អាហារនៅផ្ទះប្លែកពីអាហារនៅហាងយ៉ាងណា?
អាហារចំអិននៅផ្ទះនិងអាហារនៅហាងជាទូទៅមិនដូចគ្នាទេ ដោយសារតែអាហារនៅផ្ទះជាទូទៅអាចមិនមានសោភណភាពរៀបចំល្អស្អាតដូចនៅហាងឡើយ ប៉ុន្តែកុំភ្លេចថា អាហារចំអិននៅផ្ទះវាមានគុណតម្លៃច្រើនសម្រាប់គ្រួសារ។
អាហារដែលចំអិននៅផ្ទះដោយផ្ទាល់ដៃជាទូទៅមានលក្ខណៈមិនសូវមានសោភណភាព ឡើយ ប៉ុន្តែជាទូទៅគេទទួលស្គាល់ថា មានអនាម័យល្អប្រសើរជាងអាហារដែលយើងនាំគ្នាចេញទៅទទួលទាននៅក្រៅផ្ទះ។ ម្យ៉ាងវិញទៀតអាហារដែលចំអិនដោយខ្លួនឯង អាចអស់លុយតិច ជាងអាហារនៅហាង ប៉ុន្តែបើនិយាយអំពីគុណតម្លៃវិញគឺមានច្រើនអនេក។
វាគឺជាអាហារដែលចំអិនដោយអ្នកម្តាយ ឬបងស្រី ឬក៏ភរិយា ឬក៏ខ្លួនយើង ដែលយើងតែងតែ លាងសំអាតបន្លែ ត្រីសាច់ស្អាតល្អ ខណៈដែលអាហារដែលចំអិននៅហាងទោះបីជាហាងខ្លះមានបុគ្គលិកទទួលខុសត្រូវ មានគុណធម៌យ៉ាងណាក៏រមែងមានការចន្លោះប្រហោង។
ជាធម្មតាអាហារចំអិននៅហាងដោយចុងភៅគឺជាខ្សែសង្វាក់ការងារ ដោយចេញពីអ្នកលាងបន្លែ លាងចាន លាងសាច់ ហើយការចំអិន ។ ទោះជាហាងនោះមានស្តង់ដា យ៉ាងណាក៏ដោយ ភាគរយនៃការធ្វេសប្រហែសគឺមានច្រើន ខុសពីអាហារចំអិននៅតាមផ្ទះ ដោយម្ហូបអាហារមួយពេលៗគឺយកចិត្តទុកដាក់គ្រប់ដំណាក់កាល ហើយផ្ចិតផ្ចង់ទោះជា រស់ជាតិមិនដូចជាចុងភៅអាជីព ប៉ុន្តែអាហារនៅតាមផ្ទះខ្លះគឺក៏ឆ្ងាញ់មិនខុសពីហាងដែរ ។
ម្យ៉ាងវិញទៀត ពពួកអាហារនៅហាងនៅក្នុងមួយចានៗតម្លៃថ្លៃខណៈដែលទទួលទានតែមួយចានពេលខ្លះ ប្រសិនបើយកលុយនោះទៅទិញបន្លែ សាច់ និងគ្រឿងផ្សំផ្សេងៗមកចំអិនខ្លួនឯងនោះគឺ តម្លៃនៃការចំណាយលើមុខម្ហូបនៅហាងតែមួយមុខសម្រាប់មនុស្ស២នាក់ ការទទួលអាហារនៅផ្ទះចំអិនខ្លួនឯងអាចបានមួយផ្ទះ ឬបើសមាជិកតិច គឺអាចសល់ប្រាក់ច្នៃបានម្ហូបអាហារមួយមុខផ្សេងទៀតផងដែរ។
ម្យ៉ាងវិញទៀតប្រសិនបើទទួលទានអាហារចំអិននៅផ្ទះក្រៅពីសន្សំសំចៃហើយនោះ វាក៏ជាការអោយតម្លៃដល់អ្នកចំអិន ដែលខិតខំសម្រិតសម្រាំងចំអិនទុកអោយយើងទទួលទាន ។ ម្យ៉ាងវិញទៀតការទទួលទានអាហារចំអិននៅក្នុងផ្ទះ គឺបញ្ជាក់ពីអារម្មណ៍កក់ក្តៅ លើកទឹកចិត្ត គាំទ្រ និងផ្តល់កម្លាំងចិត្ត ដែលនាំអោយគ្រួសារកាន់តែមានសុភមង្គល។
សរុបមកវិញការទទួលទានអាហារចំអិននៅផ្ទះវាមានចំណុចល្អច្រើន ហើយគុណសម្បត្តិក៏មានច្រើនដែរ ដូច្នេះយើងទាំងអស់គ្នាគួរអោយតម្លៃនិងគោរពនូវអ្នកដែលធ្វើការតាមផ្ទះជាពិសេសគឺស្រ្តីដែលជាម្តាយ ជាបងស្រី ឬជាភរិយា ដែលមួយថ្ងៃ សូម្បីតែពេលគេងក៏ត្រូវរិះគិតថាតើត្រូវធ្វើម្ហូបអ្វីដើម្បីអោយអ្នកនៅក្នុងផ្ទះទទួលទានអាហារបានឆ្ងាញ់ពិសារ៕