សំបុត្រអាពាហ៍ពិពាហ៍​តាមប្រហារចំណូលប្រចាំខែ

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ មកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៦ អ្នកដែលរអ៊ូរឿងសំបុត្រការប្រហារប្រាក់ចំណូលចិញ្ចឹមជីវិតនេះ បានកំពុងតែកើតមានព្រោងព្រាត ក្រោយពេលដែលអ្នកខ្លះ បានអះអាងថា មួយខែៗប្រាក់ចំណូលដែលកំពុងតែពិបាករកផង គឺត្រូវខើចព្រោះ​ត្រូវ​ចងដៃមង្គលការ។

នៅពេលដែលប្រាក់ចំណូលពិបាករក ការចំណាយកើនឡើង ហើយប៉ះជួបសំបុត្រការច្រើនទៀត វាគឺជាសំពាធមួយ ដូច្នេះអ្នកដែលអញ្ជើញគេ ប្រសិនបើអញ្ជើញគេហើយគេខកខានមិនបានមក កុំប្រកាន់ទោសអូសដំណើរអី ពីព្រោះស្ថានភាពនៅពេលនេះ វាដូចជាចុះទឹកជួបក្រពើ ចូលព្រៃជួបខ្លា។ ពេលទទួលសំបុត្រការហើយនៅពេលបច្ចុប្បន្ននេះ បើទៅហើយចងតិចម្ចាស់ដើមការ ក៏មិនសប្បាយចិត្តដែរ ប៉ុន្តែបើគេហៅហើយទៅរួចចងច្រើន តើគ្រួសារបានអីចំណាយប្រចាំថ្ងៃបើម្ហូបក៏ថ្លៃ លុយក៏ពិបាករកយ៉ាងនេះ។

នៅពេលបច្ចុប្បន្ននេះ សូម្បីតែអ្នកដែលមានការងារធ្វើ អ្នកមានមុខរបរល្មមៗ តែសំបុត្រការចូលមួយខែមិនបាច់ច្រើនទេ ត្រឹមតែ ៣ទៅ៤ក៏ងងឹតមុខដែរហើយ ពីព្រោះមួយរោងឥឡូវមិនអាចចងត្រឹម ២០ ដុល្លារអីទេ គឺយ៉ាងហោចណាស់ក៏២៥ដុល្លារដែរ ហើយខ្លះលោតដល់៣០ ប៉ុន្តែបើ២៥បីដងគឺ៧៥ ដុល្លារ ហើយបើ៤ដងគឺ១០០ ចុះទម្រាំដល់ ៣០ ដុល្លារ មួយខែបួនរោងនោះ​ វាមិនអស់១២០ ដុល្លារទៅហើយ ដូច្នេះអ្នករកចំណូលឬមានប្រាក់ខែ ត្រឹម៣៥០ ដុល្លារនៅក្នុងមួយខែ សូម្បីតែឆាសៀងសាច់ជ្រូកបីជាន់ក៏ពិបាកដែរ ចុះនៅថ្ងៃសាំង ភ្លើងទឹក និងថ្លៃចំណាយផ្សេងៗតើនឹង​ពិបាក​ប៉ុណ្ណាទៅ​។​

នៅក្នុងអំឡុងពេលនេះ ម្ចាស់ដើមការ​សូមកុំហៅភ្ញៀវច្រើនពេកអី។ ភ្ញៀវគួរតែអញ្ជើញឬហៅតែអ្នកដែលជិតស្និទ្ធទៅបានហើយ ប៉ុន្តែបើយើងមានធនធាន មានលុយមានអំណាច ចង់បានកិត្តិយស អញ្ជើញគេចុះ ប៉ុន្តែបើអាចមិនបាច់យកចំណងដៃអីនោះទេ ជាពិសេសអ្នកតូចអ្នកតាច អ្នកធ្វើការក្រោមឱវាទ។ 

នៅសម័យនេះកាត់បន្ថយបានគួរតែកាត់បន្ថយទៅរឿងភ្ញៀវពន្លឺនានា។ បើយើងការកូនគួរតែអញ្ជើញតែភ្ញៀវខ្លួនយើង ហើយកូនៗគេហៅតែមិត្តភក្តិជិតស្និទ្ធរបស់គេទៅបានហើយ កុំឲ្យ​ត្រឹមការក្មួយ​ ដែលយើង​មិន​មែនជា​អាណាព្យាបាល​គេ​ផង ក៏​កាន់សំបុត្រដើរអញ្ជើញគេដែរ ហាក់ដូចជា​មិន​សម​នោះ​ទេ។

សរុបទៅនៅក្នុងស្ថានភាពដូចសព្វថ្ងៃ ពិធីរៀបការដែលសមរម្យគួរតែកាត់បន្ថយចំនួនភ្ញៀវ ព្រោះបច្ចុប្បន្ននេះ ពិធីមង្គលការ​ត្រូវចំណាយ​ច្រើន​ ហើយ​តុការទៀតសោត​ក៏​តម្លៃថ្លៃផងដែរ។ ម្ចាស់ដើមការ​អាចទុកលុយទាំងនេះ ដើម្បី​ចាត់ចែង​រកស៊ី​សម្រាប់​គូស្វាមីភរិយាថ្មី​ទើបប្រសើរជាង៕

Daily Program

Livesteam thumbnail