បើមានអាការៈមួយចំនួន គួរទៅពិនិត្យសុខភាពផ្លូវចិត្ត
សុខភាពផ្លូវកាយជារឿងដែលយើងកំពុងតែយកចិត្តទុកដាក់ ចំពោះ ខ្លួនឯង ប៉ុន្តែទន្ទឹមនឹងនោះ យើងអាចភ្លេចរឿងសុខភាពផ្លូវចិត្ត ដែលវា សុទ្ធសឹង តែជាបញ្ហាគំរាមកំហែងលើខ្លួនយើង និងគ្រួសារ។ សុខភាពផ្លូវកាយដែលយើងកំពុងតាមដាន និងយកចិត្តទុកដាក់ខ្លាំងគឺជំងឺឆ្លង និងជំងឺមិនឆ្លង ប៉ុន្តែការយកចិត្តទុកដាក់លើជំងឺផ្លូវចិត្តអាចមានការខកខាន ហើយពលរដ្ឋយើងមួយចំនួននៅតែមិនទាន់យល់ដឹង ច្បាស់ ដែលទាមទារការប្រុងប្រយ័ត្ន។
ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តនេះ ជំងឺមួយដែលអាចមានការគំរាមកំហែងខ្លាំងនៅក្នុងសង្គមយើង គឺជំងឺធ្លាក់ទឹកចិត្ត។ ជំងឺនេះត្រូវបានអ្នកជំនាញអះអាងថា វាមានរោគសញ្ញាសម្គាល់មួយចំនួន។ រោគសញ្ញាទាំងនោះមានដូចជា៖ មានអារម្មណ៍ថាអស់កម្លាំង ឬ ខ្សោយកម្លាំង សូម្បីការងារតូចតាចក៏ត្រូវការការប្រឹងប្រែងខ្លាំង។ អ្នកខ្លះមានការផ្លាស់ប្តូរចំណង់អាហារ ពី ការញ៉ាំតិច ជ្រុលទៅ ញ៉ាំ ច្រើន ឬ ប្រែប្រួលទម្ងន់។ អ្នកខ្លះទៀតមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ចូលចិត្តបន្ទោសខ្លួនឯង ឬ ឱ្យ តម្លៃខ្លួនឯងទាប។ រីឯបញ្ហាដំណេកគឺ ពិបាកគេង ឬ គេងច្រើនជ្រុល។
ការផ្ចង់អារម្មណ៍ក៏មានការថយចុះ មិនសូវចាប់អារម្មណ៍ ឬ មិនសូវរីករាយ អស់សង្ឃឹម ចំពោះ អនាគត ឬ គ្មានចំណាប់អារម្មណ៍អ្វីសោះ គិតថាបើស្លាប់ល្អជាង ហើយអ្វីដែលគួរឱ្យខ្លាចបំផុត គឺការចង់សម្លាប់ខ្លួន។
នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើយើង សង្កេតឃើញ ខ្លួនយើងនៅក្នុងស្ថានភាពនេះ ចូរប្រុងប្រយ័ត្ន ហើយប្រញាប់ទៅពិគ្រោះជំងឺជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។ ក្រៅពីខ្លួនយើង ប្រសិនបើ មិត្តភក្តិ ឬ សង្កេតឃើញមានអ្នកណាដែលមានអាការៈបែបនេះ គួរតែប្រញាប់ដាស់តឿន និងលើកទឹកចិត្តរូបគេឱ្យប្រញាប់ទៅស្វែងរកសេវាពិគ្រោះយោបល់ជាបន្ទាន់ ដើម្បីកុំឱ្យបញ្ហាអាក្រក់កើតមានឡើង។
នាពេលបច្ចុប្បន្ននេះ នៅពេលដែលលុយពិបាករក ហើយការចំណាយចេះតែកើន ទំនិញឡើងថ្លៃ ម្ហូបអាហារក៏ឡើងថ្លៃបែបនេះ ការធុញថប់ស្មារតីអាចមានច្រើន។ នេះគឺជាពេលវេលាដែល ត្រូវមានការ ប្រុងប្រយ័ត្នទាំងអស់គ្នា។ សូមកុំធ្វេសប្រហែស ពីព្រោះតែ ការប្រហែស អាចធ្វើឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរឡើង។ បើវាកើតចំពោះខ្លួនយើង គ្រួសារយើងនឹងទទួលរងគ្រោះ ប៉ុន្តែបើវាកើតមានចំពោះអ្នកណាម្នាក់នៅក្នុងគ្រួសារយើង នោះយើងក៏ត្រូវតែ រែកពន់ បញ្ហាដែរ។
សរុបមក សុខភាពផ្លូវចិត្តមានសារៈសំខាន់មិនចាញ់សុខភាពផ្លូវកាយឡើយ ជាពិសេសជំងឺធ្លាក់ទឹកចិត្ត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសង្គម ប្រសិនបើមិនបានយកចិត្តទុកដាក់ និងព្យាបាលទាន់ពេលវេលា។ ដូច្នេះ យើងគ្រប់គ្នាគួរតែចេះសង្កេតមើលរោគសញ្ញា ថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួន និងយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន ដោយផ្តល់ការលើកទឹកចិត្ត និងជួយឱ្យពួកគេស្វែងរកជំនួយពីអ្នកជំនាញនៅពេលចាំបាច់។ សូមកុំមើលរំលង ឬមើលស្រាលបញ្ហាសុខភាពផ្លូវចិត្ត ព្រោះការយល់ដឹង ការយកចិត្តទុកដាក់ និងការជួយគ្នាទាន់ពេលវេលា គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារជីវិត និងរក្សាសុភមង្គលក្នុងគ្រួសារ និងសង្គម៕
