ស្ថាប័នជំនាញគួរចុះដោះស្រាយពេលពលរដ្ឋមានបញ្ហា កុំចាំផ្ទុះនៅលើបណ្ដាញសង្គម!

មកដល់ពេលនេះ តាមប្រតិកម្មនិងការលើកឡើងនៅលើបណ្ដាញសង្គម ក៏ដូចជាការសង្កេតលើទិដ្ឋភាពជារួម ឃើញថា ស្ថាប័នមួយចំនួនចុះដោះស្រាយប្រកបដោយប្រសិទ្ធភាព នៅពេលដែលករណីនោះផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។ ដូច្នេះហើយ ទើបមានការលើកឡើងពីករណីអសកម្មរបស់មន្ត្រីនៅក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

ករណីដែលបានកើតមានឡើងថ្មីៗនេះ មានដូចជាករណីព្រំកន្លែងលក់នៅផ្សារមួយក្នុងរាជធានីភ្នំពេញ និងករណីចាក់ដីនៅលើផ្លូវបេតុងមួយនៅខេត្តកណ្ដាលជាដើម។ មុនករណី​​នេះត្រូវបានដោះស្រាយ និងចាត់វិធានការយ៉ាងពេញដៃពេញជើង គឺមានការប្ដឹងផ្ដល់ទៅស្ថាប័នជំនាញពីសំណាក់អ្នកនៅក្នុងហេតុការណ៍នោះរួចហើយ ប៉ុន្តែដំណោះស្រាយហាក់ត្រជាក់ល្ហឹម។ ផ្ទុយទៅវិញ អ្វីៗបែរជាមានចំណាត់ការយ៉ាងកក្រើក ក្រោយពេលដែលមានការចុះទៅផ្សព្វផ្សាយដោយអ្នកសារព័ត៌មាន ឬការចែករំលែកតៗគ្នាដោយពលរដ្ឋពេញទឹកពេញដី ឡើងព្រោងព្រាត។

ក្រោយករណីទាំងនេះផ្ទុះឡើង ក៏ស្រាប់តែមានក្រុមការងារចុះយ៉ាងរហ័ស រហូតដល់ករណីខ្លះមានវត្តមានរដ្ឋមន្ត្រី ហើយករណីខ្លះទៀតមានដល់មន្ត្រីធំៗជាងនេះទៅទៀត។ នៅក្នុងស្ថានភាពនេះហើយ ទើបពលរដ្ឋបានមើលឃើញ និងចេះតែលើកឡើងពីភាពអសកម្មរបស់មន្ត្រីនៅតាមស្ថាប័នថ្នាក់ក្រោម ឬស្ថាប័នជំនាញ។ រឿងរ៉ាវដែលកើតឡើងខ្លះ មិនគួរជារឿងដែលត្រូវរំខានដល់មន្ត្រីថ្នាក់លើ ឬអ្នកធំឡើយ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាមិនព្រមធ្វើ ទាល់តែមានអន្តរាគមន៍ រហូតដល់មានការចុះមកត្រួតពិនិត្យមើល និងចាត់វិធានការផ្ទាល់ថែមទៀតផង។ តើករណីទាំងនោះមកពីខ្លាចមេ ឬខ្ជិលបំពេញភារកិច្ច?

សូមយកចិត្តទុកដាក់កែប្រែ ឬកែសម្រួលរបៀបរបបការងារឡើងវិញ។ ការងារនិងការទទួលខុសត្រូវ គឺត្រូវធ្វើជាប្រព័ន្ធតាំងពីថ្នាក់ក្រោមឡើងទៅ។ ការងារនិងការសម្រេចចិត្ត មិនមែនទាល់តែអ្នកធំទើបអាចសម្រេចបាននោះឡើយ។ ចំពោះកិច្ចការនិងការទទួលខុសត្រូវមួយចំនួនដែលស្ថិតក្រោមដែនសមត្ថកិច្ច ឬជំនាញរបស់ខ្លួន អ្នកធំគួរតែផ្ដល់សិទ្ធិឱ្យអ្នកនៅក្រោមឱវាទដោះស្រាយ ហើយនៅពេលដែលអ្នកធំផ្ដល់សិទ្ធិហើយ អ្នកតូចក៏គួរតែហ៊ានកាត់សេចក្ដីនៅក្នុងដែនសមត្ថកិច្ច និងអំណាចរបស់ខ្លួនផងដែរ។ សូមកុំទុកឱ្យបញ្ហាទៅគរនៅលើបណ្ដាញសង្គម ខណៈដែលពាក្យបណ្ដឹងនិងបែបបទរដ្ឋបាលនៅតាមស្ថាប័នគរទុកចោលដូចជាគ្មានដំណោះស្រាយដូច្នោះ។

សរុបមក ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាគួរតែចាប់ផ្ដើមពីមូលដ្ឋាន និងអនុវត្តតាមប្រព័ន្ធ មិនគួររង់ចាំរហូតដល់បញ្ហាផ្ទុះលើបណ្ដាញសង្គម ឬត្រូវការអន្តរាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ទើបមានចំណាត់ការនោះទេ។ មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតួនាទី និងទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈថ្នាក់ដឹកនាំគួរផ្ដល់សិទ្ធិ និងទំនុកចិត្តដល់អ្នកក្រោមឱវាទក្នុងការសម្រេចចិត្ត។ ការកែសម្រួលរបៀបធ្វើការឱ្យមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេល គឺជាគន្លឹះក្នុងការកុំឱ្យបញ្ហាតូចក្លាយជាបញ្ហាធំ និងកុំឱ្យបណ្ដាញសង្គមក្លាយជាកន្លែងចាំបាច់សម្រាប់ជំរុញការដោះស្រាយបញ្ហារដ្ឋបាល។

 

Daily Program

Livesteam thumbnail
khmer popup image