ស្នេហាជាតិជារឿងចាំបាច់ ប៉ុន្តែកុំយកទស្សនៈជាតិនិយមជ្រុល !​

ទស្សនៈជាតិនិយម គឺជាទស្សនៈដែលមានសឹងតែគ្រប់ជាតិសាសន៍ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំឱ្យវាជ្រុល។

កាលណាយើងជា​អ្នក​ជាតិនិយមជ្រុល គេក៏ជ្រុល ទំនាស់នឹងកើតមានឡើង ដូច្នេះគប្បីយកមូលដ្ឋានច្បាប់អន្តរជាតិ និង សច្ចភាព ព្រមទាំងឯកសារដែលពាក់ព័ន្ធជាមូលដ្ឋានទើបប្រសើរ។​

យើងស្រលាញ់ជាតិ គេក៏ស្រលាញ់ជាតិ ប៉ុន្តែប្រសិនបើយើងស្រលាញ់ជ្រុល​វាអាចកើតទៅជាទំនាស់​ ។ ស្នេហាជាតិ គឺគួរឈរនៅលើលើមូលដ្ឋានច្បាប់និងឯកសារ ព្រមទាំងសក្ខីកម្មប្រវត្តិសាស្រ្តដែលមានការទទួលស្គាល់ យកជាមូលដ្ឋានជាគោលទើបទំនាស់អាចកាត់បន្ថយ។ កុំបង្កទំនាស់ កាលណាទំនាស់កើតមានវាគ្មាននរណាចំណេញទេ គឺមានតែការខាតបង់ អ្នកដែលចំណេញគឺអ្នកដែលចង់ឲ្យសភាពការណ៍វាបែបនេះ។

សូមកុំបង្កទំនាស់ជាមួយនឹងប្រទេសជិតខាងដោយសារតែទស្សនៈជាតិនិយមជ្រុលតាមខ្សែញាក់របស់អ្នកនយោបាយ។ ពីព្រោះនៅពេលដែលមានទំនាស់ មានការប៉ះទង្គិច អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋនៅតាមព្រំដែន​តែម្តង។ ជាក់ស្តែងការប៉ះទង្គិចតាមព្រំដែនរវាងកម្ពុជានិងថៃពីឆ្នាំ២០០៨ ដល់​ឆ្នាំ២០១១ ដែលទើបតែកន្លងទៅ។​

មកដល់ពេលនេះចលនាជាតិនិយមជ្រុល កំពុងតែត្រូវបានអ្នកនយោបាយនៅក្នុងប្រទេសថៃ​ក៏ដូចជា​អ្នកនយោបាយកម្ពុជានៅក្រៅប្រទេសមួយចំនួនបញ្ជេះបញ្ហានេះឡើង ដូចជារឿងនៅកោះគុត ហើយថ្មីៗនេះគឺរឿងនៅប្រាសាទតាមាន់។

ពាក់ព័ន្ធនឹងរឿងស្នេហារជាតិនិងការប្រកាន់ទស្សនៈជាតិនិយមជ្រុលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងរួចហើយថា សូមកុំជ្រុល​ ហើយអ្នកនយោបាយសូមទុកឲ្យអ្នកបច្ចេកទេសគេធ្វើការ។​

សម្តេចក៏បានបញ្ជូនសារទៅអ្នកនយោបាយទាំងកម្ពុជា និង ថៃថា សូមកុំយករឿងនយោបាយមកពាក់ព័ន្ធនិងកិច្ចការបច្ចេកទេសឲ្យសោះ។ ពីព្រោះអ្នកនយោបាយអត់ដឹងកិច្ចការភូមិសាស្រ្តដូចអ្នកបច្ចេកទេសទេ។ សូមទុកឱ្យអ្នកបច្ចេកទេស គេធ្វើការ ដោះស្រាយ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងបច្ចេកទេស។​  អ្នកនយោបាយថៃសូមកុំយករឿងនេះទៅជំរុញ រកការចំណេញនយោបាយហើយ យកហេតុផលដែលមិនអាចយកជាការបាន។

នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ជាក់ថា កម្ពុជាយកមូលដ្ឋាននៅលើច្បាប់អន្តរជាតិនៅក្នុងការថែរក្សាអធិបតេយ្យជាតិរបស់ខ្លួន យើងរកវិធីដោះស្រាយបញ្ហាដែលបន្សល់ទុកពីមុន តាមរយៈយន្តការដែលយើងបានឯកភាពគ្នាផ្លូវការ ដែលមានគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ ធ្វើការផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ផែនទីដែលយើងបានឯកភាពគ្នា។

សរុបមកវិញ​រឿងព្រំដែន វាស្មុគស្មាញណាស់​។ រឿងនេះគឺជារឿងដែលបន្សល់ទុកមករាប់សិបឆ្នាំមកហើយ ដូច្នេះសូមដោះស្រាយដោយជំហានៗ​ ដោយឈរលើភាពឈ្នះៗទាំងសងខាង​ហើយផ្អែកលើផែនទី ក៏ដូចជាឯកសារយើងនិងកិច្ចព្រមព្រៀង នានាដែលមានឈរលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។​ រឿងព្រំដែនរសើបកុំយកវាមកធ្វើជាហ្គេមនយោបាយ៕

Daily Program

Livesteam thumbnail