សង្ឃឹមថា អ្នកជំនាញបោសសំអាតមីនជាង២០០នាក់នឹងកាន់តែមានទំនួលខុសត្រូវ

ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កម្លាំងជំនាញបោសសំអាតមីននិងគ្រប់មិនទាន់ផ្ទុះចំនួន ២១០ នាក់ ដែលប្រឈមមុខនឹងការរំសាយ គឺទឹកមុខរីករាយ​វិញហើយ ដូច្នេះសង្ឃឹមថា បងប្អូននឹងបន្តខិតខំបំពេញភារកិច្ចកាន់តែមានទំនួលខុសត្រូវបន្ថែមទៀត ។

ក្រោយពេលដែលមន្រ្តីជំនាញទាំង២១០នាក់ ដែលបំពេញការងារបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្រ្គាមស្ថិតនៅខេត្ត៨ប្រឈមមុខនឹង ការស្នើសុំកាត់រំសាយចាប់ពីថ្ងៃទី ០១ខែមីនា ឆ្នាំ២០២៥តទៅ ដោយសារការប្រកាសផ្អាកជំនួយភ្លាមៗដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ពួកគេពិតជាពិបាកចិត្តពីព្រោះតែបាត់បង់ការងារនិងប្រាក់ចំណូលចិញ្ចឹមខ្លួននិងគ្រួសារ ប៉ុន្តែឥឡូវនេះសូមរក្សាផ្ទៃមុខញញឹមឡើងវិញ  ប៉ុន្តែត្រូវតែពង្រឹងតួនាទីនិងទំនួលខុសត្រូវដើម្បីឲ្យសមនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានអះអាងកាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដែលជាខេត្តមួយនៅក្នុងគម្រោងកាត់រំសាយមន្រ្តីដោះមីនដោយសារតែមិនមានមូលនិធិថា សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់​និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាពស៊ីម៉ាករៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាកនិងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។

នេះគឺជាព័ត៌មានដ៏ល្អ ក្រោយពេលដែលពួកគេបានទទួលព័ត៌មានអាក្រក់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អំពីគម្រោងធ្វើការការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋអាមេរិក។

នៅក្នុងនាមជាប្រជាពលរដ្ឋ សូមស្វាគមន៍និងពិតជាគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជោគវាសនារបស់បងប្អូនទាំង២១០រូប​។​

នេះគឺជាភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល​និងជាការទទួលខុសត្រូវមួយដ៏ខ្ពស់ចំពោះតម្រូវការចាំបាច់របស់សង្គម ដើម្បីរំដោះពលរដ្ឋចេញពីការភ័យខ្លាចនៃសំណល់នៃសង្រ្គាម និង ជាការជួយសម្រួលជីវភាពជូនបងប្អូនអ្នកជំនាញទាំងនេះឲ្យបន្តមានការងារធ្វើ ។

យើងដឹងថា ការសម្រេចចិត្តនេះមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែរាជរដ្ឋាភិបាលបានអាកាត់កិច្ចការេនះដើម្បី ធានាការងារពួកគេផង និងបន្តជួយពលរដ្ឋនៅក្នុងខេត្ត៨ ដែលពួកគេកំពុងតែបំពេញប្រតិបត្តិការ ពោលគឺនៅកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និង ព្រៃវែង ដែលជាតំបន់អាចនឹងរងគ្រោះដោយ សំណល់សង្រ្គាមដែលរកឃើញកន្លងមក បើគ្រោះថ្នាក់គឺអាចធ្ងន់ធ្ងរដោយសារតែគ្រាប់នៅតំបន់នោះគឺជា ប្រភេទសំណល់ធំៗទម្ងន់ធ្ងន់ ។

សូមរំលឹកថា​តាមរបាយការណ៍របស់ស៊ីម៉ាក ក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ អ្នកជំនាញទាំងនោះបានធ្វើការបោសសម្អាតចម្ការគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា​ រុករកឃើញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់​ ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន៦៩គ្រាប់។

សរុបមកក្រុមអ្នកជំនាញទាំងនេះ ប្រសិនបើមានការរំសាយដោយសារតែមិនមានមូលនិធិបន្តសកម្មភាព គឺជាការសោកស្តាយមួយ ពីព្រោះខេត្តនៅក្នុងដែនប្រតិបត្តិការរបស់ពួកគេនៅមិនទាន់មានសុវត្ថិភាពបរិបូរណ៍ពីសំណល់អាវុធសង្រ្គាមទាំងនេះនៅឡើយទេ។ ដូច្នេះយើងសូមអបអរបងប្អូនអ្នកជំនាញទាំង ២១០ រូប​នឹង ចូលរួមអបអរបងប្អូនពលរដ្ឋនៅខេត្តទាំង៨ នៅនៅបន្តទទួលបានក្រុមការងារដើម្បីជួយបងប្អូនគេចផុតពីគ្រោះថ្នាក់ដោយសំណល់សង្រ្គាមនៅពេលអនាគត៕

 

 

Daily Program

Livesteam thumbnail