ស្រលាញ់ជាតិកុំលេងបណ្តាញសង្គមនិយាយអំពីយោធា !

ក្រោយពេលដែលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃរាងកើនកំដៅបន្តិចពាក់ព័ន្ធនឹងឧបទ្ធវហេតុនៃការយល់ច្រឡំដែលបានកើតមានឡើងនៅប្រាសាទតាមាន់ធំកាលពីសប្តាហ៍មុននេះ មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានយកយោធូបបករណ៍យោធារបស់ប្រទេសកម្ពុជានិងថៃមកធ្វើនេះធ្វើនោះហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
តាមរយៈសកម្មភាពទាំងនេះ យើងនៅមិនទាន់ដឹងថា តើគេធ្វើបែបនោះដើម្បីហេតុផលអ្វីនោះទេ ប៉ុន្តែប្រសិនបើដើម្បីតែទទួលបាន Like និង Views ច្រើនអី យើងខ្ញុំគិតថា គួរកុំអីល្អជាង ពីព្រោះការផ្សព្វផ្សាយបែបនេះ វាអាចជាការឌឺដងដុតរោលកំដៅនៃចលនាជាតិនិយមឲ្យកាន់តែផុលផុសឡើងបន្ថែមទៀត ។
ម្យ៉ាងវិញទៀតសកម្មភាពបែបនេះវាក៏ជាការផ្សាយនូវនិងចែករំលែកនូវព័ត៌មាននិងស្ថានភាពយោធារ ដែលអាចឲ្យបច្ចាមិត្តដឹងអំពីយើង ហើយព្យាយមប្រមូលព័ត៌មានពីយើងក៏ថាបានដែរ ។ ក្រៅពីនោះ វាក៏ជាសកម្មភាព ដែលអាចឲ្យកងទ័ពយើងមានបញ្ហាផ្នែកអារម្មណ៍ផងដែរ។
ជាទូទៅនៅពេលដែលមានសង្រ្គាមផ្ទុះឡើង ស្អីក៏ដោយដែលជាចំណុចខ្សោយនិងចំណុចខ្លាំងរបស់ភាគីនីមួយៗគឺគេអាចប្រើប្រាស់វិធីសាស្រ្តគ្រប់យ៉ាងដើម្បីប្រមែប្រមូលព័ត៌មានដើម្បីគេអាចយកទៅច្រោះរកធាតុចូលដែលមានប្រយោជន៍សម្រាប់ដាក់ចេញនូវយុទ្ធសាស្រ្តនៃសង្រ្គាម មួយដែលអាចមានប្រៀបនៅលើសមរភូមិជាក់ស្តែងបាន ។
ក្រៅពីអ្នកដែលបង្កើតមាតិការបែបនោះផ្ទាល់ បងប្អូនដែលចូលរួមចែករំលែក និង បញ្ចេញព័ត៌មាននៅក្នុងកន្លែង comment អី ក៏អាចនឹងជាច្រកសម្រាប់គេប្រមូលព័ត៌មានពីយើងបានដែរ។ សូមបងប្អូនព្យាយាមរិគិតហើយពិចារណាឲ្យបានដឹតដល់ ។
នៅក្នុងស្ថានភាពបែបនេះអ្វីដែលយើងទាំងអស់គ្នាគួរតែធ្វើគឺព្យាយាមរក្សាអាថកំបាំងផ្ទៃយើងឲ្យជិត ហើយគួរតែព្យាយាមស្វែងរកព័ត៌មានពីគេ ហើយចាំយើងប្រើប្រាស់យុទ្ធវិធីឆ្លើយតប ។
រឿងទំនាស់ព្រំដែន និងសន្តិសុខជាតិគឺជារឿងដ៏រសើប ពីព្រោះវាគឺជារឿងប្រទេសជាតិ ដែលគប្បីមានការប្រុងប្រយ័ត្ននិងគិតគូដោយការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ។ សូមកុំឆ្លៀតឱកាសហើយព្យាយាមផ្សារភ្ជាប់នឹងរឿងយោធានិងសន្តិសុខជាតិ ដើម្បីតែចំនួន Views Shares ឫ Like ផ្តេសផ្តាស ។
សរុបទៅ ដើម្បីជាប្រយោជន៍សង្គម និងសេដ្ឋកិច្ច មាតិកាដែលគួរតែយើងចូលរួមផ្សព្វផ្សាយគឺគួរតែពាក់ព័ន្ធនឹងទេសចរណ៍ សេដ្ឋកិច្ចសង្គម និង អ្វីៗដែលរីករាយ ។ ការផ្សព្វផ្សាយទាំងនេះវាជួយឲ្យពលរដ្ឋមានអារម្មណ៍ល្អ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើយើងផ្សព្វផ្សាយអ្វីដែលជាបញ្ហាប្រឈមមុខដាក់គ្នាផ្តេសផ្តាស់ គឺរិតតែធ្វើអោយសា្ថនការណ៍កាន់តែអាក្រក់ ។
Daily Program
