សូមលើកកំពស់សារសន្តិភាពនិងភារតភាព ពីព្រោះសង្រ្គាមគឺមានតែមហន្តរាយ
នៅពេលដែលពិភពលោកមានសង្រ្គាមជាច្រើនកន្លែងកម្ពុជាដែលមានសន្តិភាពហើយនោះ គួរតែរួបរួមគ្នា បន្តការពារនិងថែរក្សាសន្តិភាពនេះឲ្យបានគង់វង្សបន្តជានិរន្តពីព្រោះពាក្យថាសង្រ្គាមគឺមានតែទឹកភ្នែក មហន្តរាយ និង សោកនាដកម្មតែប៉ុណ្ណោះ ។
សូមកុំយកសង្គមមកលេងសើចនឹងសង្រ្គាមណាមបងប្អូន ។ សន្តិភាពស្រុកយើងដែលរកបានទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ មកដល់ពេលនេះអាយុកាលនៅខ្លីណាស់ ដូច្នេះគ្រប់គ្នាមានភារៈការពារនិងជ្រោម ជែងទង់សន្តិភាពសម្រាប់ជាតិ ។
គ្រប់ភាគីសូមល្មមធ្វើសកម្មភាពនយោបាយដែលមានចារឹកលុះពីគោលការណ៍ប្រជាធិបតេយ្យទៅ ហើយ គួរតែរួមរួមគ្នាដោះស្រាយបញ្ហាមិនចុះសម្រុងគ្នាដោយសន្តិវិធី ដោយបញ្ចៀសឲ្យបាននូវការលាបពណ៌នៅក្នុងគោលបំណងតែមួយគឺដុតកំឡោចសង្គមនិងប្រទេសជាថ្មី។
មិនថាភាគីណា ឬភាគីណានោះទេ គឺគួរតែអង្គុយធ្វើការជាមួយគ្នា។ នៅពេលនេះអ្នកនយោបាយមួយក្រុម អះអាងថា មានការគៀបសង្កត និង រិតត្បិតសកម្មភាពនយោបាយជាដើម។ ពូកគេបានចោទប្រកាន់ ថា មានការប្រើប្រាស់អំណាចនិងភាពស្របច្បាប់ ដើម្បីធ្វើជាមូលដ្ឋានដាក់ការគៀបសង្កត់លើងពួកគេ ខណៈដែល ភាគីម្ខាងទៀត បានលើកឡើងអំពីកាតព្វកិច្ចដែលត្រូវការពារស្ថេរភាពនិងសន្តិសុខសង្គម។
គ្រប់ភាគីគ្រប់សកម្មជននយោបាយគឺមានមូលដ្ឋាននៃអំណះអំណាងរាងៗខ្លួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គួរមានការរិះគិតអំពីតម្លៃស្នូលមួយជារួមរបស់មនុស្សជាតិ គឺសន្តិភាព ភាតរភាព និង វឌ្ឍនៈភាពនៃសង្គមកម្ពូជាយើង ។
សូមគ្រប់គ្នាគោរពនិងផ្តល់តម្លៃនៃសន្តិភាពនាពេលសព្វថ្ងៃនេះ ហើយសូមកុំគិតថា ពលរដ្ឋឆ្អែតនឹងសន្តិភាពនេះអោយសោះ ។ ខ្មែរយើងអាចងើបមុខងើបមាត់ទើបតែបានបន្តិចទេ ដូច្នេះកុំអាលឃើញពន្លក កំពុងតែដុះហើយយើងនាំគ្នាទៅក្តិចទៅបំផ្លាញពន្លកនៃសន្តិភាពនេះអោយរិចរិលឡើងវិញណា ។
នៅពេលនេះសង្រ្គាមមាននៅគ្រប់កន្លែង ហើយគ្រប់ទីកន្លែងនៃសង្រ្គាមគឺគ្មានទេសេចក្តីសុខ ដូច្នេះមិនគួរដឹកនាំសង្គមឫធ្វើសកម្មភាពដែលនាំសង្គមទៅរកស្ថានភាពខ្មៅងងឹតកើតមានចំពោះសង្គមកម្ពុជាយើងជាថ្មីឡើយ ។
ស្មារតីនៃសន្តិភាពមានតម្លៃខ្លាំងណាស់ ហើយ តម្លៃនេះគួរតែលើកកំពស់និងថែបំប៉នបន្ថែមទៀតដើម្បី អោយពន្លកនេះបន្តបែកធាង ចេញជាផ្លែជាផ្កាបន្តសាបព្រោះវប្បធម៌សន្តិភាពនៅក្នុងសង្គមយើងឲ្យកាន់តែទូលំទូលាយ ។ សូមកុំនាំគ្នាធ្វើសកម្មភាពនាំឲ្យជាតិមាតុភូមិវិលទៅរកបញ្ហាជាថ្មីឡើយ តម្លៃនៃសន្តិភាពមិនងាយស្រូលរកទេ មើលតែអ្វីដែលកើតមាននៅមីយ៉ាន់ម៉ា នៅអាហ្រ្វិក នៅមជ្ឈឹមបូព៍ា និងគ្រប់ទីកន្លែងដែលមានសង្រ្គាមទៅឃើញហើយ៕