សូមប្រយ័ត្ន ការងារដូរប្រាក់ខែ!

បងប្អូនយើងដែលបានកំពុងតែបម្រើការងារនៅតាមកន្លែងមួយចំនួនដើម្បីដូរប្រាក់ខែ សូមប្រុងប្រយ័ត្នជាពិសេសកន្លែងដែលសង្ស័យថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។
ជាទូទៅកន្លែងដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រភេទនេះ គឺច្រើនមានទីតាំងនៅតាមអគារដាច់ពីគេឯង ហើយទីនោះអាចមិនសូវមានអតិថិជនអ្វីច្រើនទេ ប៉ុន្តែទីនោះមានមនុស្សពពាក់ពពូនច្រើន និង មានឧបករណ៍ដូចជាកុំព្យូទ័រ ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិចច្រើន។
សូមប្រុងប្រយ័ត្នពីព្រោះចាប់ពីពេលនេះតទៅអាជ្ញាធរនឹងប្រមាញ់ខ្លាំងលើឧក្រិដ្ឋកម្មនេះ ហើយនៅក្នុងករណីដែលយើងធ្វើការនៅទីនោះ វាអាចប៉ះពាល់ដល់យើងរហូតដល់មានពិរុទ្ធភាពផងដែរ។
ក្រៅពីនោះយើងក៏សង្ឃឹមផងដែរថា សមត្ថកិច្ចនឹងស្រាវជ្រាវច្បាស់លាស់ដើម្បីវែកមុខឧក្រិដ្ឋជនពិតប្រាកដ ដើម្បីកុំអោយប៉ះពាល់ដល់អ្នកដែលគ្នាត្រឹមតែធ្វើការឲ្យគេដើម្បីបានប្រាក់ខែសម្រាប់ដោះស្រាយជីវភាព។
បងប្អូនប្រជាពលរដ្ឋយើងខ្លះអាច កំពុងតែធ្វើការនៅទីនោះ ពោលគឺកំពុងតែធ្វើការឲ្យក្រុមឧក្រិដ្ឋជន ប៉ុន្តែមិនដឹងថា ពួកគេគឺជាឧក្រិដ្ឋជនឡើយ។ ពួកគេអាចត្រឹមដឹងថាជាថៅកៃបរទេស មានចិន មានវៀតណាម អីចឹងទៅ ហើយធ្វើការដល់ខែគឺដឹងតែបើកលុយ ដើម្បីចិញ្ចឹមគ្រួសារឬដោះស្រាយបញ្ហានៅក្នុងសង្គមគ្រួសារប្រចាំខែ។
រឿងឧក្រិដ្ឋជនអនឡាញនេះគឺត្រូវតែបង្រ្កាប ហើយក៏ត្រូវតែបង្រ្កាបឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត គ្រាន់តែថា មុននឹងបង្រ្កាបគួរតែស្រាវជ្រាវសើបអង្កេតយកមេក្លោង រកអ្នកផ្សំគំនិត និង អ្នកដែលពាក់ព័ន្ធដោយឡែកអ្នកដែលត្រឹមតែជាបុគ្គលិកបម្រើការងារអោយគេ នោះ ពួកគេក៏អាចជាជនរងគ្រោះផងដែរ ដែលចាំបាច់មានការកំណត់និងសើបអង្កេតឲ្យច្បាស់លាស់។
ឧក្រិដ្ឋកម្មនេះគឺជាឧក្រិដ្ឋកម្មទាន់សម័យហើយវាបានកំពុងតែកើតមានឡើងនិងរីករាលដាលជាច្រើនកន្លែងនៅលើពិភពលោក។
មិនថាតែនៅកម្ពុជានោះទេ នៅថៃ នៅវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឬ កន្លែងផ្សេងៗគឺសុទ្ធតែមានសេចក្តីរាយការណ៍អំពីករណីនៃឧក្រិដ្ឋកម្មនេះ ដូច្នេះចំណាត់កាត់របស់អាជ្ញាធរកម្ពុជាគឺជារឿងដែលចាំបាច់ត្រូវតែធ្វើ។
មកដល់ពេលនេះកម្ពុជាហាក់មិនមានជនរងគ្រោះនៅឡើយទេ ប៉ុន្តែក៏មិនអាចធ្វេសប្រហែសបានដែរ ដូច្នេះហើយដើម្បីកុំអោយវាផ្តល់ទុកទោសដល់ពលរដ្ឋយើង គឺចាំបាច់ត្រូវតែបង្រ្កាប ចាំបាច់ត្រូវតែធ្វើ គ្រាន់តែមុនពេលធ្វើគួរតែស្រាវជ្រាវ ហើយប្រុងប្រយ័ត្ន ដើម្បីកុំអោយពលរដ្ឋស្លូតត្រង់ត្រូវគេលាបពណ៌ថា គជាឧក្រិដ្ឋជន ស្របពេលដែលឧក្រិដ្ឋជនត្រូវគេកាឡៃទៅជាជនរងគ្រោះទៅវិញនោះ៕
Daily Program
