អាកាសធាតុអាប់អួរបែបនេះ ក្រៅពីទឹកជំនន់ ក៏គួរប្រយ័ត្នគ្រោះរន្ទះបាញ់ផង !

ព្យុះយ៉ាជី ពិតជាអាក្រក់បំផុតដោយពេលនេះវាបានសម្លាប់មនុស្ស១៥៥ នាក់ និង​បាត់ខ្លួន ១៤១ នាក់នៅវៀតណាម ហើយកំពុងគំរាមកំហែងទីក្រុងហាណូយប្រទេសវៀតណាម ខណៈដែលនៅថៃ និង ឡាវគឺកំពុងរងគ្រោះនឹងទឹកជំនន់ ស្របពេលដែលកម្ពុជាក៏ទទួលការព្យាករណ៍ថា ភ្លៀងក្រាស់ក្រែលដែរ ។

នៅក្នុងស្ថានភាពបែបនេះក្រៅពីភ្លៀងធ្លាក់កម្ពុជានៅមិនទាន់មានរបាយការណ៍ពីគ្រោះមហន្តរាយណាមួយធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំភ្លេចលើកកំពស់ការប្រុងប្រយ័ត្ននូវគ្រោះមហន្តរាយផ្សេងៗជាពិសេសគឺទឹកជំនន់ ។

ក្រៅពីគ្រោះទឹកជំនន់ចេញនៅក្នុងស្ថានភាពនេះក៏សូមកុំភ្លេចលើកកំពស់ការប្រុងប្រយ័ត្ននឹងគ្រោះរន្ទះបាញ់ផង ពីព្រោះមកដល់ពេលនេះមានមនុស្សជាច្រើននាក់ហើយដែលរន្ទះបាញ់បានសម្លាប់ ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយបានឲ្យដឹងថា ការវាយប្រហារដោយបាតុភូតរន្ទះបានសម្លាប់មនុស្សចំនួន ៥០ នាក់រួចមកហើយនៅក្នុង រយៈពេល៨ខែនៃឆ្នាំ ២០២៤​។​

គ្រោះថ្នាក់នេះ ធ្លាក់ចុះជិត ២២ ភាគរយ នេះបើគេធៀបនឹងតួរលេខជនរងគ្រោះបាត់បងជីវិតដោយបាតុភូតរន្ទះ កាលពីរយៈពេលដដែលកាលពីឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សរហូតដល់ទៅ ៦៤នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រោះថ្នាក់ដោយរន្ទះគឺនៅតែធំនិងជាគ្រោះមហន្តរាយមួយ ដែលត្រូវតែយកចិត្តទុកដាក់ ។

កុំប្រហែសនឹងបាតុភូតរន្ទះ ពីព្រោះថា ក្រៅពីអ្នកស្លាប់អ្នកដែលរបួសគឺមានដល់ទៅ ៤៣ នាក់ផ្សេងទៀត ដែលសំណាងមិនអស់ជីវិត ។​

ជុំវិញគ្រោះធម្មជាតិបែបនេះ នៅពេលដែលភ្លៀង ប្រជាពលរដ្ឋគ្រប់រូបសូមប្រញាប់រកទីជម្រកដែលមានសុវត្ថិភាព ហើយនៅពេលដែលភ្លៀងសូមបិទរាល់វត្ថុអេឡិចត្រូនិច រាប់តាំងពីទូរស័ព្ទដៃ ពីព្រោះវាសុទ្ធតែជាវត្ថុស្រូបដែលអាចបង្កឲ្យមានបាតុភូតរន្ទះនេះកើតឡើង ។​

ក្រៅពីទឹកជំនន់និងរន្ទះហើយនោះបាតុភូតខ្យល់កន្រ្តាក់ក៏មិនគួរមើលរំលងដែរ ពីព្រោះវាបានឆក់យកជីវិតមនុស្ស ៤នាក់ និងរបួស ៣២ នាក់ផ្សេងទៀត ព្រមទាំងបានបណ្តាលឲ្យផ្ទះចំនួន ៤៨២ ខ្នងដួលរលំក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះផងដែរ។

សរុបសេចក្តីទៅនៅក្នុងអំឡុងពេលដែលប្រទេសស្ថិតនៅក្នុងស្ថានភាពដែលអាកាសធាតុអាប់អួរបែបនេះ អាជ្ញាធរគ្រប់កម្រិតគឺត្រូវតែត្រៀមបង្កាការឆ្លើយតបដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ​ ហើយខាងប្រជាសហគមន៍ក៏ត្រូវតរៀបចំស្បៀងសម្លៀកបំពាក់ថ្នាំសង្កូវបង្កា ក្រែងគ្រោះមកដល់យើងអាចយករួចឫរំដោះខ្លួនចេញពីគ្រោះថ្នាក់មួយគ្រាៗ បាន ។

Daily Program

Livesteam thumbnail