អស់តំណែងព្រោះតែប្រើប្រាស់អាវុធ ខុសពេលខុសភារកិច្ច

ព្រោះតែប្រើប្រាស់អាវុធខុសពេលខុសតួនាទីនិងភារកិច្ច មន្រ្តីសមត្ថកិច្ចដែលមានឋានៈនិងតួនាទីគួរសមមួយរូបត្រូវបានឃាត់ខ្លួន និង ផ្អាកមុខតំណែង ដូច្នេះវាគឺជាសារមួយបញ្ជាក់ថា អាវុធមិនគួរយកតាមខ្លួន ជាពិសេសពេលចប់ភារកិច្ច។

គ្រប់គ្នាមិនថាមន្រ្តីស៊ីវិល ឬក្នុងជួរកងកម្លាំងនោះទេ អាវុធមិនគួរយកតាមខ្លួនឡើយ ពីព្រោះវាគ្រោះថ្នាក់ជាពិសេសនៅពេលដែលយើងមានបញ្ហាដែលពិបាកនិងគ្រប់គ្រងចិត្តបើសិនជាមានវានៅក្នុងដៃ។ ទោះបីជាយើងមានសិទ្ធិកាន់ ឬមានសិទ្ធិស្របច្បាប់ប្រើប្រាស់វាក៏ដោយ គឺមិនគួរយកតាមខ្លួនក្រៅកន្លែងក្រៅភារកិច្ចនោះទេ។

រឿងនេះមិនមែនជារឿងថ្មីនោះទេ ហើយកន្លងមកក៏មានរឿងនិងហេតុការណ៍អាក្រក់ជាច្រើនកើតមានឡើងដោយ សារតែបញ្ហាអាវុធជាតិផ្ទុះនេះឯង។

ករណីចុងក្រោយនេះ គឺពាក់ព័ន្ធនឹង ឧត្ដមសេនីយ៍​ត្រី​​នៃកងរាជ​អាវុធ​ហត្ថម្នាក់ នៅពេលនេះកំពុងតែរងបញ្ហាពីព្រោះតែការប្រើប្រាស់អាវុធនេះឯង។ បច្ចុប្បន្ននេះមន្រ្តីសមត្ថកិច្ចមួយរូបនេះបានកំពុងតែត្រូវឃាត់ខ្លួន ហើយកន្លែងការងារវិញក៏ត្រូវបានស្នើផ្អាកតួនាទីនិងភារកិច្ចដែលធ្លាប់ទទួល។

រឿងនេះវាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ក៏កើតរឿងដកកាំភ្លើងវាយក្បាលគេបែកកាលពីថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៥។​

ក្រោយពេលដែលរឿងនេះបែកធ្លាយនិងផ្សព្វផ្សាយនៅលើបណ្តាញសង្គមព្រោងព្រាតមក មន្រ្តីកងកម្លាំងរូបនោះ ត្រូវបានសមត្ថកិច្ច​នគរបាល​ខណ្ឌសែនសុខ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​ ហើយដំណើរការតាមនិតិវិធីច្បាប់។  

ក្រោយការចាប់ខ្លួន អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ករណីដែលមន្រ្តីខ្លួន បង្កហិង្សាលើ ស្ដ្រីម្នាក់ នេះក៏ត្រូវបានអង្គភាពស្នើតាមឋានានុក្រមដើម្បីផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

នេះហើយគឺដោយសារតែអាវុធ ដូច្នេះយើងខ្ញុំយល់ថា គ្រប់គ្នាមិនគួរប្រើប្រាស់អាវុធឡើយ ហើយអ្នកដែលមានសិទ្ធិកាន់អាវុធគ្រប់រូប គឺមិនគួរដាក់តាមខ្លួន។​ អាវុធអាចប្រើប្រាស់និងដាក់តាមខ្លួនតែនៅពេលដែលមានភារកិច្ចទៅបានហើយ។

នៅពេលដែលចប់ភារកិច្ចចប់តួនាទី គួរតែទុកនៅក្នុងស្ថាប័ន ឫនៅអារិយាល័យហើយទុកដាក់ឲ្យបានត្រឹមត្រូវ នៅក្នុងករណីដែលយើងយកតាមខ្លួន វាអាចអាង ហើយក៏វាអាចមានបញ្ហាដូចករណីខាងលើ ។ ពេលមានរាងមានទំនាស់នៅខាងក្រៅ យើងដោះស្រាយគ្នាដោយមិនមានអាវុធសំអាងនោះបញ្ហាមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។

កំហុសវាអាចមានគឺត្រឹមតែរដ្ឋប្បវេណីនិងសំណងបន្តិចបន្តួច ប៉ុន្តែដល់តែយើងមានអាវុធ ហើយប្រើប្រាស់វាខុសបែបនេះទៀត គឺវាខុសជាន់លើខុស ហើយនៅពេលនោះហើយដែលយើងត្រូវចប់តែម្តង។

ដាក់អាវុធតាមខ្លួនមិនចំណេញឡើយ គឺវាចំណេញតែរឿងទេ ។ ស្រុកយើងសន្តិភាព សន្តិសុខក៏កែលំអរ ដូច្នេះមិនគួរយកអាវុធឆ្វេចឆ្វាចពាសវាលពាសកាលឡើយ។ គួរតែរក្សាវានៅកន្លែងការងារឲ្យស្រួលបួល ដើម្បីកុំអោយមានពិរុទ្ធ ពេលខ្លះបើមានអ្នកណាយកទៅប្រើផ្តេសផ្តាស់គឺវាក៏ប៉ះពាល់ដល់យើងផងដែរ៕

 

Daily Program

Livesteam thumbnail