ស្កែមលែងមានជំរំប្រមូលផ្តុំធំៗនៅស្រុកយើងទៀតហើយ តែយើងត្រូវពួតដៃគ្នាសម្អាតក្រុមតូចៗបន្ត

ជាការពិត ការខិតខំប្រឹងប្រែងបោសសម្អាតស្កែម (Scam) យ៉ាងក្តៅគគុកតាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញថា នៅកម្ពុជាលែងមានជំរំប្រមូលផ្តុំធំៗនៃឧក្រិដ្ឋកម្មនេះទៀតហើយ ប៉ុន្តែនៅសេសសល់ក្រុមតូចៗមួយចំនួន។

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ កន្លែង និងចាត់វិធានការលើទីតាំងចំនួន ៦៦៣ កន្លែង។ ទីតាំងឆបោកខ្នាតធំចំនួន ៨៦ កន្លែង ត្រូវបានបង្ក្រាប និងរំលាយចោល។ សំណុំរឿងចំនួន ៤៤៦ ត្រូវបានបញ្ជូនទៅតុលាការ ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣.៩២៧ នាក់។ ទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារជាប់ពាក់ព័ន្ធនឹងការឆបោក ត្រូវបានបង្កក។

តួលេខទាំងនេះបង្ហាញពីវិសាលភាពនៃការអនុវត្តច្បាប់ ប៉ុន្តែមិនមានន័យថាការងាររបស់យើងត្រូវបានបញ្ចប់នោះឡើយ។ យើងទទួលស្គាល់ថា បណ្តាញឧក្រិដ្ឋកម្មមានសមត្ថភាពផ្លាស់ប្តូររូបភាព និងវិធីសាស្ត្រប្រតិបត្តិការរបស់ខ្លួន។ នៅពេលដែលទីតាំងឆបោកខ្នាតធំត្រូវបានបង្ក្រាប ឧក្រិដ្ឋជនអាចបំបែកប្រតិបត្តិការជាក្រុមតូចៗ ឬលាក់ខ្លួនក្រោមរូបភាពអាជីវកម្មផ្សេងៗ។

ហេតុនេះ ភារកិច្ចរបស់យើងនៅដំណាក់កាលបន្ទាប់ គឺបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។ ពេលនេះ អាជ្ញាធរកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដើម្បីផ្តាច់ឫសគល់ចេញពីកម្ពុជា។ យ៉ាងណាមិញ ឧក្រិដ្ឋកម្មនេះងាយនឹងលូតពន្លកសារជាថ្មីណាស់ ដែលទាមទារឱ្យយើងត្រូវតែបន្តបង្ក្រាបជាប្រចាំ។

ឧក្រិដ្ឋកម្មនេះមានភាពស្មុគស្មាញ ហើយឧក្រិដ្ឋជនងាយស្រួលធ្វើសកម្មភាពបំផុត ដោយគ្រាន់តែប្រើប្រាស់កុំព្យូទ័រ ទូរសព្ទ និងភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតជាការស្រេច។ ពួកគេអាចធ្វើសកម្មភាពបានគ្រប់ទីកន្លែង ដែលទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

សូមកុំឱ្យឧក្រិដ្ឋកម្មនេះដុះពន្លក បង្កវិនាសកម្ម ជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យប្រឡាក់ប្រឡូសដល់មុខមាត់កម្ពុជាជាថ្មីទៀតឡើយ។ ដូច្នេះ រកឃើញមួយបង្ក្រាបមួយ រកឃើញពីរត្រូវបង្ក្រាបពីរ ពោលគឺរកឃើញប៉ុន្មាន ត្រូវបង្ក្រាប និងកម្ចាត់ឱ្យអស់ ដោយផ្អែកលើច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជារួមមក ស្កែមគឺជាឧក្រិដ្ឋកម្មដែលឧក្រិដ្ឋជនងាយបង្ក និងធ្វើសកម្មភាពជាទីបំផុត។ ហេតុនេះ យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងរួមចិត្តរួមថ្លើមសហការគ្នាកម្ចាត់វាឱ្យអស់។ កន្លងមក វាបានធ្វើឱ្យប្រទេសយើងរងគ្រោះធ្ងន់ធ្ងរណាស់ ដូច្នេះកុំបណ្តោយឱ្យវាបន្តបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិទៀតឡើយ។ នៅពេលដែលឧក្រិដ្ឋកម្មនេះទើបតែចាប់ផ្តើមដុះពន្លក សូមតាមក្តិចត្រួយកម្ទេចចោលឱ្យទាន់ពេលវេលា បើមិនដូច្នេះទេ វានឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរសម្រាប់កម្ពុជា។

Daily Program

Livesteam thumbnail
khmer popup image