អ្នកកើតមហារីកអាចទៅស្វែងរកសេវាព្យាបាលនៅ មន្ទីរពេទ្យឯកទេសក្នុងស្រុកបានហើយ!

អ្នកដែលកើតជំងឺមហារីកហើយចង់បន្តជីវិតអាចទៅស្វែងរកសេវាពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យសាធារណៈដំបូងគេដែលមានឯកទេសជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេសកម្ពុជា ។

ជាការពិតសេវា​វេជ្ជសាស្រ្តព្យាបាលពលរដ្ឋដែលកើតជំងឺមហារីកមិនមែនថ្មីនៅកម្ពុជានោះទេ ។ សេវាកម្ម នេះមាននៅតាមមន្ទីរពេទ្យនានាជាពិសេសមន្ទីរពេទ្យសាធារណៈធំៗនៅក្នុងប្រទេស ប៉ុន្តែកម្ពុជាមិនមានមន្ទីរពេទ្យឯកទេសផ្នែកជំងឺនេះទេតាំងពីមុនមក ទើបតែពេលនេះបានមាន ។

ការដែលកម្ពុជាមានមន្ទីរពេទ្យ​ឯកទេសបែបនេះវាសមស្រប ហើយវាអាចបំពាក់សំភារៈ​បានច្រើន ស្របពេលដែលជំនាញលើផ្នែកព្យាបាលមហារីកនេះក៏ស៊ីជម្រៅ ដែលអាចជួយពន្យាពេលស្លាប់និងសម្រាលការឈឺចាប់របស់អ្នកជំងឺមហារីកបានកាន់តែមានប្រសិទ្ធភាព ។

តាមព័ត៌មាននៅថ្ងៃសម្ភោធកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យនេះគឺបំពាក់ឧបករណ៍ទំនើបៗជាច្រើនដែលជាឧបករណ៍និងសំភារៈវេជ្ជសាស្រ្តទាន់សម័យនៅក្នុងការព្យាបាលជំងឺមហារីកជូនពលរដ្ឋ ។​

នៅក្នុងទីតាំងដែលមាន អគារមន្ទីរពេទ្យ១ខ្នង កម្ពស់៥ជាន់ និង​គ្រែ​សរុប​​ចំនួន២០០គ្រែ មន្ទីរពេទ្យនេះអាចមានសមត្ថភាព ផ្តល់សេវា ពិគ្រោះជំងឺក្រៅ ជាង២៣ម៉ឺននាក់ ហើយបាន ស្រាវជ្រាវរកឃើញអ្នក​ជំងឺ​មហារីកថ្មី ចំនួន ៣.៤២០នាក់។

នៅពេលនេះមន្ទីរពេទ្យនេះ មានមន្ត្រី និងបុគ្គលិកជាង៤០០នាក់ ក្នុងនោះបុគ្គលិកបច្ចេកទេសសុខាភិបាលដែលជា​សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសចំនួន​៧៩នាក់, វេជ្ជបណ្ឌិតទូទៅ១៧នាក់, អ្នករូបវិទ្យាវេជ្ជសាស្ត្រ៤នាក់, ឱសថការី ១៧នាក់, គិលានុបដ្ឋាក ១២៣នាក់, ឆ្មប៥២នាក់ ព្យាបាលដោយចលនា ២នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ២១នាក់ និងអ្នកបច្ចេកទេសវិទ្យុសាស្រ្តសម្រាប់​បាញ់​កាំរស្មី៦នាក់ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត១២នាក់។

តាមដឹងមន្ទីរពេទ្យនេះគឺបានកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិលើការបណ្តុះបណ្តាលធន​ធាន​មនុស្ស និងស្រាវជ្រាវដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រទេសបារាំង អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម ។ ក្រៅពីនោះ មន្ទីរពេទ្យ មានផែនការសម្រាប់ដំណាក់កាលទីពីរក្នុងការពង្រីកវិសាលភាពនៃការព្យាបាល គ្រប់​ប្រភេទដុំមហារីក និងមហារីកគ្រាប់ឈាម ព្រមទាំងវេជ្ជសាស្ត្រនុយក្លេអែរ (Nuclear Medicine)ផងដែរ ។

សរុបសង្ឃឹមថា សមិទ្ធផលថ្មីនេះគឺពិតជាអាចឆ្លើយតបនឹងតម្រូវការផ្នែកសេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋបាន ជាមួយនឹងតម្លៃសមរម្យ ហើយក្រុមគ្រូពេទ្យក៏មានវិជ្ជាជីវៈនិងក្រមសីលធម៌  ។​យើងក៏សង្ឃឹមផងដែរថា បងប្អូនប្រជាពលរដ្ឋក៏គួរតែមកស្វែងរកសេវាព្យាបានជំងឺនេះនៅមន្ទីរពេទ្យនេះ ហើយកាត់បន្ថយការវេចសំពាចលុយទៅអោយគេនៅក្រៅប្រទេស ។

 

Daily Program

Livesteam thumbnail
khmer popup image