អូទីហ្សឹមមិនមែនជាជំងឺឆ្កួត ឬផ្លូវចិត្តទេ !

មកដល់ពេលនេះឪពុកម្តាយខ្លះនៅតែយល់ខុសថា អូទីហ្សឹមគឺជាជំងឺឆ្កួតឫផ្លូវចិត្ត ប៉ុន្តែតាមពិតទៅវាមិនមែនដូចជាការគិតបែបនោះឡើយ។ តាមពិតទៅ វាជាលក្ខខណ្ឌអភិវឌ្ឍន៍ដែលបង្ហាញពីរបៀបដែលកុមារ ឫអ្នកដែលកើតជំងឺនេះ មើលឃើញពិភពលោក និងរបៀបដែលពួកគេទំនាក់ទំនងនឹងអ្នកដទៃ។

សូមយល់ឲ្យច្បាស់លាស់ អូទីហ្សឹម គឺជាស្ថានភាពវិវត្តន៍មួយដែលប៉ះពាល់ដល់របៀបដែលបុគ្គលម្នាក់ៗប្រាស្រ័យទាក់ទង អន្តរកម្ម និងដំណើរការបរិយាកាសជុំវិញពួកគេ។ ជារឿយៗឪពុកម្តាយគឺជាមនុស្សដំបូងគេដែលសម្គាល់ឃើញសញ្ញាដំបូងនៃជំងឺអូទីហ្សឹមចំពោះកូនៗរបស់ពួកគេ ហើយការទទួលស្គាល់សញ្ញាទាំងនេះកាន់តែឆាប់វាអាចនាំទៅរកការអន្តរាគមន៍ទាន់ពេលវេលា ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់កុមារ។

សញ្ញាដំបូងនៃជំងឺអូទីហ្សឹមអាចលេចឡើងនៅពេលដែលកុមារមានអាយុប្រមាណជា ១៨ខែ ហើយប្រែប្រួលយ៉ាងទូលំទូលាយរវាងបុគ្គលម្នាក់ៗ។ សញ្ញាសំខាន់ៗដែលយើងអាចធ្វើការកត់សំគាល់ឃើញគឺរួមមាន ដូចជា ៖

សមត្ថភាពនៃការធ្វើទំនាក់ទំនងយឺតយ៉ាវ៖ ការអភិវឌ្ឍន៍ការនិយាយមានកម្រិត ឬការលំបាកក្នុងការបញ្ចេញនូវតម្រូវការ និងអារម្មណ៍។

បញ្ហាប្រឈមក្នុងសង្គម៖ ពិបាកក្នុងការទំនាក់ទំនងជាពិសេសគឺការប្រើប្រាស់ក្រសែភ្នែក ឆ្លើយតបនឹងឈ្មោះរបស់ពួកគេ ឬចូលរួមក្នុងអន្តរកម្មសកម្មភាពទៅវិញទៅមកធម្មតា។

ឥរិយាបថដដែលៗ៖ សកម្មភាពមួយចំនួនដដែលៗដូចជា ទះដៃ ញ័រ ឬរៀបចំវត្ថុតាមរបៀបជាក់លាក់មួយ។

ភាពរសើបនៃអារម្មណ៍៖ ប្រតិកម្មខ្លាំងពេក ឬប្រតិកម្មខ្សោយចំពោះធាតុបញ្ចូលនៃអារម្មណ៍ដូចជាសំឡេង ឬពន្លឺ។

ប្រសិនបើឪពុកម្តាយសង្កេតឃើញសញ្ញាទាំងនេះជាប់លាប់ ការពិគ្រោះជាមួយគ្រូពេទ្យកុមារ ឬអ្នកជំនាញផ្នែកអភិវឌ្ឍន៍គឺចាំបាច់ណាស់។ ការវាយតម្លៃប្រកបដោយវិជ្ជាជីវៈអាចពាក់ព័ន្ធនឹងការពិនិត្យមើលការអភិវឌ្ឍន៍ និងការវាយតម្លៃដោយអ្នកឯកទេសដូចជា អ្នកចិត្តសាស្រ្ត ឬអ្នកប្រឹក្សាយោបល់។

នៅពេលដែលការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ជាក់ ជំហានសកម្មអាចជួយកុមារដែលមានជំងឺអូទីហ្សឹមមានការរីកចម្រើន មួយចំនួនដែលរួមមាន ការស្វែងយល់អំពីជំងឺ អូទីហ្សឹម ការស្វែងរកការអន្តរាគមន៍ទាន់ពេល ហើយក្រៅពីនោះឪពុកម្តាយក៏អាចបង្កើតបរិយាកាសគាំទ្រផ្សេងៗរួមទាំងការលើកទឹកចិត្តដល់ការប្រាស្រ័យទាក់ទងគ្នា បង្កើនការយកចិត្តទុកដាក់ និង ហាត់អត់ធ្មត់ និង​យកចិត្តទុកដាក់នឹងពួកគេ ។

តាមរយៈការទទួលស្គាល់សញ្ញាដំបូង និងការផ្តល់ការគាំទ្រត្រឹមត្រូវ ឪពុកម្តាយអាចជួយកូនដែលមានជំងឺអូទីហ្សឹម ងាកមករកប្រក្រតីភាពវិញបាន។ សូមកុំខឹងអ្នកដទៃ នៅពេលដែលគេរំលឹក អំពីស្ថានភាពនេះ ហើយ លើកកំពស់ការតាមដានការវិវត្តន៍របស់កូនប្រុសកូនស្រីរបស់អ្នក។ ការដឹងរោគសញ្ញា និង អាការៈមុន នាំដល់ការស្វែងរកដំណោះស្រាយបានទាន់ពេលវេលា៕

Daily Program

Livesteam thumbnail