ស្លាកសញ្ញាចរាចរណ៍នានាគួររកទីតាំងនិងដាក់យ៉ាងណាដើម្បីងាយស្រួលដល់អ្នកបើកបរ!

ស្ថាប័នជំនាញនានាគួរតែយកចិត្តទុកដាក់នៅក្នុងការរៀបចំស្លាកសញ្ញាចរាចរណ៍នានានៅក្នុងរាជធានីនិងតាមដងផ្លូវនានា ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរងាយឃើញ ងាយចាប់អារម្មណ៍ ។

មកដល់ពេលនេះស្លាកសញ្ញាចរចារណ៍នៅសឹងតែគ្រប់ទីកន្លែងសូម្បីតែនៅរាជធានីភ្នំពេញគឺកំពុងតែមានសភាពទ្រុឌទ្រោម កន្លែងខ្លះក៏នៅល្អ ប៉ុន្តែទីតាំងរបស់វាគឺនៅទីតាំងដែលអ្នកបើកបរពិតជាពិបាកមើល ។

ស្លាកសញ្ញាចរាចរណ៍ខ្លះទៀតត្រូវបានខូចខាតដោយសារតែសកម្ម​ភាពផ្សេងៗ ហើយកន្លែងខ្លះទៀតគឺត្រូវបានបាំងដោយស្លាកយីហោ កន្លែងខ្លះបាំងដោយសារតែ ពលរដ្ឋលក់ដូរដាក់របស់របរបាំង កន្លែងខ្លះទៀតគឺត្រូវដើមឈើបាំងជាងដើម​ដល់ពេល ដែលអ្នកបើកបរមិនចាប់អារម្មណ៍ក៏ត្រូវសមត្ថកិច្ចប៉ូលីសចរាចរណ៍ផាកពិន័យក៏បង្កឲ្យមានការជជែកគ្នាតវ៉ាក៏មានជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀតស្លាកសញ្ញាទាំងនេះគួរតែអ្នកជំនាញសិក្សាដកពិសោធន៍ធ្វើយ៉ាងណា ឲ្យពណ៌ ទឹកថ្នាំ ក៏ដូចជាទីតាំងកំណត់នោះដាក់ឲ្យច្បាស់ៗជាពិសេសគឺផ្លាកបញ្រ្ចាសទិសចរាចរណ៍  ស្លាកហាមបត់ឆ្វេង ស្លាកហាមបត់ស្តាំ ស្លាកហាមរថយន្តធនធំ ជាដើម។​

ដោយឡែកតាមផ្លូវជាតិវិញធំៗដែលមាន៤គន្លងវិញ ក៏គួរណាស់សម្របសម្រួលនិងកំណតស្លាកសញ្ញាឡើងវិញផងដែរ ។ ជាធម្មតាស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវជាតិនានា ហាក់បី ដូចជាកំណត់ទៅតាមស្លាកចាស់ដែលពីមុនជាផ្លុវដែលតូចចង្អៀត ប៉ុន្តែដល់ពេលដែលផ្លូវជាតិត្រូវបានពង្រីកក៏ស្លាកទាំងនេះនៅតែត្រូវបានចម្លងយកមកដាក់ទីតាំងនេះដដែល ដែលវាមិនសមស្របទាល់តែសោះនឹងស្ថានភាពនៃបច្ចុប្បន្នភាពផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាខំអភិវឌ្ឍន៍។​​

រាល់ស្លាកសញ្ញាចរាចរណ៍វាគួរតែដល់ពេលដែលជំនាញសិក្សារៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញដើម្បីឲ្យស៊ីគ្នានឹងទីតាំងដែលត្រូវកំណត់ មិនមែនចេះតែរក្សាតាំងពីដើមយ៉ាងម៉េច​បច្ចុប្បន្នទុកដដែលឡើយ ។

នៅពេលបច្ចុប្បន្ននេះ មនុស្សក៏ច្រើន ផ្លូវក៏ពង្រីក ហើយយានយន្តក៏កើនឡើង ដូច្នេះបច្ចុប្បន្នភាពនៃស្លាកចរចារណ៍ក៏គួរតែ​មានការសិក្សានិងវិភាគហើយដាក់ចេញដើម្បីកំណត់ទីតាំងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកអ្នកបើកបរពោលគឺអ្នកប្រើប្រាស់ផ្លូវនានា៕

Daily Program

Livesteam thumbnail