សូមកុំយកខ្លួនបៀតនឹងកាស៊ីណូ ឬបនល្បែង!
ក្រោយក្រុមតារា និងក្រុមកំប្លែងមួយចំនួនរងការរិះគន់ពីមហាជន ការឃោសនាអំពីល្បែងស៊ីសង ជាពិសេសគឺកម្មវិធីផ្សព្វផ្សាយឲ្យកាស៊ីណូ ឬបនល្បែងពីសំណាក់ក្រុមជនសាធាណៈ ហាក់លែងសូវឃើញមាន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ការផ្សព្វផ្សាយនានានៅតែមាន។
សម័យនេះគឺជាសម័យឌីជីថល ការផ្សព្វផ្សាយបើកទូលាយ ពិបាកនៅក្នុងការគ្រប់គ្រង ដូច្នេះការហាមឃាត់ និងចន្លោះប្រហោងគឺកាន់តែងាយធ្លុះធ្លាយ ដូច្នេះហើយបានជានៅលើបណ្តាញសង្គមនៅតែមានការផ្សព្វផ្សាយបែបនេះ គ្រាន់តែថាអ្នកដែលផ្សព្វផ្សាយគឺគ្រាន់តែជាអ្នកដែលស៊ីប្រាក់ខែ ឬរកចំណូលពីការងារនេះ។ ដូច្នេះសូមកុំប្រកែប្រកាន់ពួកគេ ប៉ុន្តែយើងដែលជាពលរដ្ឋនៅពេលដែលឃើញការផ្សព្វផ្សាយទាំងនេះសូមអូសរំលងចោលទៅ។
ជាទូទៅរាល់ការផ្សព្វផ្សាយរបស់កាស៊ីណូឫបនល្បែងពួកគេមិនដែលបង្ហាញពីភាពអវិជ្ជមាន របស់ពួកគេទេ គឺជាទូទៅរាល់ការផ្សព្វផ្សាយរបស់ពួកគេគឺនិយាយនិងបង្ហាញតែអ្វីដែលស្អាត ទំនើប ទាន់សម័យ ភាពហ៊ឺហារសំណាងនេះសំណាងនោះ ប៉ុន្តែធាតុពិតមនុស្សដែលចូលទៅ ចងក សម្លាប់ខ្លួន អស់ទ្រព្យសម្បត្តិ បញ្ហាហិង្សា និងអំពើអបាយមុខផ្សេងៗនៅពីក្រោយ ឆាកគឺមិនមានឡើយ។
នៅពេលដែលឃើញរាល់ការផ្សព្វផ្សាយទាំងនេះសូមកុំយកខួរក្បាល និងចំណាយពេលវេលា មើលការផ្សព្វផ្សាយនោះ។ ប្រសិនបើយើងចំណាយពេលមើល វាអាចជាការអូសទាញ និង ពង្វក់អារម្មណ៍ឲ្យយើងចង់សាក ចង់ដឹងថាកន្លែងនោះមានអ្វី ហើយតែពេលណាយើងទៅ តាមការអូសទាញនោះ ហានិភ័យនៃជីវិត ទ្រព្យសម្បត្តិ ព្រមទាំងសុភមង្គល នៅក្នុងគ្រួសារ និង វិនាសទៅតាមផលដែលលោកអ្នកលង់ខ្លួនតាមការអូសទាញ និងពង្វក់នេះមិនខានឡើយ។
សូមប្រុងប្រយ័ត្ន ព្រោះក្រៅពីក្រុមតារាល្បីៗ នៅមានមនុស្សស្អាតៗសង្ហារៗជាច្រើន នៅតែបន្តកិច្ចការអន្ទងរបស់ពួកគេ ជាសារតាមទូរសព្ទ ជាវីដេអូខ្លីបង្ហោះនៅលើបណ្តាញសង្គម ជារូបភាពនៃការអូសទាញតាមមិត្តភ័ក្រ ប៉ុន្តែអ្វីដែលគួរតែចាំថា ពាក្យថា កាស៊ីណូ ឬបនល្បែង គេមិនដែលបង្កើតទីនោះអស់លុយរាប់សិនម៉ឺនដុល្លារ អោយយើងទៅយកលុយមកធ្វើមាន ធ្វើបានពីគេដោយមិនហត់មិននឿយបានឡើយ។
សរុបមកវិញសូមលើកកំពស់ការប្រុងប្រយ័ត្នហើយកុំយកខ្លួនទៅសាកល្បងនឹងការអូសទាញ តាមរយៈការផ្សព្វផ្សាយរបស់កាស៊ីណូ និងបទល្បែង ទោះជាស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ។ ពាក្យថា ល្បែងស៊ីសងនេះ គឺវាមិនមែនជារបរដែលយើងគួរតែយកខ្លួនទៅប្រថុយ ប្រថានឡើយ បើមិនដូច្នេះទេ តាំងពីបុរាណកាលមក គឺមិនអប់រំឲ្យយើងស្អប់ខ្ពើមវានោះទេ។ សូមកុំសាកល្បងណាបងប្អូនប្រយ័ត្នលង់ខ្លួនយកទ្រព្យសម្បត្តិនិងសុភមង្គលនៅក្នុងគ្រួសារ ទៅជាប់អន្ទាក់នៅក្នុងអន្លងនៃអំពើអបាយមុខ គ្មានសិរីសួស្តីសម្រាប់យើង៕