សូមប្រយ័ត្ន នៅថៃរកឃើញប្រចៀវផ្ទុកមេរោគនីប៉ាស៍ នេះហើយ

ទោះបីជាជំងឺនីប៉ាស៍  នៅមិនទាន់មានសេចក្តីរាយការណ៍នៅកម្ពុជាក្តី ប៉ុន្តែក្រសួងសុខាភិបាលបានកំពុងតែ ចាត់វិធានការការពារជាបន្តបន្ទាប់ហើយនៅពេលនេះ ខណៈដែលនៅប្រទេសជិតខាងក៏បានកំពុងតែយកចិត្តទុកដាក់ដូចគ្នា ប៉ុន្តែយើងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។

ប៉ុន្មានថ្ងៃមកនេះ ក្រសួងសុខាភិបាលកម្ពុជាយើងបានអនុវត្តកម្មវិធីបង្ការនិងការពារជំងឺនីប៉ាស៍នេះជាបន្តបន្ទាប់ តាំងពីវាផ្ទុះថ្មីៗនេះនៅឥណ្ឌា ហើយក៏មានការជូនដំណឹងឲ្យពលរដ្ឋលើកកំពស់ការប្រុងប្រយ័ត្ន ហើយបន្ថែមជាងនេះទៅទៀត នៅថ្ងៃទី​២៨ ខែមករានេះ គឺក្រសួងសុខាភិបាលនិងអ្នកពាក់ព័ន្ធ បានកំពុងតែរៀបចំការងារចក្តាឡីស័ក នៅអាការយានដ្ឋានអន្តរជាតិតេជោ។ ក្រៅពីនោះកម្ពុជាក៏គ្រោង នឹងរៀបចំលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។

ជំងឺនីប៉ាស៍នេះ មិនទាន់មានសេចក្តីរាយការណ៍នៅកម្ពុជានោះទេ ប៉ុន្តែគេដឹងថា វាធ្លាប់រកឃើញនៅហ្វីលីពីន ម៉ាឡេស៊ី និង សិង្ហបុរី ហើយថ្មីៗនេះនៅថៃ មានការអះអាងថា បានរកឃើញសត្វប្រចៀវដែលស៊ីផ្លែឈើគឺមានផ្ទុកមេរោគនេះ។

ជាមួយនឹងសេចក្តីរាយការណ៍បែបនេះ នៅថៃគឺមានរៀបចំកម្មវិធីបង្ការនិងការពារនៅតាមព្រលានយន្តហោះ ហើយនៅវៀតណាមក៏មានការរៀបចំបែបនេះ ជាពិសេសច្រកដែលភ្ជាប់ជើងហោះហើរមកពីឥណ្ឌា ដោយសារតែឥណ្ឌាជាប្រភពដែលកំពុងតែផ្ទុះជំងឺនេះ។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មេរោគនីប៉ាស៍ គឺវាអាចឆ្លងទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និង​ឆ្កែ ហើយអាចចម្លងមកមនុស្សតាមការប៉ះពាល់អង្គធាតុ​រាវមានតាំងពីឈាម លាមក ទឹកនោមសត្វដែលផ្ទុកមេរោគ។ នៅក្នុងស្ថានភាពបែបនេះ ក្រសួងក៏រំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នលើការទទួលទានផ្លែឈើ ឬទឹកផ្លែឈើមានដូចជា ទឹកត្នោតដែលអាចមានដំណក់ទឹកនោម ឬទឹកមាត់សត្វដែលមានមេរោគនេះធ្លាក់ចូល។

 

ជំងឺនេះមានអាការៈស្រដៀងគ្នានឹងផ្តាសសាយដែរ តែវាអាចរលាកខួរក្បាលធ្ងន់ធ្ងរ ហើយហើមអាចស្លាប់បាន។ មេរោគអាចបង្ហាញអាការៈនៅចន្លោះពី ៤ ទៅ​១៤ ថ្ងៃ ហើយអាចរហូតដល់ទៅ៤៥ ថ្ងៃ។

ដើម្បីបង្ការនិងការពារខ្លួនពីមេរោគនេះ គឺត្រូវធ្វើអនាម័យខ្លួន ជាពិសេសដៃ កុំប៉ះពាល់សត្វខាងលើជាពិសេសគឺប្រចៀវ លាងសំអាតផ្លែឈើឲ្យស្អាត ហើយបំពង់ត្រង់ទឹកត្នោតគប្បីមានការការពារឲ្យត្រឹមត្រូវ។ សត្វដែលងាប់ត្រូវកប់ ឬ ដុតចោលឲ្យបានត្រឹមត្រូវ។

សរុបទៅ ជំងឺឬមេរោគនីប៉ាស៍ ទោះបីជាមិនទាន់រកឃើញករណីឆ្លងនៅកម្ពុជាក៏ដោយ ប៉ុន្តែការផ្ទុះឡើងនៅឥណ្ឌា និងការរកឃើញមេរោគនេះនៅក្នុងសត្វប្រចៀវនៅប្រទេសថៃ គឺជាសញ្ញាព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ វិធានការដែលក្រសួងសុខាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ដូចជា ការត្រៀមចក្តាឡីស័ក ការតាមដាននៅច្រកចេញចូលអន្តរជាតិ និងការរៀបចំលំហាត់សមយុទ្ធ ត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការការពារសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគ្រប់រូបក៏មានតួនាទីសំខាន់ក្នុងការរួមចំណែកទប់ស្កាត់ហានិភ័យ ដោយគោរពនិយាម​អនាម័យ ប្រុងប្រយ័ត្នការបរិភោគអាហារ និងជៀសវាងការប៉ះពាល់សត្វដែលអាចផ្ទុកមេរោគ។ ការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នជាមុន គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងដ៏គ្រោះថ្នាក់នេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Daily Program

Livesteam thumbnail