម្លៃ ហើយដាក់ផែនការយ៉ាងណាជំរុញការនាំចេញនៅក្នុងរយៈពេល ៣ ខែចុងក្រោយសំដៅទៅរកកំណើនឡើងវិញ។
យើងដឹងថា នៅក្នុងស្ថានភាពសព្វថ្ងៃស្ថានភាពមិនមែនជារឿងងាយស្រួលទេ ដោយបញ្ហាចាស់មិនទាន់ចប់ តែបញ្ហាថ្មីកំពុងតែផ្ទុះ ដូច្នេះហើយភាពវ័យឆ្លាត និងភាពបត់បែនបានលឿន ទាន់សភាពការណ៍ របស់អ្នកដែលពាក់ព័ន្ធជាពិសេសអ្នកដែលអាចធ្វើសេចក្តីសម្រេចចិត្តបាន គឺត្រូវតែរវាសរវៃ ហើយអ្នកដែលនៅខាងក្រោមជាពិសេសគឺខ្សែស្រវាក់ផលិតកម្មក៏ត្រូវតែ ប្រឹងប្រែងទាំងអស់គ្នា៕