ស្ងាត់ៗកូវីដ ១៩នៅកម្ពុជាកម្រើកឡើងវិញ !

ក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសពញាក់ស្មារតីឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងមេរោគកូវីដ ១៩ ថ្មីដែលគេហៅថា ជេអ៊ិន១(JN.1) មក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅស្រាប់តែក្រសួងបានរកឃើញករណីឆ្លងមេរោគករណីថ្មី។
តាមអ្វីដែលក្រសួងបានប្រកាសបានឲ្យដឹងថា នៅថ្ងៃនោះក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន ៥ ករណី ជាហេតុនាំឲ្យករណីឆ្លងកូវីដ ១៩ ថ្មីនៅកម្ពុជាបានកើនឡើងដល់ទៅ ១៣៩.៣៤៧ នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ករណីស្លាប់គឺនៅដដែល ពោលគឺត្រឹមតែ ៣.០៥៦នាក់។
ក្រៅពីករណីថ្មីដែលកត់ត្រានៅថ្ងៃទី ១៣ ខែឧសភា មុននេះ៣ ថ្ងៃក្រសួងក៏បានរកឃើញករណីឆ្លងថ្មី៣ករណីទៀតដែរ។
ដូច្នេះសូមប្រុងប្រយ័ត្នហើយលើកកម្ពស់វិធានការបង្ការនិងការពារកុំអោយមានការរីកសាយភាពនូវមេរោគនេះបន្ថែមមកកាន់តែច្រើនថែមទៀត។
នេះគឺជាស្ថានភាពនៃការឆ្លងថ្មីៗនៅក្នុងប្រទេស ខណៈដែលកាលពីថ្ងៃទី ១២ ខែឧសភា ថ្មីៗនេះ ក្រសួងក៏បានពញាក់ការប្រុងប្រយ័ត្ននិងវិធានការបង្ការនិងការពារដោយសារតែមេរោគកូវីដ ១៩ ថ្មីដែលគេហៅថា ជេអ៊ិន ១ គឺកំពុងតែឆ្លងរាលដាលខ្លាំង។
មេរោគកូវីដ១៩ ចុងក្រោយនេះ គឺជាពពួកមេរោគ អូមីក្រុងដែលបានបំប្លែងខ្លួនជាថ្មី ហើយនៅពេលនេះវាបាន រីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
ក្រសួងសុខាភិបាលបានអះអាងថា ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ជេអ៊ិន ១ ត្រូវបានរកឃើញមានជាង ១៥ភាគរយនៃករណីកូវីដ ១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។
មកដល់ពេលនេះមេរោគកូវីដ ១៩ គឺនៅតែជាជំងឺមួយប៉ុន្តែគេលែងចាត់ទុកជាជំងឺគ្រោះថ្នាក់សាហាវទៀតហើយ។ ទោះជាយ៉ាងណា កុំភ្លេចថា មនុស្សជាច្រើននាក់នៅតែបន្តស្លាប់ដោយសារតែជំងឺនេះគ្រាន់តែវាមិននៅក្នុងស្ថានភាពរង្គាលដូចជាប៉ុន្មានឆ្នាំមុន ជាពិសេសគឺនៅក្នុងឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។
សូមប្រុងប្រយ័ត្នការពារខ្លួនឯងហើយកុំចម្លងទៅអ្នកដទៃ។ ក្រសួងបានឲ្យដឹងថានៅពេលអ្នកមានអាការៈមួយចំនួនលេចចេញមក ដូចជាគ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ ស្រដៀងគ្នានឹងផ្តាសសាយ គឺសូមចូលរួមបង្ការនិងទប់ស្កាត់ដោយត្រូវអនុវត្តវិធានអនាម័យ ដោយលាងដៃនឹងសាប៊ូឬអាកុល ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ កុំខាកស្តោះពាសវាលពាសកាល ត្រូវខ្ទប់មាត់និងច្រមុះពេលក្អក ដោយប្រើម៉ាស កែងដៃ ក្រម៉ា កន្សែង ឬ ក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមដែលគ្រប់បិទជិត។
នៅក្នុងស្ថានភាពមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពសូមកុំចូលទៅទីប្រជុំជន ឬ ធ្វើដំណើរ។ សូមការពារកុំឲ្យខ្លួនអ្នកក្លាយជាភ្នាក់ងារសាបព្រោះជំងឺកូវីដ ១៩ ជាថ្មីបន្តទៀត៕
Daily Program
