សេដ្ឋកិច្ចកម្ពុជានៅតែបន្តវិជ្ជមាន ប៉ុន្តែយើងក៏គួរតែប្រឹងប្រែងបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញសញ្ញាប្រកបដោយសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៥នេះ ដោយរក្សាការព្យាករណ៍នៅក្នុងរង្វង់៦,៣ភាគរយ ។
នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិយាយនៅថ្ងៃអង្គារ៍ថ្មីៗនេះថា កម្ពុជារក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា ៦,៣ ភាគរយនៅឆ្នាំ ២០២៥ ពោលគឺកើនឡើងពី ៦ ភាគរយក្នុងឆ្នាំ ២០២៤។
ការរក្សាកំណើនបែបនេះ គឺដោយសារតែកម្ពុជាសំអាងនៅលើកត្ថាជំរុញជាចម្បងៗដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់។
សម្តេចធិបតីបានថ្លែងនៅពេល បើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០២៥ ថា កំណើននៅឆ្នាំនេះនឹងត្រូវបានជំរុញដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការកើនឡើងនៃវិស័យទេសចរណ៍ និងសេវាកម្ម និងការកើនឡើងជាលំដាប់នៃវិស័យកសិកម្ម។
សម្តេចធិបតី ក៏បានមានប្រសាសន៍ថា អចលនទ្រព្យ និងសំណង់ក៏ត្រូវបានគេរំពឹងថានឹងមានកំណើនវិជ្ជមាននៅឆ្នាំនេះផងដែរ ប៉ុន្តែក្នុងល្បឿនយឺត។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ៦,៥ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលមធ្យម។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកវិភាគបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជាក្នុងរយៈពេលវែង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកត្តាខាងក្នុងក៏សំខាន់ផងដែរ ។
កម្លាំងស្នូលនៃកំណើនគឺមិនអាចជៀសរួចផុតពីការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលកំពុងតែបង្កបង្កើនផលនៅតាមស្រែនិងចំការនានា ហើយនិងកម្មករដែលបម្រើការនៅតាមរោងចក្រឧស្សាហកម្មនានា ក៏ដូចជាសេវាករ នៅក្នុងវិស័យសេវាកម្មផ្សេងៗផងដែរ ។
ការកើនឡើងនេះ គឺទាមទារការចូលរួមពីគ្រប់កោសិកានៃសង្គម ហើយនេះជាមោទនភាពមួយទៀតរបស់កម្ពុជា ប៉ុន្តែកុំភ្លេចដំណើរវិវត្តន៍ជាសកលជាពិសេសគឺផលប៉ះពាល់នៃការអនុវត្តការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ បានលើកឡើងរួចហើយថា លោកនឹងកំណត់ពន្ធនាំចូលទាំងអស់ចូលទីផ្សារសហរដ្ឋអាមេរិក គ្រាន់តែពេលនេះទើបតែក្រុមប្រទេសធំៗនៅឡើយ ។
សរុបមកវិញការខិតខំប្រឹងប្រែងនិងរៀបចំយុទ្ធសាស្រ្តទុកជាមុនគឺសំខាន់បំផុត ដើម្បីធានាបានថា យើងអាចបន្តទ្រទ្រងការរីកចម្រើនបន្ថែមទៀត ។ ខាងគោលនយោបាយគួរតែគិតគូរទុកជាមុន នូវយុទ្ធសាស្រ្តនិងយុទ្ធវិធីជំរុញ ហើយកម្មករនិយោជិត គឺត្រៀមខ្លួនអនុវត្តឲ្យបានក្លៀវក្លា ។ នៅក្នុងកាលៈទេសៈណាក៏ដោយអោយតែយើងអាចមានភាពស្រុះស្រួលគ្នា នោះយើងនឹងអាចរក្សាបានសាមគ្គីភាពនោះយើងនឹងអាចឈរជើងបានបន្តមិនខាន ។
Daily Program
