ហួសហើយ! សូមរិះគិតឡើងវិញសកម្មភាពមួយចំនួន

មួយរយៈនេះ​ យើងឃើញមនុស្សមួយក្រុមបានជិះម៉ូតូបំពាក់ដោយឧបករណ៍បន្លឺស៊ីរ៉ែនហើយផ្តល់សេវាបើកផ្លូវ សម្រាប់កម្មវិធីផ្សេងៗ ដែលខ្លួនមិនមានសិទ្ធិ និងតួ​នាទីដែលអាចប្រើប្រាស់ឧបករណ៍បំពងសម្លេងបែបនេះនៅតាមផ្លូវសាធារណៈឡើយ ។

ក្រុមនេះកន្លងមកត្រូវមានប្រជាពលរដ្ឋបានអះអាងថា បានបំពាក់ឧបករណ៍បន្លឺសម្លេងនៅតាម ផ្លូវសធារណៈដើម្បីបើកនាំផ្លូវពិធីដង្ហែរសព និង រថយន្តសង្រ្គោះខ្លះៗ ដែលសកម្មភាព បែបនេះអាចជាការរំលោភដែនសមត្ថកិច្ចរបស់ជំនាញសមត្ថកិច្ច ហើយក៏អាចនឹងបង្កបញ្ហា និងរំខានសណ្តាប់ធ្នាប់សាធារណៈ ។

សម្រាប់យើងជាពលរដ្ឋធម្មតានៅពេលធ្វើដំណើរនៅលើទ្រូងផ្លូវសាធារណៈ គ្មាននរណាអាចមានសិទ្ធិប្រើឧបករណ៍បំពងសម្លេងសឺរ៉េនសុំផ្លូវបានទេ ។ នៅក្នុងករណីប្រញាប់ ឬមានហេតុការណ៍​ប្រញាប់បន្ទាន់ គឺយើងមានសិទ្ធិត្រឹមតែស៊ីផ្លេសុំផ្លូវ ខ្លះៗ និង មានសិទ្ធិត្រឹមបើកភ្លើងស៊ីញូ​ទាំង៤ភ្លឹបភ្លែតសុំផ្លូវប៉ុណ្ណោះ ។​

មកដល់ពេលនេះរថយន្តដែលអាចមានសិទ្ធិបំពាក់ស៊ីរ៉ែនសុំផ្លូវបានគឺមានតែរថយន្តសមត្ថកិច្ច  ក្រៅ​ពីនោះមានរថយន្តសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យ និង រថយន្តគណប្រតិភូធំៗក៏ដូចជាថ្នាក់ ដឹ​កនាំ ហើយ ក៏មិន​មែនចេះតែបើករហូតដែរ គឺនៅក្នុងករណីមានបេសកម្ម និងកិច្ចការបន្ទាន់ប៉ុ​ណ្ណោះ ដូច្នេះសកម្មភាពប្រើប្រាស់សឺរែន បែបនេះគួរតែបញ្ឈប់ ។

ការដែលអស់លោកប្រើប្រាស់ឧបករណ៍បំពងសំលេងជាសឺរ៉ែនបែបនេះ វាអាចបង្ករការយល់ ច្រឡំពីសំណាក់អ្នកធ្វើដំណើរឯទៀត ហើយក៏អាចនឹងជះឥទ្ធិពលដល់ការងារជំនាញរបស់សមត្ថកិច្ចនៅក្នុងពេលបំពេញភារកិច្ចដែរ ។​

ដោយឡែកសមត្ថកិច្ចវិញក៏គួរតែស្រាវជ្រាវបញ្ចប់សកម្មភាពនេះហើយ បើមិនដូច្នេះទេ សង្គម យើងនឹងច្របូកច្របល់បន្ថែមទៀតមិនខាន ។ យើងទាំងអស់គ្នាមានសិទ្ធិ ប៉ុន្តែសិទ្ធិនិងការប្រើប្រាស់សិទ្ធិ នេះក៏ត្រូវតែយល់អំពីច្បាប់ មិនមែនចេះតែនឹងឃើញហើយចេះតែយកមកប្រើប្រាស់ ផ្តេសផ្តាស់ឡើយ ។

សរុបមកវិញសូមលោកអ្នកបញ្ឈប់សកម្មភាពនេះទៅ ហើយនៅក្នុងករណីមាន អាសន្ន គឺយើ​ងអាចប្រើប្រាស់ត្រឹមភ្លើងសញ្ញាសុំផ្លូវជាការស្រេច ពលរដ្ឋយើងនៅពេលនេះ ក៏មានការយល់ដឹ​ងច្រើនដែរ។

យើងរស់នៅក្នុងសង្គមដូចគ្នា គប្បីយកច្បាប់ និងគោរពបែបបទសង្គមឲ្យបានត្រឹមត្រូវ បើមិនដូ​ច្នេះទេ សង្គមនឹងមានតែបញ្ហាឈឺក្បាល និង​អនាធិបតេយ្យជាមិនខាន៕

 

Daily Program

Livesteam thumbnail