សង្ឃឹមថា វីរៈកងទ័ពយើង១៨រូបនឹងដោះលែងឆាប់ៗនេះ ហើយ

ថ្ងៃទី២២ ខែតុលា គឺជាថ្ងៃគម្រប់ទី៨៥ នៃថ្ងៃដែលបងប្អូនវីរកងទ័ព១៨រូបដែលថៃឃាត់ខ្លួនដោយខុសច្បាប់និងយកពួកគេទៅដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លូន។

កាលពីថ្ងៃទី ១៧ ខែតុលា ថ្មីៗនេះយើងខ្ញុំ ខំតែរីករាយហើយសង្ឃឹមថា បងប្អូនទាំង១៨រូបនឹងត្រូវដោះលែង ពីព្រោះតែកិច្ចខិតខំរបស់រាជរដ្ឋាភិបាល បានឈានដល់ពង្រាងកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយនឹងភាគីថៃ លើបញ្ហាព្រំដែន ប៉ុន្តែតាមការចុះផ្សាយរបស់សារព័ត៌មានថៃ​ គឺថា យោធាថៃដែលជាអ្នកដែលមានអំណាចពិតប្រាកដនៅលើបញ្ហាដំណោះស្រាយព្រំដែននៅតែបន្តយកលេសដាក់ពួកគេនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដដែលនៅឡើយទេ។

នៅក្នុងស្ថានភាពនេះ យើងខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់និងតាមដានសុខទុក្ខរបស់ពួកគេបន្តទៀត។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជានិងថៃបានរៀបចំកិច្ចប្រជុំដល់ទៅ២ គឺមួយនៅថៃ និង មួយនៅឯប្រទេសម៉ាឡេស៊ីឯណោះ។

យើងខ្ញុំសូមអំពាវនាវឲ្យភាគីថៃដោះលែងពួកគេឲ្យបានឆាប់ ដើម្បីឲ្យពួកគេអាចវិលត្រឡប់មកជួបជុំគ្រួសាររបស់ពួកគេវិញប្រកបដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយក៏សង្ឃឹមថា ភាគីថៃឈប់រកលេសនេះលេសនោះបន្តរក្សាពួកគេបន្តថែមទៀត។

មកដល់ពេលនេះជំហរពិតប្រាកដរបស់កម្ពុជាបានបង្ហាញហើយ គឺកម្ពុជាចង់បានសន្តិភាពនិងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកនៅលើច្បាប់និងលិខិតបទដ្ឋានអន្តរជាតិ ដូច្នេះថៃកុំយកលេសនេះលេសនោះបន្តទៀត។

ថៃរស់នៅក្នុងសន្តិភាពមិនដែលជួបសង្រ្គាម មិនដឹងអំពីទុក្ខវេទនារបស់ប្រជាជនរបស់ទាហាននោះទេ ប៉ុន្តែកម្ពុជាបានដឹងយ៉ាងច្បាស់ ដូច្នេះហើយគឺព្យាយាមដោះស្រាយដោយសន្តិវិធី តែកម្ពុជាក៏មិនខ្លាចនឹងការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។

មកដល់ពេលនេះភាគីថៃនៅតែបន្តអះអាងពីកិច្ចសហការតាមយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែសេចក្តីពិតគឺខ្លួននៅតែសំអាងនៅលើឯកសារហើយជាពិសេសគឺប្រើប្រាស់នូវផែនទីជាឯកតោភាគីដែលគូសដោយយោធាមកបន្តធ្វើជាមូលដ្ឋានដោះស្រាយបញ្ហា។ ក្រៅពីនោះភាគថៃក៏នៅតែបន្តរកមូលហេតុដើម្បីពង្រីកទំនាស់ជាបន្តបន្ទាប់ ខណៈដែលកម្ពុជាកំពុងតែប្រឹងប្រែងអត់ធ្មត់។​

សរុបទៅភាគីថៃគួរតែបញ្ឈប់រុកគួន ហើយពង្រីកទំនាស់បន្តទៀត។ សូមភាគីថៃដោះលែងបងប្អូនវីរៈកងទ័ពទាំង១៨រូប ហើយ ក៏សូមប្រើប្រាស់ឯកសារនិងលិខិតបទដ្ឋានគតិយុទ្ធតាមស្តង់ដាអន្តរជាតិ មិនមែនប្រើប្រាស់តែអ្វីដែលជាឯកសារឯកតោភាគីដែលខ្លួនគូរខ្លួនឯង ហើយយកមកអោយគេគោរព ហើយដើព័ទ្ធរបង ហើយប្រើប្រាស់សម្លេងរំខានប្រជាពលរដ្ឋស្លូតត្រង់ ដូចដែលបានធ្វើជាបន្តបន្ទាប់នោះទេ៕

 

 

Daily Program

Livesteam thumbnail