អ្នកខាងមុខកំពុងជាប់ដៃសមរភូមិ អ្នកខាងក្រោយត្រូវពង្រឹងការទទួលខុសត្រូវ

នៅពេលដែលកងកម្លាំងជួរខាងមុខបានកំពុងតែជាប់ដៃនៅក្នុងសមរភូមិដ៏ក្តៅគគុក អ្នកដែលនៅសមរភូមិក្រោយត្រូវតែពង្រឹងការទទួលខុសត្រូវ ហើយកុំបង្កបញ្ហាណាមួយ ឲ្យល្អក់ កករ រាំងស្ទះដំណើរការប្រក្រតីភាពនៃសង្គម ។ យើងត្រូវតែលើកកំពស់ការខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយការទទួលខុសត្រូវនិងមានស្មារតីខ្ពស់។

មកដល់ថ្ងៃនេះបងប្អូនយុទ្ធជននៅសមរភូមិមុខបានកំពុងតែបន្តប្រយុទ្ធការពារជាតិ និង បូរណៈភាពទឹកដីដ៏ក្លាហានទោះបីជាត្រូវទ្រាំទ្រនិងអាកាសធាតុដ៏អាប់អួរ ហើយត្រូវទ្រាំទ្រនិងការឈ្លានពាន មិនឈប់មិនឈរពីសំណាក់កងទ័ពថៃ ដែលចង់បានទឹកដីកម្ពុជា ។

ការប៉ះទង្គិចនៅតាមព្រំដែននេះ ទំនងជាមិនងាយចប់ដោយងាយឡើយ ដរាបណា ភាគីដែលឈ្លានពាននៅតែបន្តចង់បានទឹកដី និង រំលោភបូរណភាពទឹកដីកម្ពុជាដ៏គឃ្លើនដដែលជាដដែល ខណៈដែល ផលប៉ះពាល់កាន់តែធំ ដោយមកដល់ពេលនេះក្រៅពីអាយុជីវិតរបស់ប្រជាពលរដ្ឋស៊ីវិលក៏រងគ្រោះ មិនថាដល់ទាហានទេ ហើយក្រៅពីនេះសូម្បីតែប្រាសាទបុរាណដែលជាសំណង់បេត្តិកភ័ណ្ឌមនុស្សជាតិ​ក៏ត្រូវ រងគ្រោះពីព្រោះតែការឈ្លានពានពីសំណាក់ភាគីថៃផងដែរ ។

នេះគឺជាការប៉ះទង្គិចដ៏អាក្រក់បំផុត ហើយទំហំនៃការខូចខាតគឺធំជាងការប៉ះទង្គិចមុនៗ រាប់តាំងពីសម័យនៃឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ កន្លងទៅ ។

នៅពេលដែលជីវិតវីរៈជនការពារជាតិកំពុងតែតស៊ូ នៅសមរភូមិខាងមុខរកពេលសម្រាកគ្មាន ទទួលទានក៏សឹងមិនត្រង់មាត់ អ្នកនៅសមរភូមិក្រោយក្រៅពីខិតខំបន្តទទួលខុសត្រូវការងារហើយនោះ ក៏គួរតែកាត់បន្ថយសកម្មភាពដើរលេង សប្បាយហ៊ឺហារចេញជាបន្ទាន់ ផឹកស៊ីសប្បាយជាក្រុមៗសិនទៅ។

ក្រៅពីនោះសកម្មភាពអសកម្មខ្លះៗ តាំងពីការបើកបរ ការហូបចុកស្រវឹងបាតណាប៉ាតណី ខ្វះទំនួលខុសត្រូវ ក៏គួរតែលើកកំពស់ហើយព្យាយាមកាត់បន្ថយ រួចយកពេលវេលាដែលមិនមានប្រយោជន៍ទាំងនេះទៅធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម ។ នៅក្នុងអំឡុងពេលនេះគឺជាពេលវេលាដែលត្រូវត្រូវតែពួតដៃគ្នាទាំងអស់ ដើម្បីបន្តការពារដែនអធិបតេយ្យ ការពារបូរណៈភាពទឹកដី ។

ប្រសិនបើយើងទាំងអស់រួមគ្នាជាធ្លុងមួយហើយយើងអាចទប់ទល់ និងការពារប្រទេសជាតិរបស់យើងបាននៅពេលនេះ នោះទៅថ្ងៃមុខយើងនឹងរស់ប្រកបដោយមោទនៈភាពជាតិ ។ យើងជាប្រទេសតូច មានប្រជាជនតិច ប៉ុន្តែសំខាន់ទឹកចិត្តនិងការរួមគ្នាជាធ្លុងមួយគ្រប់និន្នាការនោះយើងពិតជាអាចធ្វើបាន ។

 

Daily Program

Livesteam thumbnail