សមត្ថកិច្ចខំហើយ យើងជាពលរដ្ឋក៏ត្រូវតែរួមគ្នានិយាយថាទេចំពោះគ្រឿងញៀន

បរិមាណគ្រឿងញៀនដែលសមត្ថកិច្ចប៉ូលីសបានបង្រ្កាបមកអស់រយៈពេល១១ខែនៃឆ្នាំ២០២៥កន្លងមក ឃើញថាមានបរិមាណថយ ប៉ុន្តែជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឃើញថានៅតែបន្តកើន ដូច្នេះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅតែកើន ដែលយើងចាំបាច់ត្រូវជួយគ្នាបន្តទៀតដើម្បីបោសសំអាតបញ្ហានេះចេញពីសង្គមរបស់យើង ។​

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន ដែលបានចេញកាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មានានាបានបង្ហាញហើយថា ប្រទេសកម្ពុជាបានរាយការណ៍ពីការកើនឡើងនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន ប៉ុន្តែបរិមាណគ្រឿងញៀនដែលរឹបអូសបានក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ឃើញថាថយចុះគួរឲ្យកត់សំគាល់ ។

តាមការចុះផ្សាយបានឲ្យដឹងថា អាជ្ញាធរបានចាប់ខ្លួននិងឃុំខ្លួនជនសង្ស័យដែលមានទំនាក់ទំនងពាក់ព័ន្ធនឹងគ្រឿងញៀនមានចំនួនរហូតដល់ទៅ ២៤.១៦៨ នាក់ក្នុងអំឡុងពេលខែមករាដល់ខែវិច្ឆិកា​ឆ្នាំនេះ កើនឡើង ២,៤ ភាគរយធៀបនឹងចំនួនចំនួនជនសង្ស័យដែលសមត្ថកិច្ចបានបង្រ្កាបចំនួន២៣.៦០១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមសេចក្តីរាយការណ៌ក្រៅពីជនសង្ស័យជាពលរដ្ឋកម្ពុជាហើយនោះក៏មានជនសង្ស័យនៅក្នុងករណីគ្រឿងញៀននេះជាជនបរទេសមានដល់ទៅ ៨៧០ នាក់ថែមទៀត ។

ក្រៅពីជនសង្ស័យដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់ជួញដូរគ្រឿងញៀនខុសច្បាប់ទាំងអស់នេះហើយ របាយការណ៍នេះបាននិយាយថា គ្រឿងញៀនខុសច្បាប់សរុបចំនួន ៥,៧៧ តោនត្រូវបានរឹបអូសពីការកាន់កាប់របស់ជនសង្ស័យទាំងនោះក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

របាយការណ៍នេះបានបន្ថែមថា បរិមាណគ្រឿងញៀនដែលរឹបអូសមានការ ថយចុះគួរឱ្យកត់សម្គាល់ ខណៈដែលកាលពីរយៈពេលដដែលនៃឆ្នាំ២០២៤ គឺមានបរិមាណដល់ទៅ ១៣,៣ តោន ហើយគ្រឿងញៀនទាំងនោះ គឺមាន កេតាមីន អេស្តាស៊ី ហេរ៉ូអីន មេតំហ្វេតាម៉ីន និង កូកាអ៊ិនជាដើម។

សរុបសេចក្តីទៅដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបន្តទៀត សមត្ថកិច្ចគួរតែបន្តការងារស៊ើបអង្កេតតាមដាន និងបង្រ្កាបបន្ថែមទៀត ហើយមួយផ្នែកក៏គួរតែចូលរួមជាមួយនឹងសង្គមស៊ីវិលនៅក្នុងការធ្វើយុទ្ធនាការលើកទឹកចិត្តនិងអប់រំប្រជាពលរដ្ឋយើងទាំងអស់គ្នា ឲ្យនិយាយថាទេ ចំពោះគ្រឿងញៀននេះ ។ នៅពេលដែលការបង្រ្កាបកាន់តែក្តៅគគុក ពលរដ្ឋយើងដឹងអំពីគ្រោះថ្នាក់របស់វា ហើយគ្រប់គ្នានិយាយថា ទេនោះគ្រឿងញៀននឹងអាចរសាយពីសង្គមយើងជាមិនខាន៕

Daily Program

Livesteam thumbnail