ស្មារតីឯករាជ្យគួរតែពង្រឹង និងបំពាក់បំប៉នដល់យុវជន និងយុវនារី
ស្មារតីឯករាជ្យគួរតែពង្រឹង និងបំពាក់បំប៉នដល់យុវជន និងយុវនារី
ថ្ងៃស្អែកទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃខូបទី៧០ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ដែលខ្មែរបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដណ្តើមឯករាជ្យភាពពីអាណានិគមនិយមបារាំង ហើយក៏ជាថ្ងៃដែលកម្ពុជាដណ្តើមបានឥស្សរភាពរបស់ខ្លួន ដូច្នេះនៅថ្ងៃនោះ ក៏ជាថ្ងៃដែលយើងជាខ្មែត្រូវតែពង្រឹងភាពឯករាជ្យម្ចាស់ការលើខ្លួនយើងផងដែរ ជាពិសេសគឺស្រទាប់យុវវ័យ។
នៅមុនព្រឹត្តិការណ៍នេះមកដល់អាជ្ញាធរខេត្តក្រុងមួយចំនួនបាននាំគ្នារៀបចំព្រឹត្តិការណ៍នេះបណ្តើរៗហើយ ដោយឡែកនៅរាជធានីភ្នំពេញក៏នឹងមានរៀបចំព្រឹត្តិការណ៍នេះផងដែរពោលគឺនៅចំថ្ងៃនេះតែម្តង។ នៅក្នុងថ្ងៃនោះ នឹងមានកម្មវិធីជាច្រើន នៅពេលព្រឹកនិងពេលរសៀល ហើយនៅពេលព្រលប់ៗក៏នឹងមានពិធីបាញ់កាំជ្រួចបង្កបរិយាកាសសប្បាយរីករាយ អបអរទិវា ជាប្រវត្តិសាស្រ្តនេះផងដែរ។
នៅក្នុងនាមជាខ្មែរយើងត្រូវតែចូលរួមរីករាយនៅក្នុងថ្ងៃនេះទាំងអស់គ្នា ហើយប្រសិនបើអាច គួរតែធ្វើសកម្មភាពល្អៗ ដែលសកម្មភាពទាំងនោះ គឺមានអត្ថន័យនិងអត្ថរស់ធ្វើយ៉ាងណាលើកកំពស់សាមគ្គីភាព និងសេចក្តីស្រលាញ់រវាងគ្នានឹងគ្នា នៅក្នុងនាមជាជនរួមជាតិ ជាពិសេសនៅក្នុងចំណោមយុវវ័យដែលជាអ្នកបន្តវេន។
យើងក៏ត្រូវតែពូនជ្រុំ និងពង្រឹងស្មារតីឯករាជ្យជាតិនេះបន្តទៀត។ ថ្ងៃនេះគឺជារំលឹក តែឯករាជ្យភាពពីអាណានិគមប៉ុណ្ណោះ ប៉ុន្តែធាតុពិតយើងក៏ត្រូវតែពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការ ក៏ដូចជាម្ចាស់ស្រុក របស់យើងបន្ថែមទៀត។ ឯករាជ្យមានន័យទូលំទូលាយណាស់ ហើយកាលណាយើងមិនមានចំណេះ មិនមានធនធាន មិនមានសមត្ថភាព ឯករាជ្យភាពរបស់យើងក៏មានដែនកំណត់។
នៅក្នុងនាមជាខ្មែរយើងត្រូវស្វែងយល់អំពីគោលនយោបាយរបស់ជាតិ ពីព្រោះនៅពេលនេះ ឯករាជ្យភាពក៏កំពុងតែរងការរំខានផងដែរ ខណៈដែលពិភពលោកនៅពេលនេះកំពុងមាន ពហុប៉ូលជាច្រើន ហើយកំពុងតែប្រឡងប្រណាំងដណ្តើមឥទ្ធិពលនិងអំណាចរាងៗខ្លួន ដូច្នេះនៅក្នុងនាមយើងជាប្រជាជននៅក្នុងប្រទេសឯករាជ្យមួយ ក៏គួរតែដឹងនិងមានជំហររបស់ខ្លួនប្រកបដោយភាពជាម្ចាស់របស់ខ្លួន។
ឯករាជ្យ និងអព្យាក្រិតភាព នេះគឺជាគោលនហោបាយការបរទេសដែលកម្ពុជាយើងបាន ដាក់ចេញមកជាយូរ មកហើយ រហូតមកដល់ពេលនេះក៏នៅតែបន្តគោលនយោបាយនេះដែល ដូច្នេះវាចាំបាច់ណាស់សម្រាប់យើងជាពលរដ្ឋ និងយុវវ័យត្រូវយល់។
នៅក្នុងករណីយើងមិនសូវយល់ យើងអាចនឹងធ្លាក់ទៅក្នុងលកល្បិចនិងកលយុគ ដែលគេរៀបចំ ហើយអាចនឹងក្លាយជាឧបករណ៍នយោបាយរបស់គេ ដូច្នេះសរុបមកវិញនៅក្នុងនាម ជាប្រជាពលរដ្ឋខ្មែរនិងជាយុវវ័យរបស់ជាតិយើងត្រូវតែដឹងនិងរក្សាជំហររបស់ខ្លួនអោយបានច្បាស់លាស់៕