សម័យឌីជីថល សម័យមាត់វែងបំផុតហើយក៏លឿនបំផុតដែរ !
អារឿងនិយាយដើមគេ រិះគន់គេ ពេបជ្រាយគេ និងច្រណែនគេជាដើម គឺមានតាំងពីយូរយារណាស់មក ហើយ ប៉ុន្តែគ្រាន់តែនៅសម័យនេះ ទង្វើទាំងនេះរាងលឿនហើយហាក់ដូចជាជ្រុលនិយមបន្តិច ដែលយើងគួរចាប់អារម្មណ៍។
នៅសម័យមុន ការនិយាយដើមគេនេះ គឺអាចប្រពឹ្រត្ត ឬធ្វើឡើងតែនៅក្នុងក្រុម ឬសហគមន៍តូចៗ ពោលគឺមានតែមនុស្សស្គាល់គ្នាប៉ុណ្ណោះ ប៉ុន្តែសម័យនេះមិនបែបសមញ្ញៗដូចជាពីមុនឡើយ ។ សម័យមុន ទង្វើនិងសកម្មភាពមិនល្អបែបនេះ គឺអាចមានអ្នកដឹងឮតិច ប៉ុន្តែសម័យនេះសម័យឌីជីថល ការនិយាយអាក្រក់ពីគេនេះគឺមានកាន់តែច្រើន។
វាពិតជាគ្រោះថ្នាក់មែន នៅពេលដែលយើងខ្វះការពិចារណា យកអាគំនិត ឬក៏ទស្សនៈបែបនេះមកផ្សព្វ ផ្សាយនៅលើបណ្តាញសង្គម។
ពេលខ្លះវាគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ក៏ទៅយករឿងគេ រូបថតគេមកផុស ហើយចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម ទាំងអ្វីដែលដឹងនោះខុស ក៏បង្កើតជាបាតុភាពអវិជ្ជមានវល់ពេញសង្គម ។
ពេលខ្លះគ្រាន់តែខឹងគេស្តីអោយ ឬរិះគន់ស្ថាបនា ក៏តាំងទៅយករឿងនេះមកដាក់នៅលើបណ្តាញសង្គម នាំគេវាយតម្លៃផ្តេសផ្តាស់ ហើយទម្រាំតែដឹងរឿងគឺគេអាចខូចឈ្មោះ ខូចការងារ និងប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តគេភ្លាមៗ ។
អ្នកនៅក្នុងហេតុការណ៍នោះវាសមខឹងនឹងជាអ្នកផុស ប៉ុន្តែមិនឥចឹងឯណា អ្នកខ្លះអត់ដឹងរឿងអត់ដឹង រ៉ាវអីសោះ គឺគ្រាន់តែឃើញគេផុស ក៏តាំងទៅចែករំលែកបញ្ចេញយោបល់ បញ្ចេញទស្សនៈឡើងពេញសង្គម ហើយទម្រាំដឹងការពិត គេអាចខូចឈ្មោះបាត់ទៅហើយ ។
សម័យមុនជុំគ្នានិយាយដើមគេ ឬរិះគន់គេទម្រាំបែករឿងបែករ៉ាវមានបញ្ហាកើតមានឡើងគឺវាស៊ីពេលច្រើន ប៉ុន្តែនៅសម័យឌីជីថល និង ការរីកចម្រើននៃបណ្តាញសង្គម គឺគ្រាន់តែសរសេរ ឫបង្ហោះរូបភាពចេញតែ មួយភ្លែត ប្រសិននោះគឺជារឿងរសើប គឺត្រឹមតែ១នាទីអាចមានមនុស្សរាប់សិបនាក់បានដឹង ។
អ្នកខ្លះអត់ដឹងរឿងអត់ដឹងរ៉ាវ អីក៏តាំងបញ្ចេញយោបល់បញ្ចេញទស្សនៈ បន្ថែមល្បោយ កាន់តែវែងឆ្ងាយ ដែលរឿងរ៉ាវទាំងនោះពេលខ្លះខុសក៏មាន ឬក៏តែជារឿងរ៉ាងមួយជ្រុងតូច ។
នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាគួរចាប់ហ្វ្រាំងបន្តិច កុំអាចតែអ្វីៗនៅលើបាតដៃ និងសំដីសំដៅ របស់យើងចេញតែចុច។ ការចុចការចែករំលែកសូមគិតឲ្យបានហ្មត់ចត់ ហើយការបញ្ចេញយោបល់ ថែមថយ លេបខាយក៏គួរតែ កាត់បន្ថយផងដែរ៕