សូមត្រៀមខ្លួន ឱកាសការងារសម្រាប់១៣៧នាក់ នៅក្រសួងចំនួនបី!
ប្អូនៗយុវវ័យសម័យក្រោយដែលមានសមត្ថភាពសូមត្រៀមខ្លួនពីព្រោះឱកាសការងារសម្រាប់ក្រសួងចំនួន៣នឹងផ្តល់ជូនប្អូនដល់ទៅ១៣៧នាក់។
ក្រសួងមុខងារសាធារណៈបានប្រកាសនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ថា ខ្លួននឹងរៀបចំប្រឡងជ្រើសរើសមន្រ្តីបម្រើការងារនៅក្រសួងសំខាន់បី។ ក្រសួងស្ថាប័នទាំងបីនោះគឺរួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងសហរប្រតិបត្តិការអន្តរជាតិ និង លេខាធិការដ្ឋានកិច្ចការព្រំដែន។
តាមការប្រកាស ក្រសួងយុត្តិធម៌ត្រូវការមន្រ្តីថ្មីចំនួន ៤៥កន្លែង, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ៥២កន្លែង ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន ៤០កន្លែង។ ក្រៅពីនោះក្រសួងមុខងារសធារណៈក៏នឹងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាច្រើនកន្លែងទៀតដើម្បីបំពេញតម្រូវការទូទាំងប្រទេស។
តាមការប្រកាសរបស់ក្រសួងមុខងារសាធារណៈនៅក្នុងចំណោមស្ថាប័នតាំងនោះ គឺក្រសួងយុត្តិធម៌គឺទំនងជានឹងដំណើរការផ្តល់ឱកាសជូនប្អូនៗមុនគេ ដោយពេលនេះក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌បានប្រកាសថា ស្ថាប័នទាំងពីរ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន៤៥កន្លែង ក្នុងនោះផ្នែករដ្ឋប្បវេណីចំនួន១១កន្លែង ផ្នែកព្រហ្មទណ្ឌចំនួន១៦កន្លែង និងផ្នែកទំនាក់ទំនងអន្តរជាតិចំនួន១៨កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០នៃក្រសួងយុត្តិធម៌។
ប្រភពដដែលបានបន្តថា បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថា បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែកទាំង៣ខាងលើជាចាំបាច់ម្តងមួយៗ ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។ ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។
គួរបន្ថែមថា វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធរួមមាន មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌។
ក្រៅពីក្រសួងយុត្តិធម៌ប្អូនៗចាប់អារម្មណ៍នឹងឱកាសក្រសួងពីរទៀតនឹងមានជាបន្តបន្ទាប់ ដូច្នេះសូមត្រៀមក្រែងបានឱកាសចូលបម្រើជាតិនឹងគេ។ សូមប្រឹងប្រែងរៀនសូត្រ ហើយប្រឡងឲ្យជាប់ដោយសមត្ថភាពដើម្បីយើងអាចចូលទៅបម្រើការងារជូនជាតិរបស់យើងទាំងអស់គ្នា។ យើងក៏សង្ឃឹមថា ការប្រឡងនេះគឺជាការប្រឡងជ្រើសរើសដោយសមត្ថភាព មិនមានបក្សពួក លុយកាក់ពាក់ព័ន្ធ៕