អង្ករឡើងថ្លៃហើយ ខណៈជីវភាពពលរដ្ឋមួយចំនួននៅតែយ៉ាប់ !

អង្ករដែលបានដាក់លក់នៅលើទីផ្សារនៅពេលនេះ​ត្រូវបានប្រជាពលរដ្ឋអះអាងថា បានឡើងថ្លៃមួយបាវទម្ងន់ ៥០ គីឡូក្រាមពី ៣០ ០០០ ទៅ​៤០ ០០០ រៀល ទៅតាមប្រភេទអង្ករ ជាហេ​តុ នាំអោយពលរដ្ឋមួយចំនួនរអ៊ូ។​

បើតាមការរអ៊ូរទាំរបស់ប្រជាពលរដ្ឋការឡើងថ្លៃអង្ករនេះ គឺបានកើតមានឡើងប្រមាណជា​២ ទៅ​៣ខែមកហើយ ខណៈដែលស្ថានភាពសេដ្ឋកិច្ចនិងមុខរបរពលរដ្ឋជាច្រើននៅតែពិបាក។​តាមបណ្តាញសង្គម ក៏ដូចជា​ការជួបផ្ទាល់ ពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា នៅពេលនេះ ចំនួនអ្នកដែលប្រកបរបររកស៊ីតូចតាច គឺកាន់តែមានច្រើន ខណៈដែលអតិថិជន ពោលគឺប្រ​ជា​ពលរដ្ឋនានា បានកំពុងតែដាក់កម្រិតការចំណាយដោយសារតែពួកគេក៏ពិបាករកលុយផងដែរ ដូច្នេះហើយបានជាវាជះឥទ្ធិពលបែបនេះ។​

ប្រជាពលរដ្ឋក៏បានបន្តទៀតថា នេះសំណាងចេះតម្លៃប្រេងឥន្ធនៈហាក់មិនសូវឡើងខ្លាំង ប៉ុន្តែប្រសិនបើតម្លៃប្រេងឥន្ធនៈឡើងទៀតនោះ គឺកាន់តែបង្កស្ថានភាពកាន់តែយ៉ាប់យឺនសម្រាប់ពួ​កគេ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ មិនមែនរាជរដ្ឋាភិបាលមិនបានដឹងនោះទេ គឺរដ្ឋាភិបាលដឹង ដូច្នេះ ហើយបានជារដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើននៅពេលនេះនៅក្នុងគោ​លដៅដើម្បីជំរុញសេដ្ឋកិច្ច ប៉ុន្តែនេះមិនមែនជាស្ថានភាពដែលកើតមានតែនៅក្នុងប្រទេស កម្ពុជានោះទេ សូម្បីតែនៅស្រុកថៃ វៀតណាម ឡាវ និង ប្រទេសផ្សេងៗគឺសុទ្ធតែមានស្ថានភាព ដូចគ្នានេះទាំងអស់ ដូច្នេះហើយយើងត្រូវតែពុះពារនិងតស៊ូអំណត់បន្ថែមទៀត​។​

នៅក្នុងអំឡុងពេលនេះគឺជាអំឡុងពេលដែលលំបាក យើងត្រូវតែចែករំលែកគ្នារកទទួលទាន ហើយនិងតស៊ូសន្សំសំចៃ ពោលគឺធ្វើយ៉ាងណាព្យាយាមកាត់បន្ថយការចំណាចតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ការសន្សំសំចៃគឺជាដំណាក់កាលដែលត្រូវតែយកចិត្តទុកដាក់ ហើយប្រសិនបើអាចការចំណា​យ​ខុសគោលដៅនានា ជាពិសេសគឺការចំណាយនៅលើគ្រឿងស្រវឹង បារី និងភេសជ្ជៈដែលប៉ះពាល់ដល់សុខភាពគួរតែកាត់បន្ថយ។ ក្រៅពីនោះអ្នកដែលមានទម្លាប់ទទួលទានក្រៅផ្ទះក៏គួរតែនៅក្នុងផ្ទះ ​ធ្វើយ៉ាងណារក្សាការសន្សំនោះអោយខ្ពស់ ដើម្បីរងចាំស្ថានការណ៍ហានិភ័យវារសាយតាមពេលរលាទៅ៕

 

Daily Program

Livesteam thumbnail