សមត្ថកិច្ចជំនាញសូមពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ដើម្បីរកការងារ!

សមត្ថកិច្ចជំនាញខាងធ្វើអត្តសញ្ញាណប័ណ្ណគួរតែពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានលឿនពីព្រោះការងារអាចច្រើនណាស់។ ប្រសិនបើអស់លោកមិនប្រញាប់ប្រញាលទេប្រយ័ត្នការងារគរជាន់គ្នាច្រើនទៅៗរងការស្តីបន្ទោសពីថ្នាក់ដឹកនាំនិងពលរដ្ឋ។
នៅពេលនេះមន្រ្តីដែលធ្វើអត្តសញ្ញាប័ណ្ណភាគច្រើនក្រោយពេលដែលទទួលភារកិច្ចនិងបទបញ្ជាគឺបានគោរពម៉ោងពេលធ្វើការដើម្បីផ្តល់សេវាធ្វើអត្តសញ្ញាប័ណ្ណថ្មីជូនពលរដ្ឋដែលដល់អាយុ និង ពលរដ្ឋដែលត្រូវមកប្តូរពីព្រោះសុពលភាពផុតកំណត់ ប៉ុន្តែនៅក្នុងចំណោមនោះ មន្រ្តីខ្លះហាក់ធ្វើការមិនជាប់លាប់រវល់នេះរវល់នោះ ម៉ោងពេលចូលកន្លែងមិនច្បាស់លាស់ ដែលនាំឲ្យការងារគរពីមួយថ្ងៃទៅមួយថ្ងៃ។
សូមកុំប្រហែស ពីព្រោះការងារនេះអាចនឹងកាន់តែមមាញឹកឡើងៗ ពីព្រោះតាមការប៉ាន់ស្មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឆ្នាំ២០២៦ ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណ១លាននាក់។
១លាននាក់មិនតិចទេ ហើយជាទូទៅដើម្បីចុះឈ្មោះបោះឆ្នោតបាន គឺតម្រូវការចាំបាច់នោះគឺអត្តសញ្ញាណប័ណ្ណនេះតែម្តង។
តាមរយៈសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណជាង ១,០០០,០០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែ មិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤,៥០០,០០០នាក់។
ប្រភពដដែលបានបន្ថែមថា ដូចនេះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូលពេលវេលានៃការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។
អស់លោកសូមកុំប្រហែស ពេលវេលាវាមើលទៅនៅច្រើនមែន ប៉ុន្តែវាដើរលឿនណាស់ ប្រសិនបើអស់លោកប្រហែសតែបន្តិចវាអាចមានបញ្ហាដែរដូច្នេះដើម្បីកុំអោយការងារវារាំងស្ទះ យើងត្រូវតែទទួលខុសត្រូវនិងគោរពការងារនឹងតួនាទីដោយបំពេញការងារដោយខ្ជាប់ខ្ជួន ពោលគឺខិតខំផ្តល់ដល់ប្រជាពលរដ្ឋឲ្យទាន់ពេលទាន់វេលា ជៀសរាងពលរដ្ឋរអ៊ូ នាំឲ្យមានបញ្ហាដល់យើង៕
Daily Program
