សម័យនេះសូម្បីតែជនពិការក៏អាចទទួលពន្លឺពីការអប់រំដែរ ចូរខំប្រឹងប្រែងដើម្បីអនាគត!
សម័យនេះមិនមែនជាសម័យដែលយើងត្រូវរស់តាមព្រេងវាសនាដូចសម័យពីមុនទៀតឡើយ តែគឺជា សម័យកាលនៃការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់ដើម្បីប្រជែងគ្នាដណ្តើមឱកាសដើម្បីរស់នៅក្នុង ជីវភាពមួយសមរម្យ ។
នៅក្នុងសម័យប្រឡងសញ្ញាប័ត្រទុតិយភូមិកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ លទ្ធផលនៃការប្រឡងបានបង្ហាញថា មានបេក្ខជនប្រឡងជាប់សរុប ១០៦.៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២.២១៦ នាក់, និទ្ទេស B ចំនួន ៩.៧០១ នាក់, និទ្ទេស C ចំនួន ២២.៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
នៅក្នុងចំណោមជ័យភាគីដែលទទួលជោគជ័យទាំងអស់នោះ ក៏មានយុវវ័យដែលពិការភ្នែកនិងពិការភាព ជាច្រើននាក់ដែលបានប្រឡងជាប់ ដូច្នេះប្រសិនបើយើងជាជនពិការគឺដាច់ខាតកុំអស់សង្ឃឹម។ នៅក្នុង សម័យបច្ចុប្បន្ននេះ ជនពិការជាពិសេសគឺជនពិការភ្នែកដែលពីមុនមិនអាចរៀនសូត្របាន តែសម័យនេះគឺមាននិស្សិតពិការភ្នែកម្នាក់បានរៀនរហូតដល់ចប់អនុបណ្ឌិតនៅអូស្រ្តាលី ហើយម្នាក់ទៀតកំពុងតែសិក្សានៅទីនោះដែរ។
ផ្អែកតាមសមិទ្ធផលដែលប្អូនៗជនពិការភ្នែកអាចធ្វើបាននៅពេលនេះ វាគឺជាសក្ខីភាពមួយបញ្ជាក់ថា ទោះជាស្ថិតនៅក្នុងស្ថានភាពពិបាកយ៉ាងណាក៏កុំបោះបង់ការតស៊ូអត់ធ្មត់និងខំប្រឹងប្រែងជំនះអោយបាននូវការលំបាក ។
ប្អូនៗពិការភ្នែកគេធ្វើបានចុះទម្រាំយើងមានដៃមានជើងមានកាយសម្បទាគ្រប់គ្រាន់ គប្បីខំប្រឹងប្រែង ឲ្យបានទ្វេដងនៅពេលដែលមានការលំបាក ។ កុំពេលលំបាកនាំគ្នាគិតតែដេកយកដៃគងថ្ងាស់ហើយបន្ទោស ព្រហ្មលិខិត។ ពេលដែលយើងលំបាក គួរតែជាពេលដែលត្រូវប្តេជ្ញាចិត្តនិងខំប្រឹងប្រែងទ្វេរដងពុះពាររាល់ អ្វីដែលជាឧបសគ្គដោះស្រាយវាឲ្យចេញ ។
រស់នៅក្នុងសម័យនេះ គ្មានទេទីឈរជើងសម្រាប់ជនដែលគ្មានការតស៊ូ ហើយដេកចាំតែព្រេងវាសនា ដោយគ្មានការប្តេជ្ញានិងខំប្រឹងដោយខ្លួនឯងនោះ ។ ជីវិតគឺជាការតស៊ូ ហើយពុះពារ ដូច្នេះប្រសិនចង់ឲ្យ ជីវិតសុខស្រួលសប្បាយចិត្ត គឺត្រូវប្រឹងឲ្យឃើញនូវលទ្ធផល ពោលគឺធ្វើអ្វីឲ្យមានផ្លែផ្កាចំពោះខ្លួនឯង គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល ។
សូមកុំផ្តេកផ្តួល និងបណ្តែតបណ្តោយឲ្យជីវិតទន់ជ្រាយគ្មានហេតុផល។ សូមប្រែក្លាយអ្វីដែលជាការលំបាកឲ្យទៅជាបទពិសោធន៍ ហើយកែប្រែស្ថានការណ៍ឲ្យវិជ្ជមាន ។ សូមបង្កើនការខិតខំប្រឹងប្រែងប្រឈម ហើយជំនះអោយបាននូវអ្វីដែលបាំងមុខរារាំងការរីកចម្រើនរបស់យើងទាំងអស់គ្នា៕