ស្អប់ឬស្រលាញ់រដ្ឋាភិបាលសូមកុំសម្ដែងតាមការតវ៉ាដោយខុសច្បាប់ !
ស្អប់ឬស្រលាញ់រដ្ឋាភិបាល ឬក៏គាំទ្រឬប្រឆាំងនឹងរដ្ឋាភិបាលសូមកុំសម្ដែងសកម្មភាពតាមការតវ៉ាឬចូលរួមចលនាដែលនាំដល់សកម្មភាពដោយខុសច្បាប់ពីព្រោះតែចូលរួមខុសច្បាប់គឺនឹងមានទោស។ ស្អប់ឬស្រលាញ់រដ្ឋាភិបាល ឬក៏គាំទ្រឬប្រឆាំង បើចង់សម្ដែងដោយស្របច្បាប់គឺនៅពេលបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។
ថ្មីៗនេះបើតាមការចែកចាយនៅលើបណ្តាញសង្គមដោយក្រុមអ្នកប្រឆាំងនិងអាជ្ញាធរមានសមត្ថកិច្ច គឺកំពុងតែមានចលនាគៀងគរពលរដ្ឋឲ្យមកតវ៉ាប្រឆាំងរដ្ឋាភិបាលរឿងបាត់ដី ៤ខេត្តពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឈន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និង វៀតណាម ដោយនៅក្នុងនោះខេត្តដែលគេកំពុងតែលើកឡើងជាឈ្នាន់នោះគឺមាន ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង ក្រចេះ។
ពាក់ព័ន្ធនឹងចលនានៅលើបណ្តាញសង្គមនេះ ប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសារនយោបាយរួចហើយដោយរួមទាំងលើកឡើងនូវបន្ទាត់ក្រហមដោយយកច្បាប់នានានិងរដ្ឋធម្មនុញជាគោល ហើយនៅព្រឹកថ្ងៃទី ១៥ ខែសីហា ប្រមុខរដ្ឋាភិបាលក៏បានលើកឡើងជាថ្មី។
ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា រឿងបាត់បង់ទឹកដីនិងអធិបតេយ្យភាពគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបត្រូវបារម្ភត្រូវគិតគូ ហើយគ្រប់គ្នាគឺមានសិទ្ធិនៅក្នុងការបញ្ចេញមតិ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំលើសពីក្រមខណ្ឌច្បាប់។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ការប្រឈមគ្នាមិនមែនជាដំណោះស្រាយនោះទេ ការចេះនិយាយគ្នា ស្វែងរកការឯកភាពគ្នា ទើបជាដំណោះស្រាយល្អ ហើយការបាត់បង់ទឹកដីនិងអធិបតេយ្យភាពជាបន្តបន្ទាប់កន្លងមគឺដោយសារតែការបែកបាក់គ្នា។
ប្រមុខរដ្ឋាភិបាលក៏សង្កតធ្ងន់ផងដែរថា ការកង្វល់អំពីទឹកដី គឺជាកាតព្វកិច្ច និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់ ធ្វើអីក៏កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ការបញ្ចេញទស្សនៈត្រូវមានក្របខ័ណ្ឌមួយ កុំឈានដល់ការប្រើហិង្សាកាប់ចាក់គ្នា។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលក៏បានបន្តថា រាល់ការអនុវត្តគោលនយោបាយនិងកិច្ចការជាតិគឺរាជរដ្ឋាភិបាលតែយកមតិភាគច្រើនជាគោលនិងជាមូលដ្ឋាន ហើយនៅក្នុងករណីមិនពេញចិត្តនិងរាជរដ្ឋាភិបាល ឬក៏អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ កុំធ្វើអ្វីដែលខុសច្បាប់ ហើយសិទ្ធិអំណាចស្របច្បាប់ដែលគ្រប់គ្នាអាចធ្វើបានគឺនៅរៀងរាល់ការបោះឆ្នោត៥ ឆ្នាំម្តង។
នេះគឺជាសារនយោបាយថ្មីមួយ ស្របពេលដែលសមត្ថកិច្ចនិងអាជ្ញាធរក៏បានផ្សព្វផ្សាយអំពីវិធានការផ្សេងៗនៅពេលដែលមានព័ត៌មានអំពីការប៉ុនប៉ងធ្វើការតវ៉ាមួយប្រឆាំងនឹងបញ្ហាអភិវឌ្ឈន៍នៅ៤ខេត្តក្រោមយន្តការនៃគម្រោងអភិវឌ្ឈន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង វៀតណាមនេះ។
សរុបមកវិញសិទ្ធិនិងការបញ្ចេញមតិគឺមានគ្រប់គ្នា ប៉ុន្តែសិទ្ធិនិងសេរីភាពនេះគឺនៅក្នុងក្រមខណ្ឌច្បាប់ ហើយប្រសិនបើយើងនាំគ្នាមកចូលរួមសកម្មភាពដែលប្រឆាំងនឹងច្បាប់គឺយើងនឹងល្មើសច្បាប់ ហើយសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់គេ ដូច្នេះទោះជានរណាមានទស្សនៈយ៉ាងណាក៏ដោយសូមកុំធ្វើអ្វីដែលល្មើសច្បាប់ ហើយស្អប់ឬស្រលាញ់រដ្ឋាភិបាល ឬក៏គាំទ្រឬប្រឆាំង គឺរង់ចាំពេលបោះឆ្នោត ពីព្រោះយើងអាចប្រើចុងប៊ិញយើងសម្ដែងមតិតាមការគូសនៅលើសន្លឹកឆ្នោត ដោយស្របច្បាប់។