សូមត្រៀមខ្លួនសន្សំលុយសន្សំកាក់ទុកចងដៃការគេឲ្យហើយទៅ!
បើនិយាយតាមក្បូនតម្រាប្រពៃណីខ្មែរចាប់ពីពេលនេះតទៅ ពិធីរៀបអាពាហ៍ពិពាហ៍នឹងមានទំនោរកើនឡើងដូច្នេះសូមត្រៀមខ្លួនសម្រាប់ចំណងដៃឆ្លើយតបនឹងលិខិតអញ្ជើញចូលរួមពិធីអាពាហ័ពិពាហ៍។
តាមក្បូនតម្រាប្រពៃណីខ្មែរពិធីរៀបអាពាហ៍ពិពាហ៍គេនិយមរៀបចំបំផុតចាប់ពីក្រោយពេលដែលសង្គម កម្ពុជារៀបចំបញ្ចប់ពិធីបុណ្យចេញវស្សា ។
ជាការពិតតាមក្បួនតម្រានេះទោះបីជាអ្នកខ្លះមិនគោរពហើយនៅតែរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ក្តី ប៉ុន្តែមិនច្រើនទេ តែចាប់ពីកំណត់ពេលចេញវង្សាទៅ ពោលគឺចាប់ពីថ្ងៃ១៥កើត ពេញបូរមី ត្រូវនឹងថ្ងៃទី ១៧ ខែតុលា តទៅ ពិធីមង្គលនឹងមានជាច្រើន ។
សូមត្រៀមខ្លួនរៀបចំសន្សែសន្សំថវិកាទុកមួយកញ្ចប់សម្រាប់ត្រៀមរក្សាបម្រុងទុកចងដៃអោយហើយដើម្បីកុំអោយចូលខ្យល់ អត់មានអ្វីចាយ ។ ខែនេះអាចរួចខ្លួន តែខែក្រោយៗប្រហែលជាមិនងាយនឹងរួចខ្លួនឡើយ ហើយខែខ្លះអាចច្រើន ថែមទាំងផ្ទួនៗមានដល់ជាន់ថ្ងៃគ្នាថែមទៀតក៏មាន។
មកដល់ពេលនេះការចូលរួមអាពាហ៍ពិពាហ៍នេះ អាចកំពុងតែបង្កើតអារម្មណ៍នៃការទើសទាល់ខ្លះៗហើយ ដោយសារតែវាចំណាយច្រើនពេក ដោយខែខ្លះអ្នកខ្លះត្រូវចូលរួមពិធីបែបនេះសឹងតែរាល់ថ្ងៃក៏មាន ខណៈដែលតម្លៃនៃចំណងដៃសមរម្យនៅពេលនេះគឺចាប់ពី ២៥ ដុល្លារឡើង តាមធនធានតាមកិត្តិយស តាមភាពថ្លៃថ្នូរនិងសក្តិសមថែមទៀត ។
ធ្វើម៉េចទេ ម្តងគេម្តងយើង នេះគឺជាសកម្មភាពសង្គមដែលយើងពិបាកនឹងប្រកែកបាន ដូច្នេះមានតែ ត្រៀមបម្រុងកញ្ចប់ថវិកាទុកទេ ទើបអាចដោះស្រាយបាន បើមិនដូច្នេះទេយើងអាចនឹងមានហានិភ័យ ចំណាយលើសចំណូលក៏ថាបាន។
សម្រាប់សាម៉ីដើមការវិញ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពលរដ្ឋយើងមិនសូវល្អ ចំណូលតិចចំណាយច្រើនប្រសិនបើអាចគួរតែបង្រួមចំនួនភ្ញៀវទៅ។ សូមថ្លឹងថ្លែងរវាងកិត្តិយសនិងការចំណាយ ពីព្រោះសោហ៊ុយនៃការចំណាយនៅពេលនេះគឺខ្ពស់ណាស់ ដូច្នេះវាពិតជាហានិភ័យប្រសិនបើយើងមិនមានថវិកាគ្រប់គ្រាន់ ។
ការចំណាយធំគឺពេលខ្លះវាមិនបានការច្រើន ហើយវាក៏មិនមែនជាប្រភពនៃសេចក្តីសុខនោះដែរ ។ សុភមង្គលពិតប្រាកដគឺសេចក្តីស្រលាញ់ ការគោរពនិងអោយតម្លៃគ្នានៅក្នុងគ្រួសារ ដូច្នេះពេលខ្លះនៅពេល ការអាចរិះគិតអំពីការបង្រួមភ្ញៀវ ហើយកុំធំដុំពេក ពីព្រោះពិធីមង្គលនេះ គឺគ្រាន់តែជា ពិធីប្រកាសផ្លូវការ ប៉ុណ្ណោះ។
សរុបមកវិញដើម្បីបង្ហាញពីស្មារតីនៃការគោរពស្រលាញ់និងបង្កើតបណ្តាញសង្គម ក៏ដូចជាការរាប់អាននៅក្នុងសង្គម សូមត្រៀមបម្រុងថវិកា ហើយភាគីសាមីដើមការវិញ ដើម្បីកុំកាត់បន្ថយការចំណាយដែលលើស លុប គួរណាស់តែបង្រួមការចំណាយបង្រួមការហៅភ្ញៀវប្រសិនបើអាច៕